ព័ត៍មានទាន់​ហេតុការណ៏
Search

ការវិភាគ​វិជ្ជមាន ​អំពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ​អាចជា​សញ្ញា​ល្អ​ក្នុងការ​ស្តារ​ទំនាក់ទំនង ​ជាមួយ​កម្ពុ​ជា​

ក្នុងពេល​ថ្មីៗ​នេះ អ្នកវិភាគ​នយោបាយ​ខ្មែរ និង​បរទេស បាន​វិភាគ​ថា ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ​ដែល​នឹងត្រូវ​ទទួល​តំណែង​បន្ត ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​ខាងមុខនេះ អាចជួយ​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង ​នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា ដែល​បាន​ធ្លាក់ចុះ​ដុនដាប ក្រោយពី​សហរដ្ឋអាមេរិក​ ដាក់ទណ្ឌកម្ម​ទិដ្ឋាការ និង​បង្កក​ទ្រព្យធន​របស់​មន្ត្រី​កម្ពុជា​ មួយចំនួន​នោះ​។​

​អ្នកវិភាគ​នយោបាយ​ក្នុងស្រុក​ម្នាក់ ពោលគឺ​លោក​បណ្ឌិត សុខ ទូច ដែលជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​និយាយថា  សហរដ្ឋអាមេរិក ​ប្រហែលជា​មិនមាន​ចេតនា​ បង្ក​នូវ​ភាពចម្រូងចម្រាស់ ​ហួសហេតុ​ជាមួយ​ប្រទេស​កម្ពុជា​នោះឡើយ ដោយសារ​សហរដ្ឋអាមេរិក ​មិនមាន​វិនិយោគទុន​ច្រើន​នៅ​កម្ពុជា ឬក៏​ទទួលបាន​ផលប្រយោជន៍​ច្រើន ​ពី​កម្ពុជា​នោះ​ទេ។ ទន្ទឹមនឹងនេះ លោក​បណ្ឌិត សុខ ទូច បាន​លើកឡើងថា ការបញ្ជូន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ដែល​យល់ដឹង​ច្រើន​ពី​កិច្ចការ និង​នយោបាយ​នៅ​អាស៊ី នឹង​អាច​ដោះស្រាយ​បញ្ហា ​នៃ​ទំនាក់ទំនង​ការទូត​ ជាមួយ​ប្រទេស​កម្ពុជា​ផងដែរ​។​

«​ខ្ញុំ​គិតថា ​អគ្គរដ្ឋទូត​ថ្មី​មកនេះ គេ​នឹង​សម្របសម្រួល​ដើម្បី​បន្ធូរបន្ថយ​នយោបាយ​។ ខ្ញុំ​ជឿថា មិន​មានអី​បន្ថែម [​លើ​ទណ្ឌកម្ម​ចំពោះ​កម្ពុជា​នោះទេ​] ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​ កើតចេញពី​ការបោះឆ្នោត​។ បើ​បន្ថែម​មានន័យថា ​អាមេរិក​អត់​យល់​ពី​ប្រជាធិបតេយ្យ​។​» ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​និយាយប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​ជាការ​ពិតណាស់ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ​ដែល​នឹង​មក​បំពេញបេសកកម្ម​ កា​រទូ​ត​នៅ​ប្រទេស​កម្ពុជា​នោះ គឺ​គ្មាន​នរណាម្នាក់​ក្រៅ​អំពី​លោក ផា​ទ្រិ​ក ម៉ឺ​ហ្វ៊ី ( Patrick Murphy ) ដែល​បច្ចុប្បន្ន​គឺជា​ឧបការី​រង​ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ នោះឡើយ​។ ក្នុង​រយៈពេល​កន្លងមក លោក ផា​ទ្រិ​ក ម៉ឺ​ហ្វ៊ី ធ្លាប់​ធ្វើជា​អនុប្រធាន​ទូត និង​ជា​ភារធារី​ប្រចាំ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់​២០១៦ នៅ​ប្រទេស​ឡេ​សូ​តូ ពី​ឆ្នាំ​២០០៦ ដល់​២០០៨ និង​ជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល ​គោលនយោបាយ​សម្រាប់​ប្រទេស​ភូមា ពី​ឆ្នាំ​២០១២ ដល់​២០១៣​។​

​ទន្ទឹមនឹងនេះ អ្នកវិភាគ​នយោបាយ​បរទេស​ម្នាក់ ពោលគឺ​លោក ប៉ូល ឆេ​ម​បឺស៍ ( Paul Chambers ) ដែលជា​ទីប្រឹក្សា​ពិសេស​កិច្ចការ​អន្តរជាតិ ​នៃ​សាកលវិទ្យាល័យ​មួយ​នៅឯ​ប្រទេស​ថៃ បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ព្យាយាម​ បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ «​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​» នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បានសម្រេច​ ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ច្រើនជាងគេ​ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ នៅ​អាស៊ីអាគ្នេយ៍ ដោយសារ​ការប្រកួតប្រជែង​នយោបាយ​ភូមិសាស្ត្រ ជាមួយ​ប្រទេស​មហា​អ​ណា​ច​ចិន​។​

«​ការតែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី ​របស់​សហរដ្ឋអាមេរិក បង្ហាញថា​សហរដ្ឋអាមេរិក ​ទទួលស្គាល់​រដ្ឋាភិបាល​កម្ពុជា ទោះបីជា​ក្រុង​វ៉ាស៊ីនតោន​ សម្តែង​ការព្រួយបារម្ភ​អំពី​ លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ក៏ដោយ​។​» លោក ប៉ូល ឆេ​ម​បឺស៍ ត្រូវបាន​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ​ស្រង់​សម្តី​ចុះផ្សាយ​កាលពី​ថ្ងៃទី​២២​ខែសីហា​នេះដែរ​។ លោក ប៉ូល ឆេ​ម​បឺស៍ បាន​និយាយ​បន្ថែមថា​៖ «​ខ្ញុំ​ព្យាករណ៍​ថា សំឡេង​គាត់​នឹង​កាន់តែខ្លាំង​នៅ​កម្ពុជា ប៉ុន្តែ​គាត់​ក៏​នឹង​ស្វែងរក​ ការធ្វើ​ពាណិជ្ជកម្ម​ដ៏​ធំ​ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​»

​ជាការ​ពិតណាស់ ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បានលើកឡើង កាសែត​កម្ពុ​ជាថ្មី ​នៅតែ​មានជំនឿថា​ សហរដ្ឋ​អាមេរិក​នៅតែ​គាំទ្រ និង​មិន​ដាក់ទណ្ឌកម្ម​ មកលើ​ប្រទេស​កម្ពុជា​នោះឡើយ ពីព្រោះ​សហរដ្ឋអាមេរិក ​នៅតែ​បន្ត​រក្សាទុក​ នូវ​វត្ត​មាននៃ​ស្ថានទូត​របស់ខ្លួន ​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល​នោះ​។​

«​ខ្ញុំ​យល់ថា​ការទូត​ជាការ​ទូត ហើយ​វា​អត់​មាន​គ្របដណ្តប់ ​មកលើ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​ទេ​។ អ៊ីចឹង​ទេ ខ្ញុំ​យល់ថា​អ្នកការទូត​ គេ​យល់​អំពី​អ្វី​ទៅ​ដែលជា​នយោបាយ​ការទូត មិនមែន​មក​ត្រួតត្រា​កម្ពុជា​ទេ​។​» លោក សុខ ឥសាន បានបញ្ជាក់​។​

ម្យ៉ាងវិញទៀត កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ប្រសិនបើ​អ្វីៗ​នឹង​កើតឡើង​ ដូច​អ្នកវិភាគ​នយោបាយ​ខ្មែរ និង​បរទេស​បាន​ទស្សន៍ទាយ​នោះ យើង​សង្ឃឹមថា​ ស្ថានភាព​នៃ​ទំនាក់ទំនង​ រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា ​ប្រាកដជា​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ​ចូលមក​កាន់តំណែង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។​

​ទន្ទឹមនឹងនេះ យើង​ក៏​សង្ឃឹមថា ​សហរដ្ឋអាមេរិក​នឹង​ឈប់​ជ្រៀតជ្រែក ​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ព្រមទាំង​បញ្ឈប់​នូវ​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​ មកលើ​កម្ពុជា ដូច​ជាការ​បង្កក​ទ្រព្យធន​មន្ត្រី​កម្ពុជា និង​ការដាក់កំហិត​ទិដ្ឋាការ​ជាដើម​។​

​នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី​ សូម​ជូនពរ​លោក ផា​ទ្រិ​ក ម៉ឺ​ហ្វ៊ី ដែល​នឹង​មកកាន់​តំណែង​ ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​ប្រទេស​កម្ពុជា​នោះ ឱ្យបាន​ទទួលជោគជ័យ​ក្នុង​បេសកកម្ម​ ការទូត​របស់​លោក ជាពិសេស​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​ទំនាក់ទំនង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នៅក្នុង​វិស័យ​ដទៃទៀត រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​នោះ​៕ (បទ​វិចារណកថា​​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)