ព័ត៌មានអន្ដរជាតិ
ត្រាំ ដំឡើងពន្ធលើឥណ្ឌាដល់ ៥០% ហើយគំរាមចិនដូចគ្នា ជុំវិញការទិញប្រេងរុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានប្រកាសដំឡើងពន្ធ ២៥ ភាគរយ បន្ថែមពីលើពន្ធ ២៥ ភាគរយ ដែលមានស្រាប់ លើទំនិញនាំចូលពីឥណ្ឌា ដើម្បីជា «ការពិន័យ» ប្រទេសនេះជុំវិញការទិញប្រេងរបស់រុស្ស៊ី។

លោកក៏បានគំរាមដំឡើងពន្ធថ្មីលើចិនផងដែរ ចំពោះការទិញប្រេងរុស្ស៊ីដូចគ្នា ទោះបីជាសង្រ្គាមពន្ធចាស់មិនទាន់ដោះស្រាយរួចក៏ដោយក្ដី ដែលនេះគឺជាកិច្ចប្រឹងប្រែងដាក់គំនាប ឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែន។
ក្នុងអធិបញ្ជាកាលពីថ្ងៃពុធ លោក ត្រាំ បាននិយាយថា ការបន្តសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បង្កើតបានជា «ភាពអាសន្នជាតិ» ដូច្នេះហើយ វា «ចាំបាច់ និងសមស្រប» ដើម្បីដាក់ពន្ធបន្ថែមលើឥណ្ឌា ដែលជាអតិថិជនដ៏សំខាន់នៃផលិតផលប្រេងរបស់រុស្ស៊ី។
លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំឃើញថា រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នកំពុងនាំចូលប្រេងពីសហព័ន្ធរុស្ស៊ីដោយផ្ទាល់ ឬដោយប្រយោល»។

ពន្ធ ៥០ ភាគរយ នេះ នឹងចូលជាធរមានក្នុងរយៈពេល ២១ ថ្ងៃបន្ទាប់ពីការប្រកាស ដោយទុកពេលដើម្បីឱ្យឥណ្ឌា និងសហរដ្ឋអាមេរិកសម្រាប់ចរចាគ្នា ខណៈការគំរាមរបស់លោក ត្រាំ បានបង្កជាភាពតានតឹង និងភាគស្មុគស្មាញសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២រួចហើយ។
ក្រៅតែពីឥណ្ឌា មានតែប្រេស៊ីលប៉ុណ្នោះ ដែលរងពន្ធ ៥០ ភាគរយ របស់ ត្រាំ ខណៈប្រទេសទាំង២ សុទ្ធសឹងតែជាសមាជិករបស់អង្គការ BRICS ដឹកនាំដោយចិន និងរុស្ស៊ី។ យ៉ាងណាមិញ អ្វីគួរឱ្យកត់សម្គាល់គឺថា ឥណ្ឌា និងប្រេស៊ីល ហាក់មិនចុះញ៉មនឹងការគំរាមរបស់លោក ត្រាំ នោះទេ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសឥណ្ឌាបានហៅការដំឡើងពន្ធរបស់ ត្រាំ ថា «អយុត្តិធម៌ មិនសមហេតុផល និងមិនអាចបង្ហាញភាពត្រឹមត្រូវ»។ ក្រសួងចោទជាសំណួរថា ហេតុអ្វីបានជាឥណ្ឌាត្រូវរងទណ្ឌកម្មពន្ធបន្ថែម ខណៈប្រទេសនាំចូលប្រេងពីរុស្ស៊ីផ្សេងទៀតមិនទទួលរង។

កន្លងមក ឥណ្ឌាតែងតែហៅលោកខាងលិច រួមទាំងសហភាពអឺរ៉ុប ថា «លាក់ពុធ» ចំពោះ «ការបង្ខំ» ឱ្យខ្លួនឈប់ទិញប្រេងរុស្ស៊ី ខណៈពួកគេនៅតែទិញថាមពលពីរុស្ស៊ី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃពុធដដែល បាននិយាយថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់យើងលើបញ្ហាទាំងនេះ រួមទាំងការពិតដែលថា ការនាំចូលរបស់យើងគឺផ្អែកលើកត្តាទីផ្សារ និងក្នុងគោលបំណងការធានាសន្តិសុខថាមពលរបស់ប្រជាជនឥណ្ឌា ចំនួន ១,៤ ប៊ីលាននាក់»។ ក្រសួងបន្ថែមថា៖ «ឥណ្ឌានឹងចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន»។
ក្រៅតែពីឥណ្ឌា លោក ត្រាំ បានគំរាមបន្ថែមពន្ធដូចគ្នាទៅលើចិន ដែលជាអតិថិជនទិញប្រេងដ៏ធំរបស់រុស្ស៊ី។ លោកបានប្រាប់អ្នកយកព័ត៌មាន ដោយមិនបញ្ជាក់ជាលម្អិតថា៖ «វាអាចកើតឡើង។ ខ្ញុំមិនអាចប្រាប់អ្នកបានទេ។ យើងបានធ្វើវាដាក់ឥណ្ឌា។ យើងនឹងធ្វើដាក់លើប្រទេស២ ឬ៣ ផ្សេងទៀត។ ក្នុងចំណោមនោះ អាចជាប្រទេសចិន»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


