ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះ​ជួប​កម្មករ​ កម្មការិនី​ជិត​២​ម៉ឺន​នាក់​នៅក្នុង​ខេត្ត​កណ្តាល

ភ្នំពេញ ​៖ នៅវេលា​ម៉ោង ៧​និង ៣០​ព្រឹក​ថ្ងៃទី ២៣ ខែសីហា នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ចុះ​ជួប សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៧.៥០៣​នាក់ មកពី​រោងចក្រ សហ​គ្រា​ចំនួន ១២ នៅក្នុង​ខេត្តកណ្តាល ដែល​ធ្វើ ឡើង​នៅ​ភូមិ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល​។​

​ជំនួប​នៅថ្ងៃនេះ គឺជា​ការអបអរសាទ​រ​ខួប​មួយឆ្នាំ​នៃ​ការអញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី​របស់ សម្តេច​តេ​ជោ ហ៊ុន សែន រយៈពេល​មួយឆ្នាំ ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី ២០ សីហា ២០១៧ ។ ​សម្តេច តេ​ជោ ហ៊ុន សែន ជួប​កម្មករ កម្មការិនី ៥៤ លើក ហើយ​មាន​កម្មករ កម្មការិនី​សរុប​ជាង ៧៥​ម៉ឺន​នាក់ បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ​។​

​លោកអ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង​១២​នេះ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កៀនស្វាយ​ចំនួន​១០ នៅ​ស្រុក​លើកដែក​ចំនួន​១ និង​ស្រុក​ស្អាង​ចំនួន​១​។ រោងចក្រ សហគ្រាស​ទាំងនេះ វិនិយោគ​ដោយ​ជនជាតិ​ចិន​ចំនួន​១០, វិនិយោគ​ដោយ​កូរ៉េ​ចំនួន​១ និង​វិនិយោគ​ដោយ​ជនជាតិ​វៀតណាម​ចំនួន​១​។ រោងចក្រ សហគ្រាស​ទាំង​១២​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៦, ផលិត​ស្រោមដៃ​ស្គី​ទឹកកក​ចំនួន​១, តម្បាញ​១, ផុង​សម្លៀកបំពាក់​ចំនួន​១, ផលិត​បរិក្ខារ​ពេទ្យធ្មេញ​ចំនួន​១, ផលិត​ជី​កសិកម្ម​ចំនួន​១ និង​បោកគក់​ចំនួន​១​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បច្ចុប្បន្ន​ខេត្ត កណ្តាល​មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន ៤៦៤ មាន​កម្មករ និយោជិត​ចំនួន ១៥៥.១៣៨ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប ៣៧២ លាន​ដុល្លារ។ ក្នុងនោះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​១៧០ មាន​កម្មករនិយោជិត​ចំនួន ១៣៧.៦៦៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៣៣០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ លោក​រដ្ឋមន្ត្រី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ខែមិថុនា កន្លងទៅនេះ មាន​រោងចក្រ​បើក​ថ្មី​ចំនួន​២ ដែល​ផ្តល់​ការងារ​ចំនួន ៣.៣៤១​នាក់​។​

​តាមរយៈ​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជា​បន្តបន្ទាប់​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ក​ម្មករ កម្មការិនី ហើយក៏​ធ្វើ​ឲ្យ​មាន​សុខដុម​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ផងដែរ៕