ព័ត៍មានទាន់​ហេតុការណ៏
Search

គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ឡើយ ការបោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​គ្មាន​ការតវ៉ា​ឡើយ​

​យោងតាម​សារព័ត៌មាន ឌឹ ហា​ហ្វ៊ី​ង​តុ​ន ប៉ុ​ស្ត៍ (The Huffington Post ) ចេញផ្សាយ​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៦ អ្នកនិពន្ធ​ជនជាតិ​អាមេរិកាំង​ម្នាក់ បាន​សរសេរ​បទ​អត្ថាធិប្បាយ​មួយ ​ដែលមាន​ចំណងជើង​ថា «​បើ​អ្នក​មិន​បោះឆ្នោត​ទេ កុំ​ត្អូញត្អែរ​» ( Don’t Vote, Don’t Complain ) ដែល​អ្នកស្រី​បាន​ពន្យល់ និង​លើកទឹកចិត្ត​ឱ្យ​ជនជាតិ​អាមេរិកាំង ​ដែលមាន​សិទ្ធិ​បោះឆ្នោត​នាំគ្នា​ទៅ​បោះឆ្នោត​នោះ​។​​

អ្នកនិពន្ធ​ដែលមាន​ឈ្មោះថា ឡ​រ៉ិ​ន ហារី​ស ( Lauren Harris ) ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ បាន​ពន្យល់ថា នៅ​សហរដ្ឋអាមេរិក អំណាច​បានមកពី​ប្រជាពលរដ្ឋ​។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ជា​ប្រជាពលរដ្ឋ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។​​

អ្នកស្រី ឡ​រ៉ិ​ន ហារី​ស បានសរសេរថា​៖ «​ប្រសិនបើ​អ្ន​គិតថា ពន្ធដារ​ខ្ពស់​ពេក ឬ​ទាប​ពេក អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។ ប្រសិនបើ​អ្នក​ចង់​ឱ្យគេ​ដំឡើង​ប្រាក់ខែ ​គ្រូបង្រៀន​កូន​របស់​អ្នក អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។ ប្រសិនបើ​អ្នក​គិតថា ​បំណុល​ជាតិ​ខ្ពស់​ពេក អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។ ប្រសិនបើ​អ្នក​ចង់ឱ្យ​សហរដ្ឋអាមេរិក ​ចាត់វិធានកា​រ​ជាក់ស្តែង​ ចំពោះ​ការប្រែប្រួល​អាកាសធាតុ អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។​​

ប្រសិនបើ​អ្នក​គិតថា​លោក ដូ​ណា​ល់ ត្រាំ (Donald Trump ) ជា​មនុស្ស​អាត្មានិយម​ហួសហេតុ អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។ ប្រសិនបើ​អ្នក​គិតថា​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ( Hillary Clinton ) ជា​មនុស្ស​មិន​សុចរិត អ្នក​ត្រូវ​ទៅ​បោះឆ្នោត​។​»

​អ្នកនិពន្ធ​បានសរសេរថា តាមពិត​មាន​មនុស្ស​ច្រើន​អ្នក​នាក់​ណាស់ ​ដែល​បាន​តស៊ូ និង​លះបង់​ជីវិត ទំរាំ​អាចឱ្យ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​នៅពេលនេះ​។ មាន​ជនជាតិ​អាមេរិកាំង ​ដែល​បាន​ទៅ​បោះឆ្នោត​ចំនួន​ជាង​ ៥៨​ភាគរយ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៦ កន្លងមក ចំណែក​ជនជាតិ​អាមេរិកាំង​ចំនួន​ប្រហែល​ពាក់​ក​ណ្ត​ល​ទៀត​ ក្នុងចំណោម​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ប្រមាណ​ជាង​ ២៣០​លាន​នាក់ មិនបាន​ទៅ​បោះឆ្នោត​ឡើយ​។​​

អ្នកស្រី ឡ​រ៉ិ​ន ហារី​ស បាន​សរសេរ​បន្តថា​ចំនួន​ជនជាតិ​អាម​រិ​កាំ​ង ​ដែល​មិនបាន​ទៅ​បោះឆ្នោត មាន​ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត​នៅ​ប្រទេស​អេ​ហ្ស៊ី​ប អាល្លឺម៉ង់ និង​អ៊ីរ៉ង់ ទៅទៀត​។ តើ​អ្នក​គិតថា​សន្លឹកឆ្នោត​របស់​អ្នក ​មិន​សំខាន់​ទេ​ឬ​? អ្នក​ពិតជា​យល់​ខុស​ហើយ​។​​

ទន្ទឹមនឹងនេះ អ្នកស្រី ឡ​រ៉ិ​ន ហារី​ស បាន​និយាយថា អ្នក​ត្រូវ​ចងចាំ​ថា​គណបក្សនយោបាយ​ ដែ​លមាន​ទស្សនៈ​ផ្ទុយ​ពី​អ្នក ពិតជា​មិន​ចង់ឱ្យ​អ្នក​ទៅ​បោះឆ្នោត​ឡើយ​។ ដូច្នេះ អ្នក​ត្រូវ​ចាប់យក​ឱកាស​ក្នុងនាម​ជា​ប្រជាពលរដ្ឋ ហើយ​នាំគ្នា​ទៅ​បោះឆ្នោត​។ ផ្ទុយទៅវិញ «​បើ​អ្នក​មិន​ទៅ​បោះឆ្នោត​ទេ កុំ​ត្អូញត្អែរ​»​។​​

ជាការ​ពិតណាស់ ដូចជា​អ្នកស្រី ឡ​រ៉ិ​ន ហារី​ស បាន​ពន្យល់​នៅក្នុង​បទ​អត្ថាធិប្បាយ​ របស់​អ្នកស្រី​នៅក្នុង​សារព័ត៌មាន ហា​ហ្វ៊ី​ង​តុ​ន ប៉ុ​ស្ត៍ នៅក្នុង​ប្រទេស​ដែល​កាន់​ត​លទ្ធិប្រជាធិបតេយ្យ ការ​ទៅ​បោះឆ្នោត​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​។​​

ប៉ុន្តែ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ យោងតាម​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន​នៃ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​អាណត្តិ​ទី​៦ កន្លងមក​ថ្មីៗ​នេះ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ រហូតដល់​ជាង​​ ៨២​ភាគរយ​ឯណោះ​។​

ទន្ទឹមនឹងនេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា គ​.​ជ​.​ប មិន​បានទទួល​ពាក្យបណ្ដឹង​ ណាមួយ​ពី​គណបក្សនយោបាយ​ទេ ដែល​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី «​ភាពត្រឹមត្រូវ​យុត្តិធម៌ និង​តម្លាភាព​»​។​ ​​

គួរ​បញ្ជាក់ថា លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​និយាយថា ក្រោយ គ​.​ជ​.​ប បាន​ឈប់​ទទួល​ពាក្យបណ្ដឹង ​តវ៉ា​ទាក់ទង​នឹង​លទ្ធផល​ នៃ​ការបោះឆ្នោត​ថា​ក្រោយ​ ៧២​ម៉ោង បន្ទាប់ពី​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​ កាលពី​ថ្ងៃទី​១ ខែសីហា​រួចមក គ្មាន​គណបក្សនយោបាយ​ណាមួយ​ ​ក្នុងចំណោម​គណបក្ស​ចំនួន​ ២០ ​ដែល​បាន​ចូលរួម​ការបោះឆ្នោត​ បាន​ប្ដឹងតវ៉ា​អ្វី​ឡើយ​។

​អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ពន្យល់ថា​មាន​លក្ខខណ្ឌ​ពីរ​សំខាន់​ សម្រាប់​ប្ដឹងតវ៉ា​ប្រឆាំង នឹង​លទ្ធផល​បណ្ដោះអាសន្ន ពោលគឺ​ទី​១ ត្រូវមាន​ភ័ស្តុតាង​បញ្ជាក់​ពី​ភាព មិនប្រក្រតី​ដែល​ប្រព្រឹត្តឡើង​ ដោយ​គណៈកម្មការ​រៀបចំ​ ការបោះឆ្នោត​ថ្នាក់​ណាមួយ ដែល​បាន​អនុវត្ត​ខុសច្បាប់ ​កំណត់​បទបញ្ជា ឬ​នីតិវិធី ។ ទី ២ ត្រូវមាន​ការប្ដឹងតវ៉ា ឬ​ជំទាស់​ទៅនឹង​លទ្ធផល​ នៃ​ការបោះឆ្នោត​ដែល​ពាក្យបណ្ដឹង ​ត្រូវ​បានដាក់​តាំងពី​គណៈកម្មការ​ឃុំ​/​សង្កាត់ រៀបចំ​ការបោះឆ្នោត និង​បន្ត​រហូតដល់ គ​.​ជ​.​ប​។​

«​បើ​យើង​និយាយ​ជាទូទៅ​ វា​បាន​ឆ្លើយតប​នឹង​បច្ចេកទេស​សុទ្ធសាធ ​មាន​ន័យ​ថា អ្វីៗ​ទាំងអស់​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ហើយ​បណ្ដឹង​ទាំងអស់​ត្រូវបាន​ដោះស្រាយ ​ពី​គ្រប់​ថ្នាក់​ទាំងអស់​។ បន្ទាប់ពី​ការបោះឆ្នោត​មក ​យើង​មាន​បណ្ដឹង​ជាង ២៦០០ ដែល​ភាគច្រើន​ជា​បណ្ដឹង​ របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ត្រូវបាន គ​.​ជ​.​ប ដោះស្រាយ​ចប់សព្វគ្រប់​។​» លោក សោម សូ​រី​ដា ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​​ ដកស្រង់​សម្តី នៅក្នុង​អត្ថបទ​ព័ត៌មាន​ចេញផ្សាយ ​នៅ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​លោក សោម សូ​រី​ដា បាន​និយាយថា​ មាន​គណបក្ស​តែមួយ​ប៉ុណ្ណោះ គឺ​គណបក្ស​យុវជន​កម្ពុជា ដែល​បានដាក់​ពាក្យ​បណ្ដឹងតវ៉ា​កាលពី​ថ្ងៃទី​១៣​ខែសីហា ប៉ុន្តែ​បាន​ដក​ពាក្យបណ្ដឹង​វិញ​ក្នុង​ថ្ងៃ​តែមួយ​។

​ជាការ​ពិតណាស់ ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​មក គណបក្សនយោបាយ​មួយចំនួន​ បានទទួល​អាសនៈ​មួយ​តិច ឬ​ច្រើន នៅក្នុង​រដ្ឋសភា ស្របគ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​។ ព្រោះ​ហេតុ​ដូច្នេះហើយ គណបក្សនយោបាយ​ទាំងនោះ​តែងតែ​ធ្វើ​ការតវ៉ា ដោយ​គិតថា​គណបក្ស​របស់ខ្លួន ​ទទួលបាន​សំឡេង​លើសពីនេះ​។​

​ផ្ទុយទៅវិញ នៅក្នុង​ខណៈពេលដែល​លទ្ធផល​បណ្តោះអាសន្ន ​បង្ហា​ញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ​បានឈ្នះ​ឆ្នោត​ដាច់​គេ​ភ្លូកទឹកភ្លូកដី​នោះ គណបក្សនយោបាយ​ដទៃទៀត ក៏​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ប្រឆាំង​តវ៉ា​នោះឡើយ នៅពេលដែល​ពួកគេ​យល់ថា​ការបោះឆ្នោត​នេះ មាន​ភាព​«​ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​» ដូច គ​.​ជ​.​ប បានលើកឡើង​នោះ​។​

​ដូចគ្នានេះដែរ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ចំពោះ​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​ តាម​ការ​ញុះញង់​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​នោះ ពួកគេ​ក៏​គ្មាន​ហេតុផល​ណា ​ដែល​ត្រូវ​ប្រឆាំង​តវ៉ា​នោះដែរ ដូច​អ្នកស្រី ឡ​រ៉ិ​ន ហារី​ស បាន​សរសេរ​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់​អ្នកស្រី​៖ «​បើ​អ្នក​មិន​ទៅ​បោះឆ្នោត​ទេ កុំ​ត្អូញត្អែរ​» (Don’t Vote, Don’t Complain) ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684