ព័ត៍មានទាន់​ហេតុការណ៏
Search

សាច់ញាតិ​កូរ៉េ​ លាគ្នា​ទាំង​អារម្មណ៍​រំជើបរំជួល​បន្ទាប់ពី​ការជួប​ជុំគ្នា

សមាជិក​ក្រុមគ្រួសារ​វ័យ​ចំណាស់​របស់​កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូង​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួបគ្នា​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ប្រាំពីរ​ទសវត្សរ៍​មកនេះ​ បាន​និយាយ​លាគ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃ​ពុធ។

មនុស្ស​រាប់​លាន​នាក់​ ត្រូវបាន​ព្រាត់ប្រាស ​ដោយ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣​ ដែល​បាន​បណ្ដាល​ឲ្យ​ឧបទ្វីប​នេះ​ ត្រូវ​បែងចែក​ដោយ​តំបន់​គ្មាន​យោធា (DMZ) ហើយ​បាន​បំបែកបំបាក់​បងប្អូន​ប្រុស​ពី​បង​ប្អូនស្រី ឪពុកម្តាយ​ពី​កូន​និង​ប្តី​ពី​ប្រពន្ធ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មនុស្ស​ភាគច្រើន​បាន​ស្លាប់​ហើយ​មាន​ប្រជាជន​កូរ៉េខាងត្បូង​តិចជាង​៦០,០០០​នាក់​ដែល​នៅរស់​បាន​ចុះឈ្មោះ​ដើម្បី​ជួបជុំ​សាច់ញាតិ​កូរ៉េខាងជើង​របស់​ពួកគេ​នៅឯ​ការជួបជុំ​ម្តងម្កាល​ហើយ​នៅ​សប្តាហ៍​នេះ​គឺជា​លើកដំបូង​ក្នុង​រយៈពេល​បី​ឆ្នាំ​។​

អ្នក​រស់រានមានជីវិត​ទាំងនោះ​គឺមាន​សំណាង​ណាស់​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​។​
​នៅពេល​ពួកគេ​ឈានដល់​ទីបញ្ចប់ ពិតណាស់​អាយុ​និង​ភាព​ឯកោ​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​មានន័យថា ពួកគេ​មិន​ទំនងជា​នឹង​ជួបគ្នា​ម្ដងទៀត​ទេ​។​

នៅឯ​ការជួប​ជុំគ្នា​ពេលព្រឹក​មុនពេល​លាគ្នា​ជា​លើកចុងក្រោយ លោកតា Kim Byung-Oh អាយុ​៨៨​ឆ្នាំ​ជនជាតិ​កូរ៉េខាងត្បូង​បាន​សម្រក់​ទឹកភ្នែក​នៅពេល​ប្អូនស្រី​របស់គាត់​ជួប​គាត់​នៅ​តុ​មួយ​។​
​អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា​ដោយ​មិន​និយាយ​អ្វី​ទាំងអស់​រយៈពេល​ជិត​១០​នាទី​។​

អរិភាព​បាន​ផ្អាក​ជាមួយនឹង​បទ​ឈប់​បាញ់​មួយ​ជាជាង​សន្ធិសញ្ញា​សន្តិភាព​ដែលជា​ហេតុ​បន្សល់ទុក​ឲ្យ​កូរ៉េ​ទាំងពីរ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​ហើយ​ការផ្លាស់ប្តូរ​ជន​ស៊ីវិល​ដោយផ្ទាល់​ទាំងអស់​សូម្បីតែ​ព័ត៌មាន​អំពី​ក្រុមគ្រួសារ​គឺ​ត្រូវបាន​ហាមឃាត់​។​

យោងតាម​របាយការណ៍​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា មនុស្ស​ជាច្រើន​បាន​គូរ​មែកធាង​គ្រួសារ​នៅលើ​ក្រដាស​ហើយ​ដោះដូរ​ឈ្មោះ​និង​រូបថត​របស់​សាច់ញាតិ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114