ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ មាន​កំហុស​ធ្ងន់ធ្ងរ​ ចំពោះ​ការដាក់ទណ្ឌកម្ម​ ទិដ្ឋាការ ​បន្ថែម​លើ​កម្ពុជា​

យោងតាម​សេចក្តី​រាយ​ការ ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ផ្សាយ​នៅ​យប់​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក​ មាន​គម្រោង​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ បន្ថែម​ពីលើ​ការដាក់កំហិត​ទិដ្ឋាការ ​ដែល​បានដាក់​កាលពី​ឆ្នាំ​២០១៧ លើ​បុគ្គល​ទាំងឡាយណា​ ដែល​សហរដ្ឋអាមេរិក​ចោទប្រកាន់ថា ​ពាក់ព័ន្ធ​នឹង «​ការបំផ្លិចបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​កម្ពុ​ជ‍ា​» ​ស្អី​គេ​នោះ​។​​

គួរ​បញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​ក ​បានប្រកាស​ដូច្នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បានប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ ​កាល​កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​នេះ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បានឈ្នះ​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា នៅក្នុង​ការបោះឆ្នោត​សភា នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងមកនេះ​។​

«​ការពង្រីក​បន្ថែម​នូវ​ការដាក់កំហិត​ លើ​ការធ្វើដំណើរ​ចូលមក ក្នុង​សហរដ្ឋអាមេរិក​នេះ អាចដាក់​លើ​បុគ្គល​ទាំង​នៅក្នុង និង​ក្រៅ​រដ្ឋាភិបាល​កម្ពុជា ដែលជា​អ្នកទទួលខុសត្រូវ ​លើ​ទង្វើ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ​ ដែល​បាន​ធ្វើឡើង​នៅក្នុង​ដំណាក់កាល ​មុន​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី​២៩​ខែ​កក្ក​ដ‍ា​។ ក្នុង​ករណីខ្លះ ក្រុមគ្រួសារ​របស់​អ្នក​ទាំងនោះ ​ក៏​ទទួល​នូវ​ការដាក់កំហិត​នេះ​ផងដែ​រ‍​។ » អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ ដែលមាន​ឈ្មោះ ហ៊ី​ដឺ​រ៍ ណោ​អឺដ ( Heather Nauert ) បាន​និយាយ​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​១៦​ខែសីហា​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​រូបនេះ ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ជំរុញ​មានការ​ផ្សះផ្សា​ជាតិ អនុញ្ញាត​ឱ្យមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល​ អាចបំពេញ​មុខងា​របា​ន​ ក៏​ដូច​ការដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត និង​លុបចោល​នូវ​បម្រាម​ហាម​គណបក្សប្រឆាំង​ មិនឱ្យ​ធ្វើ​នយោបាយ​ជាដើម​។​

​ជាការ​ពិតណាស់ ដូច​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ ប្រទេស​កម្ពុ​ជាមាន​អធិបតេយ្យភាព​របស់ខ្លួន ហើយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ​ខែកក្កដា​កន្លងមកនេះ ក៏​ទទួលបាន​នូវ​ការគាំទ្រ ​ពី​ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ទោះបីជា​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួនទៀត ​មិនបាន​បញ្ជូន​អ្នកសង្កេតការណ៍ ​របស់​ខ្លួន​មក​ចូលរួម​ក្តី​។


«​យើង​មិនអាច​លក់​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​បានទេ យើង​មិនអាច​លក់​ឆន្ទៈ​ របស់​ប្រជាជន​ ដែល​បាន​បោះឆ្នោតឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើយ យើង​មិនអាច​ព្រងើយកន្តើយ ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បានទេ​។ នៅក្នុង​ការបោះឆ្នោត​លើក​មុន​ អាយ៉ង​របស់​សហរដ្ឋអាមេរិក ​មិនបាន​ទទួលយក​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​សម្តេច ហ៊ុន សែន​បាន​បង្កើត​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ដោយ​បង្កើត «​វប្បធម៌​សន្ទនា​» ប៉ុន្តែ​វា​បរាជ័យ​។​» លោក ផៃ ស៊ី​ផាន បាន​ឆ្លើយតប​ ទៅ​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក​វិញ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​លោក​បាន​បន្ថែមថា​៖ «​ឥឡូវនេះ ទោះបី​សម្តេច ហ៊ុន សែន ទទួលបាន​ជ័យជម្នះ​ ភ្លូកទឹកភ្លូកដី ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ហៅ «​លទ្ធិប្រជាធិបតេយ្យ ហ៊ុន សែន​» គឺថា​គាត់​បើក​ចិត្ត​ដល់​គណបក្ស​ក្រៅ​សភា​ ឱ្យ​អាច​ជជែក​វែកញែក​ជាមួយ​ គណបក្ស​ប្រជាជន ​បាន​តាមរយៈ​វេទិកា​»​។​

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា​ ការដាក់កំហិត​ទិដ្ឋាការ​មកលើ​កម្ពុជា ក៏ដូចជា​ការដាក់ទណ្ឌកម្ម​ដទៃទៀត មិន​គ្រាន់តែ​ជាការ​ជ្រៀតជ្រែក ​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​ របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​មិនមាន​ប្រសិទ្ធភាព ​នោះឡើយ ដូចជា​ការដាក់ទណ្ឌកម្ម ​ទៅលើ​ប្រទេស​មី​យ៉ាន​ម៉ា ​ដោយ​សហភាព​អឺរ៉ុប​ កន្លងមក​ដូច្នេះ​ដែរ​។​

​គួរ​រំឭក​ជាថ្មី​ថា យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន​អាល្លឺម៉ង់ ឌី​ដា​ប់ប​ល​យូ (DW) ចេញផ្សាយ​នៅ​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១០​កន្លងមក បានឱ្យដឹងថា​អ្នកជំនាញការ​នានា​ បាន​និយាយថា​ ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​ភូមា ​ដោយ​សហភាព​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​នោះ គឺជា​វិធានការ​ខុសឆ្គង និង​ផ្តល់​ផល​អវិជ្ជមាន​ទៅវិញ​។​

 

សារព័ត៌មាន​អាល្លឺម៉ង់​មួយ​នេះ បាន​ពន្យល់ថា ​គោលបំណង​នៃ​ការដាក់ទណ្ឌកម្ម ​របស់​សហភាព​អឺរ៉ុប សំដៅ​ធ្វើឱ្យ​របប​យោធា​ភូមា​ចុះខ្សោយ បន្ទាប់ពី​ពួកគេ​បាន​គ្រប់គ្រង​ប្រទេស​ ចាប់តាំងពី​ឆ្នាំ​១៩៦២​មក​។ ទោះបីជា​យ៉ាងណា អ្នកជំនាញការ​នានា​ បាន​និយាយ​នៅ​ឆ្នាំ​២០១០​នោះ​ថា បន្ទាប់ពី​ដាក់ទណ្ឌកម្ម​ អស់​រយៈពេល​១៤​ឆ្នាំ វា​ដល់ពេល​ដែល​គេ​ត្រូវ​ទទួលស្គាល់ថា វា​មិនមាន​ប្រសិទ្ធភាព​នោះទេ​។​

«​ការដាក់ទណ្ឌកម្ម ​រប​ស់​សហភាព​អឺរ៉ុប​ប្រឆាំងនឹង​មី​យ៉ាន់​ម៉ា វា​បរាជ័យ​យូរណាស់​មកហើយ ដូចជា​ការដាក់ទណ្ឌកម្ម​ភាគច្រើន (​ទៅលើ​ប្រទេស​ផ្សេងទៀត​)​នោះ​។​» លោក នី​ក្លាស ស្វាន់​ស្ត្រូ​ម (Niklas Swanström) អ្នកជំនាញការ​លើ​បញ្ហា​ភូមា និង​ជានា​យក​វិទ្យាស្ថាន​ សម្រាប់​គោលនយោបាយ​សន្តិសុខ និង​ការអភិវឌ្ឍ ដែលមាន​មូលដ្ឋាន​ នៅ​ទីក្រុង​ស្តុក​ខូ​ម ប្រទេស​ស៊ុយអែត បាន​និយាយ ​នៅក្នុង​របាយកាណ៍​របស់​លោក​។

​លោក នី​ក្លាស ស្វាន់​ស្ត្រូ​ម បាន​និយាយ​បន្តថា​៖ «​អ្វីដែល​យើង​មើលឃើញ ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​នាពេល​បច្ចុប្បន្ននេះ មិនមែនជា​រដ្ឋាភិបាល ​ដែល​ចុះខ្សោយ និង​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​នោះឡើយ ប៉ុន្តែ​គឺជា​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ ដែល​កាន់តែ​រឹងមាំ​ទៅលើ​ធនធាន និង​ប្រជាជន និង​ការធ្វើទំនាក់ទំនង​ ដែល​កាន់​តែមាន​ឥទ្ធិពល​ ជាមួយ​ប្រទេស​ចិន ឥណ្ឌា ថៃ រុស្ស៊ី និង​ដៃគូ​ផ្សេងទៀត ដោយ​ធ្វើឱ្យ​ទំនាក់ទំនង និង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប កាន់តែ​ឃ្លាតឆ្ងាយ​ទៅ​។​»​

សរុបមក ដូចជា​អ្នកនាំពាក្យ​ទីស្តីការរដ្ឋមន្ត្រី ​នៃ​ប្រទេស​កម្ពុជា និង​អ្នកជំនាញការ​អឺរ៉ុប​បានលើកឡើង ការដាក់កំហិត​ទិដ្ឋាការ និង​ការដាក់ទណ្ឌកម្ម​ដទៃទៀត ​មកលើ​កម្ពុជា​ដោយ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប វា​មិនមាន​ប្រសិទ្ធភាព​នោះឡើយ ហើយ​វា​គ្រាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង​ រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ កាន់តែ​ធ្លាក់​ដុនដាប​តែប៉ុណ្ណោះ​។​

​ជាការ​ពិតណាស់ សហរដ្ឋអាមេរិក ​មិនគួរ​បំផ្លាញ​ផលប្រយោជន៍​ខ្លួនឯង និង​រំលោភ​លើ​អធិបតេយ្យភាព​ប្រទេស​កម្ពុជា ដើម្បី​ការពារ​អតីតមន្ត្រី​គណបក្សប្រឆាំង​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​ មកលើ​ប្រជាពលរដ្ឋ​ខ្មែរ ​រាប់សិប​លាន​នាក់​នោះ​។ សហរដ្ឋអាមេរិក គួរ​ពិចារណា​ឡើងវិញ ថា​តើ​ការដាក់ទណ្ឌកម្ម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​ផលចំណេញ ឬ​ខាត​នោះ​៕ (បទ​វិចារណកថា​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)