ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ត្រូវបង្កើត​រាជរដ្ឋាភិបាល​ថ្មី​តាម​ព្រះរាជ​បញ្ជា រីឯ​ក្រុមប្រឆាំង​នានា​ក៏ត្រូវ​គោរព​តាម​

កាសែត​កម្ពុ​ជាថ្មី សូម​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ​ដែល​សម្តេច​ព្រះបរមនាថ ព្រះបាទ នរោត្តម សីហមុនី ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ និង​ចាត់តាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦ និង​ឱ្យ​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី ក្រោយ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា ​បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងមកនេះ​។​

ជាការ​ពិតណាស់ សេចក្តីប្រកាស​តែងតាំង​សម្តេច​តេ​ជោ​ ជា​នាយករដ្ឋមន្ត្រី និង​ការ​ត្រាស់បង្គាប់​ឱ្យ​បង្កើត​ រាជរដ្ឋាភិបាល​ថ្មី​នេះ​ដោយ​អង្គ​ព្រះមហាក្សត្រ បាន​ទម្លាយ​នូវ​មន្ទិលសង្ស័យ​ ក្នុងចំណោម​សហគមន៍​អន្តរជាតិ និង​ក្រុម​អ្នកប្រឆាំង​ឱ្យ​យល់​ជ្រាប​ច្បាស់​ថា ការបោះឆ្នោត​កន្លងមក​ថ្មីៗ​នេះ​ មិនមែនជា​ការបោះឆ្នោត​ «​ក្លែងក្លាយ​» ​នោះឡើយ ហើយ​ពួកគេ​ក៏​ចាំបាច់​ត្រូវ​បញ្ឈប់​ការប្រឆាំង​តវ៉ា​របស់​ពួកគេ​ដែរ​។​

គួរ​បញ្ជាក់ថា ព្រះរាជក្រឹត្យ​ដែល​ត្រូវបាន​ឡាយ​ព្រះ​ហត្ថលេខា​ ដោយ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​នេះ គឺជា​ការឆ្លើយតប ​ចំពោះ​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ស្តីពី​ការស្នើសុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី និង​ទ្រង់​យល់​សេចក្តី​ក្រាម​បង្គំ​ទូលថ្វាយ ​របស់​សម្តេច​ព​ញាច​ក្រី ហេង សំរិន​។​

«​ត្រាស់បង្គាប់​មាត្រា​១ ចាត់តាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​។ មាត្រា​៣ ព្រះរាជក្រឹត្យ​នេះ​ចូល​ជា​ធរមាន ចាប់​ពីថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​» ព្រះរាជក្រឹត្យ​របស់​អង្គ​ព្រះមហាក្សត្រ បានបញ្ជាក់​។​

ទន្ទឹមនឹងនេះ ក្រោយពី​បានទទួល​ព្រះរាជក្រឹត្យ​ ត្រាស់បង្គាប់​ពី​អង្គ​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​មួយច្បាប់ នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​នេះ ដើម្បី​សម្តែង​នូវ​អំណរ​ព្រះ​គុណ​ដល់​ព្រះមហាក្សត្រ ដែល​ទ្រង់​ព្រះរាជទាន​ចាត់តាំង ​សម្តេច​ជា​នាយករដ្ឋមន្ត្រី សម្រាប់​អណ​ត្តិ​ទី​៦​នេះ​។​

«​តប​នឹង​ព្រះរាជក្រឹត្យ​ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ ជា​អ​ម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ​ នឹង​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល បញ្ជូនទៅ​ព្រឹទ្ធសមាជិក​នៃ​រដ្ឋសភា នីតិកាល​ទី​៦ ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត​ ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨ ខាងមុខនេះ​។​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​។​

​បន្ទាប់ពី​មានការ​ចេញ​សេចក្តី​ត្រាស់បង្គាប់​ ពី​អង្គ​ព្រះមហាក្សត្រ តាំង​តែង​សម្តេច​តេ​ជោ​ ជា​នាយករដ្ឋមន្ត្រី ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​នោះ ការប្រឆាំង​ណាមួយ​ចំពោះ​លទ្ធផល​ នៃ​ការបោះឆ្នោត​កន្លងមក​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ បានឈ្នះ​អ​សនៈ​ទាំង​១២៥​ក្នុង​សភា​នោះ មិន​គ្រាន់តែ​ជាការ​ប្រឆាំង​ ចំពោះ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលជា​ម្ចាស់ឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជាការ​ប្រមាថ ​ចំពោះ​ព្រះរាជ​ក្រិត​របស់​អង្គ​ព្រះមហាក្សត្រ​ទៀតផង​។​

​ដូច​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​ជាប់ឆ្នោត​ថ្មី​ របស់​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ ទោះបីជា​ក្នុង​សភា​មាន​បក្ស​តែមួយ ប៉ុន្តែ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ​នឹង​ពិចារណា​ទទួលយក​ធន​ធាន​មនុស្ស​ ដែល​មកពី​គណបក្ស​ផ្សេងទៀត​ ដែល​មិន​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។​

«​រដ្ឋសភា​យើង​ធ្វើដំណើរ​ទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ ប៉ុន្តែ​ចំពោះ​រាជរដ្ឋាភិបាល ​ដែល​នឹង​បង្កើតឡើង​ ដែល​សម្ដេច​ដឹកនាំ​នេះ ក៏​មិន​ប្រាកដថា ​យក​បក្ស​តែមួយ​ដែរ គឺ​យើង​ស្វាគមន៍​ធនធានមនុស្ស ​មកពី​គណបក្ស​ដទៃ បន្ទាប់​នៅពេលដែល​រដ្ឋសភា​ត្រូវបាន​បង្កើត​ហើយ​។​» លោក សួស យ៉ា​រ៉ា បានបញ្ជាក់។​

​លោក សួស យ៉ា​រ៉ា បាន​និយាយថា ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺជា​គណបក្ស​ប្រកាន់យក «​ប្រជាធិបតេយ្យ​និយម​កណ្ដាល​» ដែលមាន​លក្ខណពិសេស​ខុសពី​បណ្ដា​ប្រទេស​សង្គមនិយម​ ដែលមាន​គណបក្ស​តែមួយ​គ្រប់គ្រង​ប្រទេស​។ លោក សួស យ៉ា​រ៉ា បាន​ពន្យល់ថា គណបក្ស​ប្រជាជន​កម្ពុ​ជា មាន​លក្ខណៈ​ពិសេស​បីយ៉ាង ពោលគឺ ទី​១) កម្ពុជា​មានការ​បោះឆ្នោត​ជា​ទៀងទាត់ ​រៀងរាល់​៥​ឆ្នាំ​ម្ដង ទី​២) កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារសេរី ដែលមាន​ការប្រកួតប្រជែង និង​ទី​៣) អនុញ្ញាត​ឱ្យមាន​សេរីភាព ​ក្នុងការ​បញ្ចេញមតិ​។​

ជាថ្មី​ម្តងទៀត កាសែត​កម្ពុ​ជាថ្មី​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ ក៏ដូចជា​អតីតមន្ត្រី និង​អ្នកគាំទ្រ​គណបក្សប្រឆាំង ឱ្យ​ឈប់​ប្រឆាំង​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត និង​អនុញាតឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុ​ជាថ្មី​ស្របតាម​ព្រះរាជ​តំរិះ​របស់​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដល​ទ្រង់​បាន​ត្រាស់បង្គាប់​ឱ្យ​សម្តេច​រៀបចំ​បង្កើត​អង្គនីតិប្រតិបត្តិ​ថ្មី សម្រាប់​អាណត្តិ​ទី​៦​នេះ​៕