ព័ត៍មានទាន់​ហេតុការណ៏
Search

អាស៊ី​អឺរ៉ុប ប៉ះ​អគ្គីសនី​កម្ពុជា ហើយ​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ទ័ព ប៉ះ​ប៉ូលីស ល្ងាច​ថ្ងៃអាទិត្យ​នេះ

ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ (​ទ័ព​) ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ប្រចាំ​សប្ដាហ៍​ទី​១៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018)​។

*​អាស៊ី​អឺរ៉ុប ប៉ះ​អគ្គីសនី​កម្ពុជា​
​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ មែនទែនទៅ​ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​នោះទេ ប៉ុន្តែ​ដោយសារ​មានការ​បាក់​ទំនប់​ហើយ​បណ្តាលឱ្យ​ទឹក​ហូរ​ចូល​ពេញ​បរិវេណ​កីឡដ្ឋាន​ជាហេតុ​មិនអាច​ប្រកួត​បាន​ទើប CNCC សម្រេច​ប្តូរ​ទីលាន​ប្រកួត​បែបនេះ​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៨ បណ្ដោះអាសន្ន​ក្នុង​តារាង​រួម​ដែល​មាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​១៧​លើក ឈ្នះ​បាន​៦​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៨​លើក មាន​២៤​ពិន្ទុ​ក្នុង​ដៃ​។ ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ក្រោយ​រក​គ្រាប់​បាន​២០​គ្រាប់​ម្នាក់ឯង​កន្លងមក​នេះ​។​

​ចំណែក​ក្រុម​អគ្គីសនី​កម្ពុជា មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ​នោះទេ ក្រោយ​ប្រកួត​ឈ្នះ​បាន​១​លើក ស្មើគ្នា​២​លើក និង​ចាញ់​១៤​លើក​ក្នុង​ប្រកួត​កន្លងមក​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​នេះ​បានដាក់​គោលដៅ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់ នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្រុម​នេះ​ទើបតែ​ខកចិត្ត​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

*​វេ​ស្ទើ​ន ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង
ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក CNCC​។ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ទើបតែ​រកបាន​ពិន្ទុ​លើកដំបូង កាលពីពេល​ថ្មីៗ​ក្រោយ​ឆ្លងកាត់​១៧​ប្រកួត​មកនេះ​។ ក្រុម​នេះ​កំពុង​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​ម៉ាឡេស៊ី លោក FIZOL BIN A.RAZAK​។ ឆ្លងកាត់​ការប្រកួត​មួយរយៈ​ពេលនេះ​មក​លោក​បាន​មើលឃើញ​ពី​កម្រិត​ប្រកួតប្រជែង​និង​តម្រូវការ​ទាមទារ​នៅក្នុង​លី​គ​កម្ពុជា ដែលជា​បទពិសោធ​ល្អ​សម្រាប់​កីឡាករ​ក្មេងៗ​របស់លោក​ក៏ដូចជា​សម្រាប់​លោក​ផ្ទាល់​ផងដែរ​។​

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង មួយរយៈ​ចុងក្រោយ​នេះ​ហាក់​ជួប​បញ្ហា​រឿង​កីឡាករ​របួស​និង​កីឡាករ​សំខាន់ៗ​ជាប់​ពិន័យ​ពី​សំណាក់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សរសើរ​កូនក្រុម​ក្នុង​ប្រកួត​ចុងក្រោយ​ដែល​ធ្វើ​បានល្អ​។ យ៉ាងណា​លោក​បាន​ដោះដូរ​កីឡាករ​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដើម្បី​ត្រៀម​ជើង​ទី​២​នេះ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៧​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៦​លើក​ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​។​

*​ក្រុម​ក្រសួងការពារជាតិ ជួប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ កីឡាករ​របួស​និង​កីឡាករ​មួយចំនួន​ចាកចេញ​ជា​បញ្ហា​ប្រឈម​របស់​ក្រុម​ក្រសួងការពារជាតិ នាពេល​បច្ចុប្បន្ន​។ ក្នុង​ជើង​ទី​២​នេះ​ក្លិប​បាន​បន្ថែម​កីឡាករ​សំខាន់ៗ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការ​របូត​ពិន្ទុ​ពី​ដៃ ខណៈ​ក្រុម​នេះ​នៅសល់​ឱកាស​ប្រជែង​កំពូល​តារាង​នៅឡើយ​។ ងាក​ទៅ​មើល​១៧​ប្រកួត​មកនេះ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​បាន​១១​លើក ស្មើ​២​លើក​និង​ចាញ់​៤​លើក ឈរ​លេខ​៤ បណ្តោះអាសន្ន​។​

​ចំណែក​ក្រុម​ប៉ូលីស វិញ​កំពុង​ឈរ​លេខ​៦ ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៧​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៧​លើក​។ លោក នុត សូ​នី គ្រូបង្វឹក​ក្រុម​នេះ​រំពឹងថា​កូនក្រុម​នឹងធ្វើ​បានល្អ​បន្ថែមទៀត​ក្នុង​ប្រកួត​នៅពេល​ខាងមុខៗ ស្របពេល​មាន​កីឡាករ​ស្ទើរតែ​ពាក់កណ្ដាល​ក្រុម ទើបតែ​បញ្ចប់​បំពេញ​កាតព្វកិច្ច​នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​។ ម្យ៉ាងទៀត​ក្លិប​មាន​កីឡាករ​សំខាន់​ម្នាក់​បាន​ផ្ទេរចេញ​គឺ ទិ​ត្យ ឌី​ណា ទៅ​ចូលរួម​វិសាខា ខណៈ​ក្លិប​បាន​បន្ថែម​កម្លាំង​ចំនួន​២​នាក់​វិញ​គឺ សុះ ប្រុស ហ៊ីម និង​កីឡាករ​កូរ៉េខាងត្បូង No Dae-ho៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114