ព័ត៌មានជាតិ
ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃ ដែលថា “ពលករខ្មែរចាកចេញពីថៃដោយសារការគំរាមដកសញ្ជាតិ និងរឹបអូសដីធ្លី”
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦សីហានេះ បានប្រកាសច្រានចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។

លោក ស៊ុន មេសា បញ្ជាក់ថា “ខ្ញុំសូមច្រានចោលការលើកឡើងរបស់កាសែតថៃនេះដែលជារឿយៗផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិសូមមេត្តាកុំជឿលើការផ្សាយនេះឱ្យសោះ”។ ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃប្រមាណ៧៥ម៉ឺននាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅប្រទេសថៃសូមបន្តវិលមកស្រុកកំណើតយើងវិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និងមិនឱ្យតម្លៃ។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួងការងារបាននិងកំពុងធ្វើយុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរដែលទើបត្រលប់មកពីប្រទេសថៃនៅតាមឃុំចំនួន៣០០កន្លែងនៅទូទាំងប្រទេស។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យពលរដ្ឋខ្មែរនៅក្នុងស្រុកមេត្តាជួយផ្សព្វផ្សាយស្តីពីឱកាសការងារដ៏ច្រើនសម្បូរបែបរបស់កម្ពុជាដែលយើងមានឱកាសការងារទាំងថ្មី និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញសូមទាក់ទងតាមលេខទូរសព្ទ ១២៩៧”៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


