ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ខ្លួន​មេ​បងធំ​នៅ​សែន​សុខ ដឹកនាំ​បក្ខពួក​ស្ទាក់​វាយ​គេ​តាមផ្លូវ​គ្មាន​មូលហេតុ

ភ្នំពេញ ​៖ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​បង្ក​​ហិង្សា​ដោយ​ចេតនា រួមជាមួយ​បក្ខពួក​របស់គេ​២​នាក់​ទៀត កាលពី​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​១៥​ខែសីហា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​ក្នុងភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ​។​

​ជនដៃដល់​នៅក្នុង​អំពើ​ហិង្សា​នេះ​ឈ្មោះ ឃី សម្បត្តិ អាយុ​២៤​ឆ្នាំ គ្មាន​មុខរបរ​​​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ រីឯ​បក្ខ​ពួក​របស់គេ​២​នាក់​ទៀត​រត់​គេ​ខ្លួន​បាត់ឈ្មោះ ស អាយុ​១៩​ឆ្នាំ និង​ឈ្មោះ រិ​ទ្ឋ អាយុ១៩​ឆ្នាំ។

លោក ស៊ុយ សាក់​សាល​វ៉ា​ទ័​រ អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ជា​ជនរងគ្រោះ​និង​ជាដើម​បណ្តឹង បាន​រាយការណ៍​ប្រាប់​មក​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​យកលុយ​ទៅ​ឲ្យ​គេ​នៅ​ភូមិ​សែន​សុខ​១ ខណៈ​កំពុង​ជិះ​ម៉ូតូ ​ក៏​បាន​ជួប​ឈ្មោះ ឃី សម្បត្តិ ជិះ​បញ្ច្រាស​ទិស​គ្នា តែ​មិនបាន​ប៉ះពារ​ម៉ូតូ​គ្នា​ទេ។

ជនរងគ្រោះ​ក៏បាន​បញ្ជាក់​ថា លុះ​ពេល​ត្រឡប់មកវិញ​ ក៏​ស្រាប់តែ​លេចមុខ​ឈ្មោះ​ឃី សម្បត្តិ ជិះ​ម៉ូតូឌុប​បក្ខពួក​២​នាក់​ទៀត ឈ្មោះ ស និង​ឈ្មោះ រិ​ទ្ឋ តាម​មក​វាយ​គាត់​ពីក្រោយ វាយ​នឹង​ដែក​បណ្តាល​រងរបួស​ធ្ងន់​រយះ​ចេញឈាម ដេរ​៥​ថ្នេរ​។​

​នៅក្នុងពេល​នោះដែរ​ក្រុមគ្រួសារ​គាត់​បាន​នាំ​គាត់​មកប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​តាម​រកឃើញ​ឈ្មោះ ឃី សម្បត្តិ​កំពុង​ឈ​តាមផ្លូវ ចាប់ខ្លួនបាន​ម្នាក់ តែ​បក្ខ​ពួកគេ​២នាក់​ទៀត​រត់គេចខ្លួន​បាត់​។​

​ឈ្មោះ ឃី សម្បត្តិ បាន​សារភាពថា ខ្លួន​ជា​អ្នកដឹកនាំ ឈ្មោះ ស និង​ឈ្មោះ រិ​ទ្ឋ ចាំ​ស្ទាក់​វាយ ជនរងគ្រោះ​ដោយ​ប្រើ​ដែក​អង្គុយ​រង់ចាំ​ស្ទាក់​នៅក្បែរ​របង​វត្ត​សែន​សុខ​ លុះ​ពេល​ឃើញ​ជនរងគ្រោះ ក៏​ជិះ​ម៉ូតូ​ដេញតាម​វាយ​ពីក្រោយ​ដោយ​រូបគេ​ជា​អ្នក​ឌុប​។​

​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​បក្ខ​ពួកគេ​២​នាក់​ទៀត​ដែល​រត់គេចខ្លួន​បញ្ជូន​ទៅ​តុលាការ ចោទ​ពីបទ​បង្ក​​របួស​ស្នាម​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​បណ្តឹង​ចោទ​របស់​ជនរងគ្រោះ៕