ព័ត៍មានទាន់​ហេតុការណ៏
Search

តារាចម្រៀង អេ​មមី ត្រូវ​ជនសង្ស័យ​បន្លំ​លួច​ចូល​ផ្ទះ​ តែ​សំណាងល្អ​ដឹង​ទាន់ពេល

ភ្នំពេញ ​៖ ​កញ្ញា អេ​មមី ដែលជា​តារាចម្រៀង​មាន​រូប​សម្ផស្ស​ស្រស់​សោភា​ និង​ទើប​វិលត្រឡប់​ពី​ការ​ចម្រៀង​សម្តែង​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​មាន​រយៈ​ប្រមាណ​ជា​២​ខែ​នោះ ​ថ្មីៗ​នេះ​នាង​បាន​ជួប​រឿង​ដ៏​ភ័យខ្លាច​មួយ​ ខណៈ​មាន​ជនសង្ស័យ​បាន​បន្លំ​ខ្លួន​ចូល​ផ្ទះ​ក្នុង​គោលបំណង​មិនល្អ​។​ ប៉ុន្តែ​ដោយសារ​អំពើ ​ល្អ ​បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ អាច​ដឹងខ្លួន​ទាន់ពេល​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច។

តារា​ចម្រៀង​កញ្ញា អេ​មមី បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ​កាលពី​យប់​ថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​កន្លងមកនេះ ​ខណៈពេលដែល​ខ្លួន​កំពុង​តែមាន​វត្ត​មាននៅ​ផ្ទះ​តែម្នាក់ឯង​ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ បាន​ផ្លោះ​របង​ផ្នែក​ខាងក្រោយ​ចូលមកក្នុង​ផ្ទះ​របស់​នា​ង។ ប៉ុន្តែ​ដោយសារ​ភ្លាមៗ​នោះ​នាង​បានឮ​សំឡេង​គាស់​បង្អួច​ក៏​ចុះ​ពីលើ​បន្ទប់​គេង​មក​មើល ​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​សំងំ​នៅក្បែរ​មាត់ទ្វា​ផ្ទះ​តែម្តង​។​

កញ្ញា អេ​មមី បាន​និយាយទៀតថា ដោយ​ឃើញ​ពី​សកម្មភាព​បែបនេះ​ភ្លាមៗ​ព្រោះតែ​ការភ័យខ្លាច​នាង​ក៏បាន​ស្រ​វា​រក​ទូ​ស័ព្ទ​ដើម្បី​ទំនាក់ទំនង​ទៅ​មិត្តភក្តិ​និង​Live វីដេអូ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ប្រកាស​រក​ឲ្យ​គេ​ជួយ​។ ដោយសារ​តែមាន​ការទា​ក់​ទង និង ឃើញ​ការ​Live វីដេអូ​មួយសន្ទុះ​ក្រោយមក​ក៏មាន​ប្រជាពលរដ្ឋ​និង​សន្តិសុខ​ប្រចាំការ​នៅក្នុង​បូរី​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​មក​ធ្វើការ​សួរនាំ​និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

តារា​ស្រី​កញ្ញា អេ​មមី និយាយ​បន្តទៀតថា ​ក្រោយពី​ធ្វើការ​ឃាត​ខ្លួន​ជនសង្ស័យ​រូបនោះ​បាន​ឆ្លើយថា​រូបគេ​គឺមាន​ផ្ទះ​នៅក្បែរ​គ្នា​នឹង​នាង​។​ ចំណែកឯ​ករណី​ដែល​រូបគេ​បាន​ផ្លោះ​របង​ចូលមកក្នុង​ផ្ទះ​នោះ​គឺ​គ្មាន​ចេតនា​អ្វី​ឡើយ​ពោលគឺ​ចូលមក​ដើម្បី​លួច​មើល​តែប៉ុណ្ណោះ​។ ​ករណីនេះ​ត្រូវបាន​សាមីខ្លួន​កញ្ញា អេ​មមី ចាត់ទុកថា​គ្រាន់តែ​ជា​លេស​ ហើយ​ត្រូវបាន​គេ​ហៅថា​ចោរ​ព្រាននារី​។​

តារាចម្រៀង​រូប​ស្រស់​កញ្ញា អេ​មមី បាន​បន្ថែមថា ​បន្ទាប់ពី​មានការ​សួរនាំ​ និង​ដោយ​មានការ​សុំទោស​សម្រុះសម្រួល​ពី​សំណាក់​ក្រុមគ្រួសារ​ជន​រូបនោះ ​នាង​ក៏​សម្រេច​ដោះស្រាយ​ត្រឹម​ប៉ុស្តិ៍ប៉ូលិស​តាមរយៈ​ការដាក់​ពាក្យបណ្តឹង​រក្សា​ទុក​និង​ធ្វើ​កិច្ចសន្យាធានា​ពី​បងប្អូន​និង​គ្រួសារ​ជន​រូបនោះ​។ ​ប៉ុន្តែ​យ៉ាងណាមិញ​សាមីខ្លួន​កញ្ញា អេ​មមី នៅតែ​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន៕