ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ចិន China Railway Group Limited មាន​បំណង​ចង់​វិនិយោគ រថភ្លើង​ល្បឿន​លឿន នៅ​កម្ពុជា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​ឈ្មោះ China Railway Group Limited តំណាង​ដោយ​លោកស្រី Dai Jiayi បាន​ជួប​សំណេះសំណាល​ពិភាក្សា​មុខ​ជំនួញ ជាមួយ​លោក​ឧកញ៉ា ពង្ស ឃាវ​សែ ប្រធាន​ក្រុមហ៊ុន​កា​ណា​ឌី​ណា កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ បាន​សម្ដែង​ការចាប់អារម្មណ៍ នៅ​ក្នុងការ​វិនិយោគ រថភ្លើង​ល្បឿន​លឿន នៅ​ប្រទេស​កម្ពុជា​។ ​

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន China Railway Group Limited ជា​ក្រុមហ៊ុន​ធំ​មួយ​នៃ​ប្រទេស​ចិន មាន​គម្រោង​មក​ធ្វើការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ឆាប់ៗ​នេះ ហើយ​បាន​បំណង​ចង់​វិនិយោគ​លើ​ផ្នែក​រថភ្លើង​ល្បឿន​លឿន​។ ដំណឹង​នេះ ត្រូវបាន​ចាត់ទុកថា ជា​ដំណឹង​ល្អ​មួយ​សម្រាប់​វិនិយោគិន​ទាំងអស់ ក្នុងការ​ត្រៀមខ្លួន​ដើម្បី​ពង្រីក​អាជីវកម្ម ស្របតាម​ការ​កំពុង​កើនឡើង នៃ​ការវិនិយោគ​ក្នុងប្រទេស​។​

​ក្រុមហ៊ុន China Railway Group Limited ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥៣ និង​ជា​ក្រុមហ៊ុន​ឈរ​លំដាប់​កំពូល ក្នុង​គម្រោង​សំណង់​លំនៅដ្ឋាន និង​ផ្លូវ​រថភ្លើង ក្នុងចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ៧ ក្នុងប្រទេស​ចិន​។

​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ធំ និង​ទំនើប​បំផុត​ក្នុង​វិស័យ​ស្រាវជ្រាវ និង​រចនា ការអភិវឌ្ឍ​អចលនទ្រព្យ ការសាងសង់ សម្ភារៈ​បរិក្ខារ ការតុបតែង ផ្លូវថ្នល់ ស្ពាន គ្រោង​ដែក ការផលិត​ម៉ាស៊ីន ពាណិជ្ជកម្ម​វត្ថុធាតុដើម ។​ល​។ សព្វថ្ងៃ ក្រុមហ៊ុន​នេះ​មាន ២២ សាខា និង​និ​យោ​ជិ​ក​ចំនួន ៨៣៦៦ នាក់ ដែលមាន ៦០០០ នាក់​សុទ្ធសឹង​ជា​បុគ្គលិក​ជំនាញ និង​បច្ចេកទេស និង​ជាង ២០០០ នាក់​ជា​បុគ្គលិក​មាន​តួនាទី​ជា​ក្រុមប្រឹក្សាភិបាល និង​ទុន​សរុប​ចំនួន RMB 2.385 Billion Yuan ដែល​គ្របដណ្ដប់​គ្រប់​ខេត្ត គ្រប់​ក្រុង គ្រប់​តំបន់​នៃ Mainland, តំបន់​សេដ្ឋកិច្ច​ពិសេស Hong Kong និង​មាននៅ​ជាង ២០ ប្រទេស និង​តំបន់​។ ដល់ពេលនេះ ក្រុមហ៊ុន​ក៏បាន​ទទួល​ពានរង្វាន់​ជាតិ​ចំនួន ១១២ សម្រាប់​ភាពជោគជ័យ​របស់ខ្លួន​លើ​គ្រប់​វិស័យ​៕​