ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខែ្មរ​ បង្ហាញ​គំរូ​ក្នុងការ​ចូលរួម​​ វេទិកា​ពិគ្រោះ​យោបល់​

កាសែត​កម្ពុ​ជាថ្មី សូម​សម្តែង​នូវ​ការអបអរសាទរ និង​កោតសរសើរ​ដល់​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បានចូលរួម​នៅក្នុង​ «​វេទិកា​ពិគ្រោះ​យោបល់​» ដែ​លសម្តេចនាយក​រដ្ឋ ហ៊ុន សែន បាន​បង្កើតឡើង បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បានឈ្នះ​អ​សនៈ​នៅក្នុង​រដ្ឋសភា​ទាំងអស់​ នៅក្នុង​ការបោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

គួរ​បញ្ជាក់ថា លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​របស់លោក​នឹងចូលរួម​ នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ខាងមុខនេះ​។​

«​យើង​សម្រេច​ចូលរួម ​ដើម្បី​កែប្រែ​ភាព​អសកម្ម​មួយចំនួន ​នៅក្នុង​សង្គមជាតិ​ខ្មែរ​យើង​។ យើង​បានសម្រេច​ លើកយក​បញ្ហា​តម្លៃ​កសិកម្ម ច្បាប់​ចូលសញ្ជាតិ​ខ្មែរ​ថ្មី និង​ការរើសអើង​នយោបាយ​ នៅតាម​មូលដ្ឋាន​។ រឿង​មាន​ឥទ្ធិពល​ដល់​កម្រិតណា​នោះ ខ្ញុំ​មិនទាន់​អាច​វាយតម្លៃ​បានទេ​។​» ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ បាន​និយាយ​។​​

ទន្ទឹមនឹងនេះ លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏បានចូលរួម​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​នេះដែរ។​

ជាការ​ពិតណាស់ ដូច​លោក ពេជ្រ ស្រស់ បានលើកឡើងថា វេទិកា​ពិគ្រោះ​យោបល់ គឺជា​ឱកាស​ដ៏​ពិ​សេសមួយ​ ដែល​គណបក្សនយោបាយ​ទាំង​១៩ ​ដែល​មិនមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​ អាច​ចួ​ល​រួមចំណែក​ផ្តល់​អនុសាសន៍​ ដល់​រាជរដ្ឋាភិបាល​ថ្មី ដើម្បី​ជួយ​កែប្រែ​នូវ​ភាព​អសកម្ម និង​ចំណុច​អវិជ្ជមាន​ផ្សេងៗ​ ដែល​រាជរដ្ឋាភិបាល​មិនអាច​មើលឃើញ ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​។​

​ទន្ទឹមនឹងនេះ ការចូលរួម​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ ក៏​អាច​ផ្តល់ឱកាស​ឱ្យ​គណបក្ស​ ដែល​មិនមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​លើកឡើង​នូវ​ក្តីកង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​ដែល​គាំទ្រ​គណបក្ស​របស់ខ្លួន​ ដាក់ជូនទៅ​រាជរដ្ឋាភិបាល ដូចគ្នា​នឹង​គណបក្ស ​ដែលមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​ធ្វើ​ដូច្នេះ​ដែរ​។​

​កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា គណបក្សនយោបាយ​ដទៃទៀត​ ក៏​គួរ​យក​គំរូ​តាម​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ហើយ​ចូលរួម​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ ដែល​បាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល។​

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី ក៏មាន​សេចក្តីសោកស្តាយ​ ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានប្រកាស​បដិសេធ​ នូ​វ​ការអញ្ជើញ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​គម្រោង​ជួប​ជាមួយ​តំណាង​គណបក្សនយោបាយ​នានា​ ក្នុង​វេទិកា​ពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល និង​គណបក្សនយោបាយ​ជា​លើកដំបូង នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​​

គួរ​បញ្ជាក់ថា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​មួយ​ ត្រាស់បង្គាប់​ឱ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែសីហា​នេះ ដោយ​ទ្រង់​បានបញ្ជាក់​ក្នុង​មាត្រ ​២ នៃ​ព្រះរាជក្រឹត្យ​ថា​៖ «​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ភារកិច្ច​រៀបចំ​សមាសភាព​ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​សេចក្ដីអនុម័ត ​ទុកចិត្ត​ពី​រដ្ឋសភា​» និង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ ​ឡាយព្រះហស្ថលេខា​តទៅ​។​​

ជាការ​ពិតណាស់ ការ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ការតែងតាំង​សម្តេច​តេ​ជោ​ ជា​នាយករដ្ឋមន្ត្រី​បន្ត​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺជា​មោទនភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​។ ជាពិសេស​ទៅទៀត​នោះ ការតាំង​ចិត្ត​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​កែប្រែ​កិច្ចសន្យារបស់​សម្តេច ​ឱ្យទៅជា​សកម្មភាព​ជាក់ស្តែង​នោះ សបញ្ជាក់​ថា​​ ជម្រើស​រប​ស់​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ពិតជា​ត្រឹមត្រូវ​យ៉ាងពិត​ប្រាកដ​មែន​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​នេះ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋ ​មិនឱ្យ​ខកបំណង​នោះឡើយ ដោយ​សម្តេច​នឹង​បន្ត​ខិតខំ​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅក្នុង​អាណត្តិ​ថ្មី​នេះ​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក្រោយពី​ទទួលបាន​ការ​ត្រាស់បង្គាប់ ​ចាត់តាំង​ពី​ព្រះមហាក្សត្រ ជា​នាយករដ្ឋមន្ត្រី​បន្តទៀត​នោះ​។​

«​ខ្ញុំ​ប្តេជ្ញា​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ​មិនឱ្យ​ខកបំណង​ឡើយ ហើយនឹង​បន្ត​ខិតខំ​កសាង​អភិវឌ្ឍន៍ ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ បងប្អូន​ត្រូវ​ចងចាំ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​របស់​យើងទាំងអស់គ្នា ហើយ​ជ័យ​ជំ​នៈ​របស់​គណបក្ស​ប្រជាជន គឺជា​ជោគជ័យ​រួម​របស់​កម្ពុជា​ទាំងមូល​។ សូម​ជូនពរ​បងប្អូន​ បាន​សប្បាយរីករាយ​ជួបជុំ​ក្រុមគ្រួសារ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទាំងអស់គ្នា​។​» សម្តេច​តេ​ជោ ហ៊ុនសែន បាន​សរសេរ​នៅក្នុង​ទំព័រ​ ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។​

​យោងតាម​ពេលវេលា ​ដែល​បានកំណត់ រដ្ឋសភា​ថ្មី​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង ​នៅ​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ ហើយ​រាជរដ្ឋាភិបាល​ថ្មី​ក៏​នឹងត្រូវ​បង្កើតឡើង​នៅ​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨ ខាងមុខនេះ​ផងដែរ​។​

​ទោះបីជា​យ៉ាងណាក្តី មុននឹង​រដ្ឋសភា​បើកប្រជុំ​ជា​លើកដំបូង កាសែត​កម្ពុ​ជាថ្មី ​សូម​លើកទឹកចិត្ត​ដល់​គណបក្សនយោបាយ​ផ្សេងៗ​ ដែល​មិនមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា ចាប់យក​ឱកាស​នៃ​ការអញ្ជើញ​ របស់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ចូលរួម​នៅក្នុង ​«​វេទិកា​ពិគ្រោះ​យោបល់​»​ ដែល​បានបង្កើតឡើង​នៅពេលនេះ​។​

​ជាថ្មី​ម្តងទៀត កាសែត​កម្ពុ​ជាថ្មី​ ក៏​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ និង​ក្រុម​អ្នកប្រឆាំង​ ឱ្យ​បញ្ឈប់​នូវ​ការប្រឆាំង​តវ៉ា​របស់ខ្លួន ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​មក​ថ្មីៗ​នេះ ហើយ​បែរមក​គាំទ្រ និង​សហការ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​ថែរក្សា​សុខសន្តិភាព និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​គ្រប់​វិស័យ​នោះ​៕