ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ប្រទេស​អូស្ត្រាលី អ្នក​អាច​ជាប់ពន្ធនាគារ ១០ ឆ្នាំ ប្រសិនបើ​អ្នក​មិន​ប្រគល់​លេខ​សម្ងាត់ ចូល​ប្រើ​ទូរស័ព្ទ​របស់​អ្នក ទៅឱ្យ​ប៉ូលិស​

​ប្រទេស​អូស្ត្រាលី បាន​ចេះ​ច្បាប់​ថ្មី​ដ៏​តឹងរឹង​មួយ ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​នៅក្នុង​ពិភពលោក យល់ព្រម​ប្រគល់​ទិន្នន័យ​ផ្ទាល់ខ្លួន​ឲ្យ​ទៅ​អ្នក​ដ៏​ទៃ ខណៈដែល​បណ្តា​ប្រទេស​លោកខាងលិច​ដទៃទៀត កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​បែបនេះ ដោយផ្ទាល់​ខ្លួន​។​

​ច្បាប់​ដែលមាន​ស្រាប់​រួចទៅហើយ​នោះ អាចដាក់​ពន្ធនាគារ​រ​ហូត​ដល់​ទៅ​២​ឆ្នាំ សម្រាប់​អ្នក​ដែល​មិន​ចូលរួម​ផ្ដល់ព័ត៌មាន ឲ្យ​ទៅសមត្ថកិច្ច ក្នុងការ​ស៊ើបអង្កេត​បទ​ឧក្រិដ្ឋកម្ម​ធំៗ ដែល​ត្រូវបាន​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​ច្បាប់​ថ្មី​ដែល​ត្រូវបាន​ដាក់ចេញ សម្រាប់​ការពិគ្រោះ​យោបល់​ជា​សាធារណៈ មុនពេលបោះឆ្នោត​អនុម័ត​នៅ​ចុង​ឆ្នាំនេះ បាន​បង្កើន​ការផ្តន្ទាទោស​រហូតដល់​ទៅ ១០ ឆ្នាំ​។​

​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អូស្ត្រាលី បាន​និយាយថា ឯកសារ​នេះ កំពុង​ស្វែងរក​ការឆ្លើយតប ដោយ​សម​ហេតុផល​និង​សមាមាត្រ ចំពោះ​ការរំលោភបំពាន​បែបនេះ​។​

“​ការ​បំ​លែង​ព័ត៌មាន ក្នុង​គោលបំណង​កុំ​ឲ្យ​គេ​អាន​បាន (Encryption) និង​ទម្រង់​ផ្សេងទៀត នៃ​ការការពារ​ក្នុង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច … កំពុង​ត្រូវ​ប្រើប្រាស់​ដោយ​ភេរវជន ពិរុទ្ធជន​ផ្លូវភេទ​លើ​កុមារ និង​អង្គការ​ឧក្រិដ្ឋកម្ម ដើម្បី​បិទបាំង​ការ​ប្រ​ព្រឹ​ត្ដ​ខុសច្បាប់​របស់ខ្លួន​។ ការទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ទូរគមនាគមន៍ ក្នុងសម័យ​ទំនើប សម្រាប់​បញ្ចប់​ការខុសច្បាប់ គឺជា​ឧបសគ្គ​សំខាន់​មួយ ចំពោះ​ការទទួលបាន​សិទ្ធិ​ស្របច្បាប់ នៃ​ការទំនាក់ទំនង ដោយ​ភ្នាក់ងារ​សមត្ថកិច្ច និង​ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី​។​” នេះ​បើតាម​ការលើកឡើង នៅក្នុង​សេចក្តី​ផ្ដើម​នៃ​ច្បាប់​ថ្មី​មួយ​នោះ​។​

​ដើម្បី​ផ្តល់​ទម្ងន់ ដល់​សំណើ​របស់ខ្លួន ក្រសួង​មួយ​នេះ បានផ្តល់​នូវ​ឧទាហរណ៍ នៃ​អ្នក​ចាប់រំលោភ​កុមារី​ម្នាក់ ដែល​បាន​ប្រើ​សារ​តាមរយៈ​ទូរស័ព្ទ​ចល័ត ដើម្បី​ផ្តល់​ថ្នាំញៀន​ដល់​មនុ​ស្សវ័យ​ជំទង់​ មិន​គ្រប់​អាយុ ជា​ថ្នូរ​នឹង​ការ​រួមភេទ​។​

​នៅ​ក្នុងករណី​សិក្សា បាន​លើកឡើងថា “​ជនល្មើស​ត្រូវបាន​ចាប់ខ្លួន ហើយ​ទូរស័ព្ទដៃ​របស់គាត់ ត្រូវបាន​រឹបអូស ប៉ុន្តែ​ទោះបីជា មានច្បាប់​ តម្រូវឱ្យ​ផ្ដល់​លេខ​សម្ងាត់ ដើម្បី​ចូល​ប្រើប្រាស់​ទូរស័ព្ទ​របស់គាត់​ក៏ដោយ ក៏​គាត់​បាន​បដិសេធ​មិន​ផ្តល់ លេខ​សម្ងាត់​របស់គាត់​ដែរ​។ ដោយសារតែ​មិនមាន​លទ្ធភាព ប្រើប្រាស់​ទូរស័ព្ទ​របស់​គាត់ ក៏ដូចជា​យក​ការពិត ដែលថា​គាត់​បាន​ប្រើ​វិធីសាស្ត្រ តាមរយៈ​កម្មវិធី​ទំនាក់ទំនង​ដូចជា Snapchat និង Facebook Messenger ដែល​កម្មវិធី​ទាំងនោះ បាន​បំ​លែង​ទៅជា​អក្សរ​មិនអាច​អាន​បាន ប៉ូលីស Victoria មិនអាច​ប្រើប្រាស់​ភ័ស្តុតាង​ណាមួយ ដែល​អាចជួយ​ពួកគេ ឱ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​កាត់ទោស និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ និង​បទល្មើស​បន្ថែម​ផ្សេងទៀត​បាន​នោះទេ​។​​

សហរដ្ឋអាមេរិក គ្មាន​ការអនុវត្ត​ស្តង់ដារ​ណាមួយ សម្រាប់​សេណា​រី​យ៉ូ​បែបនេះ​ទេ ហើយ​មាន​ការជជែក​វែកញែក តាម​ផ្នែក​ច្បាប់​ថា តើ​ការស្នើសុំ​ពី​ប៉ូលីស ដោយមាន​ឬ​គ្មាន​ដីកា គឺជា​ការរំលោភ​ទៅលើ​សិទ្ធិ​ រដ្ឋធម្មនុញ្ញ​ឬ​យ៉ាងណា​។ បុរស​ម្នាក់​នៅ​រដ្ឋ​ផ្លរីដា ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល ៦ ខែ​ ពីបទ​មើលងាយ​តុលាការ កាលពី​ខែកក្កដា ដោយសារតែ​មិន​ផ្ដល់​លេខ​សម្ងាត់ ដើម្បី​ឆែក​ទូរស័ព្ទដៃ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​។ នៅ​ចក្រភព​អង់គ្លេស ក៏បាន​ប្រើការ​មើលងាយ​តុលាការ សម្រាប់​ករណី​ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​ការកាត់ទោស​ជាទូទៅ ត្រូវបាន​វាស់វែង​ក្នុង​រយៈពេល​ តែ​ប៉ុន្មាន​ខែ មិនមែន​ប៉ុន្មាន​ឆ្នាំ​នោះទេ​៕​