ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (CFA) ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពីយប់មិញ

ភ្នំពេញ​៖ សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា (Cambodia FinTech Association ឬ CFA) ដែលជា​ស្ថាប័ន​ចម្រុះ និង​មិន​រកប្រាក់​ចំណេញ ដែលមាន​គោលបំណង​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍន៍​នៃ​វិស័យ FinTech ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​កិច្ចសហការ រវាង​អ្នកចូលរួម​និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ក្នុង​ប្រព័ន្ធ​អេកូ FinTech​ (FinTech Ecosystem) ក្នុងប្រទេស​កម្ពុជា ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រោម​អធិប​តិ​ភាព លោកជំទាវ ជា សេរី អគ្គនាយិកា​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា​, លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ប្រធាន សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ជាច្រើនរូប​មកពី​បណ្ដាល​ប្រទេស​ផ្សេងៗ នៅក្នុង​ទ្វីបអាស៊ី រួមជាមួយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​ផង​ដែរ​។​

​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា គឺជា​ស្ថាប័ន​មួយ ដែល​សមាជិក​របស់ខ្លួន តំណាង​ឲ្យ​ភាគី​ពាក់ព័ន្ធ​គ្រប់​រូបភាព ក្នុង​វិស័យ FinTech ចាប់តាំងពី​ក្រុមហ៊ុន​ច្នៃប្រឌិត ក្នុងដំណាក់កាល​ដំបូង រហូតដល់​ក្រុមហ៊ុន​ធំៗ ដែល​នាំមុខ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​អ្នកផ្តល់​សេវាកម្ម​នានា​។ ដើម្បី​ពង្រឹង​គោលបំណង នៃ​ការអភិវឌ្ឍ​វិស័យ FinTech ក្នុងប្រទេស​កម្ពុជា សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន និង​សមាគម​នានា ពី​ប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក ដើម្បី​សហការ​ទៅលើ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ ទាក់ទង​នឹង​វិស័យ FinTech​។​

​លោក Eddie Lee អនុប្រធាន សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា CFA បាន​ឲ្យ​ដឹងថា ដើម្បី​ជា​កិច្ច​ចាប់ផ្តើម ពួកយើង​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​ជាមួយ​សមាគម អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផ្លូវការ ពី​ប្រទេស​សឹង្ហ​បុរី តៃវ៉ាន់ និង​ថៃ​។ តាមរយៈ​អនុស្សរណៈ​មួយ​នេះ សមាគម​ទាំង​បួន យល់ព្រម​ក្នុងការ​សហការ និង​បន្ត​ចូលរួម​ក្នុង​គោលបំណង រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ នៃ​វិស័យ Fintech ក្នុងប្រទេស​កម្ពុជា និង​ទ្វីបអាស៊ី​។​

​លោក​បាន​បន្តថា យើង​ក៏បាន​ចាប់ផ្តើម​មើលឃើញ​ថា ប្រទេស​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ សម្រាប់​ការចូលរួម​ក្នុង​វិស័យ Fintech​។ កាលពី​ឆ្នាំមុន វេទិការ Fintech ត្រូវបាន​ប្រារព្ធ​ធ្វើឡើង កាលពី​ខែឧសភា ហើយ​ត្រូវ​បានផ្តល់​ជា​កិត្តិយស​ចូលរួម ដោយ​លោកជំទាវ ជា សិរី នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។ ហើយ​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា Block-Chain ដើម្បី​ពិនិត្យមើល​ប្រតិបត្តិការ អន្តរ​ធនាគារ និង​សេវា​កម្ចី​ប្រាក់​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា នឹង​អនុវត្ត​នូវ​ការងារ​សំខាន់ៗ ចំនួន​៤ សម្រាប់​សមាជិក​របស់​ខ្លួន​មានដូចជា​៖

ជា​ជើងឯក – ផ្តល់​ការប្រឹក្សា​ដល់​រដ្ឋាភិបាល និង​និយតករ​ទៅលើ​ការផ្លាស់ប្តូរ គោលនយោបាយ​នានា ដែល​គាំទ្រ​ភាព​ច្នៃប្រឌិត និង​ការរីកលូតលាស់​នៃ Fintech​។​

​ជា​អ្នកផ្តល់ជំនួយ – ផ្តល់​ការស្រាវជ្រាវ ជំនួយ​ផ្នែក​ច្បាប់​/​បទបញ្ញត្តិ ការបញ្ចុះ​តម្លៃ​សម្រាប់​អ្នកផ្តល់​​សេវាកម្ម​ និង​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងៗ​ទៀត ដែល​ជួយ​សមាជិក ក្នុង​ការកសាង និង​ពង្រីក Startup របស់​ពួកគេ​។​

ជា​អ្នក​ផ្សំផ្គុំ – បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទិញ វិនិយោគិន​ឲ្យ​វិនិយោគ និង​អ្នកមាន​ទេពកោសល្យ​ឲ្យ​ចូលរួម ក្នុង​ដំណោះស្រាយ Fintech នានា​។​

​ជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង – ត​ភ្ជាប់​ការបណ្តាក់ទុន (​ធនធាន​) ទេពកោសល្យ (​ការអប់រំ​) និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ក្នុង​ប្រព័ន្ធ​អេកូ Fintech កម្ពុជា និង​ផ្តល់នូវ​ទំនាក់​ទំនាក់​ទៅកាន់​មជ្ឈមណ្ឌល​នានា នៅក្រៅ​ប្រទេស​តាមរយៈ​បណ្តាញ នៃ​កម្មវិធី និង​ដៃគូ​របស់​ពួកយើង​។​

​ជាមួយនឹង​ភាពរឹងមាំ នៃ​អ្នកចូលរួម​ផ្សេងៗ​ទាំងឡាយ ដែល​ត្រូវបាន​ប្រមូលផ្តុំ ដោយ​សមាគម​មួយ​នេះ ពួកយើង​សង្ឃឹមថា វា​នឹង​អាចបង្កើត​កាតា​លី​ស​សម្រាប់​ការអភិវឌ្ឍន៍ នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព សម្រាប់​វិស័យ Fintech នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួររម្លឹកថា សមាគម​អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា បានរៀបចំ​ទីតាំង​ការិយាល័យ ធ្វើ​ការរួម​ទំហំ ៥០០០ ហ្វី​ត ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ក្លាយជា​ទីតាំង​ផ្លូវការ​របស់​សមាគម​នៅ​កម្ពុជា និង​បើក​ជូន​ដល់​ក្រុមហ៊ុន Fintech Startups នានា នៅក្នុង​ត្រីមាស​ចុងក្រោយ​ក្នុង​ឆ្នាំ​២០​១៩ ៕