ព័ត៍មានទាន់​ហេតុការណ៏
Search

​ទោះបី​មាន​សភា​ឯក​បក្ស កម្ពុជា​ នៅតែ​ជា​ប្រទេស ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​

ដូចជា​លទ្ធផល​បណ្តោះអាសន្ន​បានបង្ហាញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ជា​សាធារណៈ​នូវ​លទ្ធផល​ជា​ផ្លូវការ ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា ​បានឈ្នះ​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភាជាតិ ដែលជា​ជ័យជម្នះ​ផ្តាច់មុខ​ លើក​ទី​១ ​ក្នុង​រយៈពេល​២៥​ឆ្នាំកន្លងមក ចាប់តាំងពី​ការបោះឆ្នោត​សម័យ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣​មក​។​

យោងតាម​លទ្ធផល​ផ្លូវការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៤ ៨៨៩ ១១៣ សំឡេង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ថិតនៅ​លំដាប់​ទី​២ និង​ទទួលបាន ៣៧៤ ៥១០ សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ស្ថិតនៅ​លំដាប់​ទី​៣ និង​ទទួលបាន ៣០៩-៣៦៤ សំឡេង ចំណែក​គណបក្ស​ឆន្ទៈ​ខ្មែរ ស្ថិតនៅ​លំដាប់​ទី​៤ និង​ទទួលបាន ២១២ ៨៦៩ សំឡេង​។​

​គួរ​បញ្ជាក់ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន ៨៣៨០២១៧ នាក់​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន ប្រជាពលរដ្ឋ​ចំនួន ៦ ៩៥៦ ៩០០ នាក់ (​ស្មើនឹង ៨៣,០២ ភាគរយ​) បាន​ទៅ​បោះឆ្នោត កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ កន្លងមកនេះ​។​

ទន្ទឹមនឹងនេះ បន្ទាប់ពី​លទ្ធផល​ផ្លូវការ​ត្រូវបាន​ប្រកាស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​បង្ហោះ​នៅលើ​ទំព័រ​បណ្តាញ​សង្គម​របស់​សម្តេច ហើយ​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទូទាំងប្រទេស​។

«​នេះ​សបញ្ជាក់​ឱ្យឃើញ​ច្បាស់​ថា បងប្អូន​ជនរួមជាតិ​មាន​ជំនឿ​ទុកចិត្ត​ឥត​ងាករេ លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ​របស់​គណបក្ស​ប្រជាជន ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​បងប្អូន​បានសម្រេច​ចិត្ត ​ជ្រើសរើស​សន្តិភាព ការអភិវឌ្ឍ និង​បន្ត​ចាក់ឫស​ប្រជាធិបតេយ្យ​ជាសំខាន់​បំផុត​ សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​។​» សម្តេច​តេ​ជោ បាន​សរសេរ ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។​

​ជាការ​ពិតណាស់ ទោះបីជា​នៅក្នុង​នីតិកាល​ទី​៦​នេះ រដ្ឋសភា​កម្ពុជា​នឹង​ក្លាយជា​រដ្ឋសភា​ឯក​បក្ស​ក្តី កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស ​កាន់​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​ដដែល ផ្ទុយ​ពី​ការរិះគន់​មួយចំនួន ​របស់​អន្តរជាតិ​ដែលថា​ «​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ កំពុង​ដើរ​ថយក្រោយ​» ​នោះ​។​

លទ្ធិប្រជាធិបតេយ្យ ​មិនមែន​ឆ្លុះបញ្ចាំង​នៅលើ​សភា​ឯក​បក្ស ឬ​រដ្ឋាភិបាល​ឯក​បក្ស​នោះទេ ពោលគឺ​វា​អាស្រ័យទៅលើ​ដំណើរការ​នៃ​ការបោះឆ្នោត​តែប៉ុណ្ណោះ ថា​តើ​វា​ជាការ​បោះឆ្នោត​ពហុបក្ស ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឬ​យ៉ាងណា​។ ចំណែក​គណបក្ស​មួយ​បានឈ្នះ​ឆ្នោត​ដាច់​គេ និង​ទទួលបាន​អ​សនៈ​ទាំងអស់​ នៅក្នុង​រដ្ឋសភា ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ គ្រាន់តែ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ អា​ស្រ័​ទៅលើ​ប្រជាប្រិយភាព​របស់​គណបក្ស​នោះ និង​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ ​ដែល​ទៅ​បោះឆ្នោត​តែប៉ុណ្ណោះ​។​

​ដូចជា​នៅក្នុង​ការបោះឆ្នោត​ប្រចាំខេត្ត​ នៅ​ប្រទេស​កាណាដា​នៅ​ឆ្នាំ​១៩៣១ និង​នៅ​ឆ្នាំ​១៩៨៧ គណបក្សនយោបាយ​មួយ​ បានឈ្នះ​អ​សនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា ដែល​ធ្វើឱ្យ​អង្គនីតិបញ្ញត្តិ​ប្រចាំខេត្ត​ ក្លាយជា​សភា​ឯក​បក្ស​នោះ​។ ទោះបីជា​យ៉ាងណា នៅពេលនោះ ប្រទេស​កាណាដា​នៅតែ​គេ​ចាត់ទុកថា ​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដដែល​។​

​យោងតាម​សព្ទ​វចនាធិប្បាយ វី​ឃី​ភី​ឌា នៅក្នុង​ការបោះឆ្នោត​សភា​លើក​ទី​៥១​ប្រចាំខេត្ត ញូ ប្រាន់​ស្វី​ក (New Brunswick) ប្រទេស​កាណាដា នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​១៩៨៧ គណបក្ស​សេរីនិយម (Liberal Party) បាន​ផ្តួល​គណបក្ស​អភិរក្ស​ជឿនលឿន (Progressive Conservative)​ ​និង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ ដោយ​ទទួលបាន​អ​សនៈ​ទាំងអស់ ​សរុប ​៥៨ នៅក្នុង​រដ្ឋសភា​ប្រចាំខេត្ត ញូ ប្រាន់​ស្វី​ក​។​

​ជាថ្មី​ម្តងទៀត​ ​នៅ​ឆ្នាំ​១៩៣៥ គណបក្ស​អភិរក្ស (Conservative Party) បាន​ជាប់ឆ្នោត និង​ដណ្តើមយក​អាសនៈ​ទាំង​៣០​នៅក្នុង​សភា ប្រចាំខេត្ត ព្រី​នស៍ អិដ​វើដ អាយ​លែ​ន​ដ៍ (Prince Edward Island) ពី​គណបក្ស​សេរីនិយម ក្នុងខណៈ​ពេលដែល​វិបត្តិ​សេដ្ឋកិច្ច​កំពុង​រួមរឹត​ប្រទេស​កាណាដា អង់គ្លេស និង​សហរដ្ឋអាមេរិក ចាប់ពី​ឆ្នាំ​១៩៣១​មក​។​

​អ្វីដែល​កាន់តែ​បង្ហាញថា​ ប្រទេស​កម្ពុជា​នៅតែ​ដើរ​តាម​មាគ៌ា​ នៃ​លទ្ធិប្រជាធិបតេយ្យ​នោះ គឺ​នៅក្នុងពេល​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​បាន​អញ្ជើញ​គណបក្សនយោបាយ​ដទៃទៀត​ ឱ្យចូល​រួម​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល​ថ្មី ដែល​នឹង​បង្កើតឡើង​ទៀតផង​។​

គួររំឭកថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និង​កម្មការិនី នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥​ខែសីហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បាន​អញ្ជើញ​គណបក្សនយោបាយ​ ទាំង​១៩​ដែល​បាន​ចូលរួម​បោះឆ្នោត ឱ្យចូល​រួម «​វេទិកា​ពិគ្រោះ​យោបល់​» និង​សន្យា​ឱ្យ​ពួកគេ​អាច​ផ្តល់យោបល់ ​លើ​សេចក្ដីព្រាងច្បាប់ រាយការណ៍ និង​តាមដាន​ការអនុវត្ត ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ថែមទៀត​ផង​។​

«​បើទោះបី​សភា​មាន​ប៉ុន្មាន​គណបក្ស​ក៏ដោយ ខ្ញុំ​ចង់​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​ រវាង​រាជរដ្ឋាភិបាល និង​បណ្ដា​បក្ស​ដែល​ចូលរួម​បោះឆ្នោត​។ ជា​វេទិកា​ថ្មី​មួយ​នៅក្នុង​អាណត្តិ​ទី ៦​។​» សម្តេច​តេ​ជោ បានលើកឡើង​។​

សម្តេច​បាន​បន្ថែមថា​៖ «​ខ្ញុំ​ចង់ឱ្យមាន​វេទិកា​នេះ​កើតឡើង ដែល​វា​ជា​វេទិកា​ពិគ្រោះ​យោបល់​មួយ​ក្រៅផ្លូវការ ដែល​វា​នឹង​អាចជា​ធាតុ​ចូល ​នៃ​បណ្ដា​បក្សនយោបាយ​ដែល​ផ្តល់ជូន​មក​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ដែល​គេ​មាន​ចំពោះ​ការចូលរួមចំណែក ដើម្បី​កសាង​ប្រទេស ហើយ​គេ​ក៏​បញ្ជ្រាប​នយោបាយ​របស់​ពួកគេ បក្ស​គេ ទៅក្នុង​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយក៏​គេ​អាច​ទទួលបាន​ការគាំទ្រ​នៅ​អាណត្តិ​ក្រោយ​ផងដែរ​។ វា​ជា​ផលប្រយោជន៍​ទាំងអស់គ្នា ផលប្រយោជន៍​នៃ​ការ​សុខសាន្ត​សុខដុមរ​មនា​ក្នុង​សង្គមជាតិ បង្កើតឡើង​នូវ​វប្បធម៌​សន្ទនា​រវាង​បក្ស​ក្នុង​រដ្ឋាភិបាល និង​បក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ក្រៅ​សភា​។​»

នៅក្នុង​ឱកាស​នេះ កាសែត​កម្ពុ​ជាថ្មី​សូម​លើកទឹកចិត្ត ​ដល់​គណបក្ស​ទាំងអស់​ឱ្យទទួល​យក​ នូវ​ការអញ្ជើញ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ចូលរួម​នៅក្នុង​ «​វេទិកា​ពិគ្រោះ​យោបល់​»​ ដែល​នឹង​បង្កើតឡើង​នេះ​។​

នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី​សូម​អំពាវនាវ​ជាថ្មី​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ឈប់​រិះគន់ និង​ប្រឆាំង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុ​ជាថ្មីៗ​នេះ ហើយ​អនុញាតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានឈ្នះ​ឆ្នោត​នោះ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ទៅតាម​កាលបរិច្ឆេទ​ដែល​បានកំណត់​៕ (បទ​វិចារណកថា​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)