ព័ត៍មានទាន់​ហេតុការណ៏
Search

ខណៈពេល​វេទិកា​ពិគ្រោះ​យោបល់​ចាប់ផ្តើម ការរិះគន់​លើ​លទ្ធិប្រជាធិបតេយ្យ​ នៅកម្ពុជា​គួរ​បញ្ចប់​

យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន​នានា បានឱ្យដឹងថា គណបក្សនយោបាយ​ចំនួន​១៥​​ ក្នុងចំណោម​គណបក្ស​ចំនួន​១៩​ ដែល​មិន​បានឈ្នះ​អ​សនៈ​នៅក្នុង​រដ្ឋសភា នៅក្នុង​ការបោះឆ្នោត ​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​កន្លងមកនេះ បាន​ចូលរួម​នៅក្នុង​វេទិកា​ ពិគ្រោះ​យោបល់​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​ដូច​សម្តេច​តេ​ជោ​បានលើកឡើង​កន្លងមក វេទិកា​ពិគ្រោះ​យោបល់ ដែល​ធ្វើឡើង​នៅ​វិមាន​រាជរដ្ឋាភិបាល​នោះ មាន​គោលបំណង​ លើក​យកមក​ពិភាក្សា​នូវ​ការងារ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​​ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ ​

គួរ​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំង​ ១៥ ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នេះ​រួមមាន​៖ ១) គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២) គណបក្ស​ពន្លឺ​ថ្មី ៣) គណបក្ស​សញ្ជាតិ​កម្ពុជា ៤) គណបក្ស​ខ្មែរ​ក្រោក ៥) គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៦) គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៧)​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៨) គណបក្ស​រស្មី​ខេមរា ៩) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១០) គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ១១) គណបក្ស​យុវជន​កម្ពុជា ១២) គណបក្ស​ធម្មាធិបតេយ្យ ១៣) គណបក្ស​ឆន្ទៈ​ខ្មែរ ១៤) គណបក្ស​ជនជាតិដើម ​ប្រជាធិបតេយ្យ​កម្ពុជា និង ១៥) គណបក្ស​ខ្មែរ​តែមួយ​។

​ចំណែក​គណបក្សនយោបាយ​ចំនួន ​៤​ផ្សេងទៀត​ដែល​មិនបាន​ ចូលរួម​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​នេះ រួមមាន គណបក្ស​មាតុភូមិ​យើង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ក្នុងខណៈ​ពេលដែល​វេទិកា​ពិគ្រោះ​យោបល់​នេះ​ បានចាប់ផ្តើម សហគមន៍​អន្តរជាតិ និង​ក្រុម​អ្នកប្រឆាំង​ទាំងអស់ ​គួរតែ​ឈប់​ចោទប្រកាន់ថា «​លទ្ធិប្រជាធិបតេយ្យ​ នៅក្នុង​ប្រទេស​កម្ពុជា ​កំពុង​ដើរ​ថយក្រោយ​»​ នោះដែរ​។​

 

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​យល់ថា ការបង្កើត​វេទិកា​ពិគ្រោះ​យោបល់​នេះ ក៏បាន​ជួយ​ឆ្លុះបញ្ចាំង​នូវ​ប្រជាធិបតេយ្យ​ភាព​ នៅក្នុង​ប្រទេស​កម្ពុជា ផ្ទុយស្រឡះ​ពី​ទស្សនៈ​របស់​ក្រុម​អ្នក​រិះគន់​នោះ​។​

យើង​អាច​និយាយបានថា ទោះបីជា​គណបក្ស​ដទៃទៀត ​មិនមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា ការ​បង្កើតជា​វេទិកា​ពិគ្រោះ​យោបល់​នៅតែ​អាចឱ្យ​យើង ​ចាត់ទុក​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​ថ្មី​នេះ គឺជា​ប្រភេទ​នៃ​លទ្ធិប្រជាធិបតេយ្យ​តំណាង ( Representative Democracy ) ដដែល​។​

​យោងតាម​សព្វវចនាធិប្បាយ វី​ឃី​ភី​ឌា លទ្ធិប្រជាធិបតេយ្យ​តំណាង ឬ​លទ្ធិប្រជាធិបតេយ្យ​ប្រយោល ឬ​មិនផ្ទាល់ ( Indirect Democracy) គឺជា​ប្រភេទ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ត្រូវបាន​បង្កើតឡើង​ ផ្អែកលើ​គោលការណ៍​នៃ​មន្ត្រី ​ដែល​ជាប់ឆ្នោត​ធ្វើជា​តំណាង​របស់​ក្រុមមនុស្ស ​ដែល​បោះឆ្នោតឱ្យ​ខ្លួន​នៅក្នុង​រដ្ឋសភា​ នៃ​ប្រទេស​នីមួយៗ​។​

​អំណាច​របស់​អ្នក​ធ្វើជា​តំណាង ជាទូទៅ​ត្រូវបាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ ដូចជា​លទ្ធិប្រជាធិបតេយ្យ​ អាស្រ័យ​រដ្ឋធម្មនុញ្ញ ( Constitutional Democracy ) ឬ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ( Constitutional Monarchy ) ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម ដើម្បីឱ្យ​អំណាច​ជា​តំណាង​មាន​តុល្យភាព​។​​

ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី មានជំនឿថា​ ការផ្តួចផ្តើម​គំនិត ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​បង្កើតឡើង​នូវ​ «​វេទិកា​ពិគ្រោះ​យោបល់​» ពិតជា​ឆ្លុះបញ្ចាំង​នូវ​ការពិចារណា​ ក៏​ជ្រាលជ្រៅ​របស់​សម្តេច ដើម្បី​រក្សា​នូវ​គោលការណ៍​ នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ឱ្យនៅតែ​ជា​លទ្ធិប្រជាធិបតេយ្យ​តំណាង ក្នុង​កាលៈទេសៈ​ដែល​គណបក្ស​ដទៃ​ មិនមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា នៅ​អាណត្តិ​ទី​៦​នេះ​។​

​ទោះបីជា​យ៉ាងណាក្តី យើង​សង្ឃឹមថា​គណបក្ស​ដទៃទៀត ​នឹង​អាច​ឈ្នះ​បាន​អ​សនៈ​ខ្លះ​នៅក្នុង​រដ្ឋសភា នៅក្នុង​ការបោះឆ្នោត​សកល​ក្នុង​រយៈពេល ​៥​ឆ្នាំ ​ខាងមុខ​ទៀត ហើយ​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​ នឹង​ក្លាយជា​រដ្ឋសភា​តំណាងឱ្យ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ពេញលេញ​នោះ​។​​

ដូច​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​កន្លងមក​ វេ​ទិ​កាពិ​គ្រោះ​យោបល់​នេះ ជាការ​បង្ហាញឱ្យឃើញ​ពី​ការឯកភាព​ជាតិ​យ៉ាងពិត​ប្រាកដ តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ ​នៅក្នុង​ប្រទេស​កម្ពុជា និង​ឈានដល់​ការបង្កើតឡើង​នូវ ​«​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​» ​រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​តែម្តង​។​

​ជាការ​ពិតណាស់ ក្នុងខណៈ​ពេលដែល​វេទិកា​ពិគ្រោះ​យោបល់​ ចាប់ផ្តើម​ដំណើរការ​នោះ វា​ក៏​ល្មម​ដល់​ពេលដែល​សហគមន៍​អន្តរជាតិ និង​ក្រុម​អ្នកប្រឆាំង ឈប់​រិះគន់ និង​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​ នៃ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​នោះដែរ​។​​

ណ្ហើយចុះ កាសែត​កម្ពុ​ជាថ្មី​គិតថា​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា ទាំង​ក្នុង និង​ក្រៅប្រទេស រាប់ពាន់​លាន​នាក់​នោះបានទេ​។

​ដូច្នេះ ដរាបណា​សម្តេច​អាច​ថែរក្សា​សុខសន្តិភាព និង​ជម្រុញ​នូវ​ការអភិវឌ្ឍ​ជូន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ​១៥​លាន​នាក់​នោះ វា​គឺជា​ការ​គ្រប់គ្រាន់​ពេក​ណាស់​ទៅហើយ ទោះបីជា​សហគមន៍​អន្តរជាតិ និង​ក្រុម​អ្នកប្រឆាំង​ រិះគន់​យ៉ាងម៉េច ក៏​ស្រេច​តែ​គេ​ទៅ​ចុះ​៕ (បទ​វិចារណកថា​​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)​