ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រឡាយ​បឹង​សាឡាង ​នឹង​ប្រែ​មុខមាត់​ថ្មី នា​ពេល​ឆាប់ៗ​ខាងមុខនេះ ​ខណៈ​ការ​បុក​ស៊ី​ផាយ​មាត់​ប្រឡាយ​សម្រេច​បាន​ជាង​៧០​ភាគរយ​ហើយ

ភ្នំពេញ ​៖​ ដើម្បី​កាត់បន្ថយ​ការ​លិចលង់​ ដោយ​ជំនន់​ទឹកភ្លៀង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ក្នុង​ស្តារ លាង​សំអាត​លូ​ និង​ប្រឡាយ ការបុក​ស៊ី​ផាយ​នៅ​ជញ្ជាំង​ប្រឡាយ រួម​ទាំង​ការស្ថាបនា​ស្ថានីយ​បូមទឹក​ថ្មីៗ​ជាច្រើន​កន្លែង​ទៀត​ផង​ដែរ។

ដើម្បី​ជំរុញ​លើ​ការងារ​នេះ​ អោយ​បាន​លឿន ត្រឹមត្រូវ​តាម​គម្រោង​បច្ចេកទេស​របស់​រដ្ឋបាល​រាជធានី ​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែ​សីហា ​ឆ្នាំ​២១០៨​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ តែ​ឯកឯង​នៅ​ប្រឡាយ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​ខណៈ​ដែល​ប្រឡាយ​នេះ ​បាន​និង​កំពុង​បុក​ស៊ី​ផាយ​បាន​ជាង​៧០​ភាគរយ​ហើយ​នោះ។

បើតាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ព័ត៌មាន​នៃ​ការ​ចុះ​ដោយ​ផ្ទាល់​តែ​ឯកឯង ទៅ​មើល​ប្រឡាយ​បឹង​សាឡាង​ពី​សំណាក់​អភិបាល​រាជធានី​នេះ បាន​និយាយថា ការចុះពិនិត្យ​ដោយផ្ទាល់​នេះ គឺ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ចង់បាន​ឃើញ​ដោយផ្ទាល់​ភ្នែក​ចំពោះ​ការដ្ឋាន​ខាងលើ​ថា តើ​ក្រុមការងារ​អនុវត្ត​ដល់​កម្រិត​ណា​ត្រូវ​តាម​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឬទេ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ពី​ភាព​សាមញ្ញ​ និង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ផងដែរ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​សីហា​នេះ​ថា ប្រឡាយ​បឹង​សាឡាង​ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​នេះ ការបុក​ស៊ី​ផាយ​បានសម្រេច​ប្រមាណ​៧០​ភាគរយ​ហើយ ដើម្បី​កាត់បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ហើយក៏​ដើម្បី​លើក​សោភណភាព​មាត់​ប្រឡាយ​អោយ​មាន​សោភណភាពល្អប្រសើរ​ផងដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​បើក​ការដ្ឋាន​បុក​ស៊ី​ផាយ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​ហើយ កាល​ថ្ងៃទី​១៦ ​ខែ​មីនាឆ្នាំ​២០១៨ កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ជីក​ស្តារ​ប្រឡាយ និង​កាយ​ប្រមូល​សំរាម​ពី​ប្រឡាយ​បឹង​សាឡាង​នេះ​ផងដែរ ដោយ​ចាប់ពី​ផ្លូវ​លេខ​២៣០ ដល់​ផ្លូវ​លេខ​២៧១ ក្នុង​បឹង​សាឡាង ខណ្ឌទួលគោក ដើម្បី​រំដោះ​ទឹក​កុំ​អោយ​លិចលង់​នៅ​រដូវវស្សា​នេះ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិន​មាន​ការ​យល់ដឹង​យកស​ម្រាម​មក​បោះ​ចូលក្នុង​ប្រឡាយ​បឹង​សាឡាង​នេះ​យ៉ាងច្រើន​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114