ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​តែងតាំង​លោក​បែន តារា ជា​ស្នងការ​នគរបាល​ខេត្ត​កែប ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល ដែល​ត្រូវ​ផ្លាស់​ទៅកាន់​ជា​ប្រធាន​នាយកដ្ឋាន កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល

កែប ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ដែលជា​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រកាស​តែងតាំង ជា​ស្នងការ​នគរបាល​ខេត្ត​កែប ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល ដែល​បាន​ផ្លាស់​ទៅកាន់​ជា​ប្រធាន​នាយកដ្ឋាន កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​។

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០១៨​នេះ ដោយបាន​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន តារា ស្នងការរង​ខេត្ត ព្រះសីហនុ ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ក្រោម​អធិបតីភាព លោកនាយ​ឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាងអោយ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ដែលមាន​ការអញ្ជើញ​រួមពី​សំណាក់ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​យ៉ាងច្រើន ជាច្រើនរូប​ទៀត។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល ក្នុងឱកាស​នោះ​ បាន​ជំរុញ​អោយ​ស្នងការ​នគរបាល​ខេត្ត​កែប ទើប​ប្រកាស​ថ្មី​ត្រូវ​សិក្សា ស្វែងយល់​ពី​ភូមិសាស្ត្រ និង​ថ្នាក់ក្រោម ថា​តើ​កងកម្លាំង​ចង់បាន​អ្វី ហើយ​ចំពោះ​ថ្នាក់ក្រោម​វិញ ក៏ត្រូវ​ស្វែងយល់ និង​គោរព​ថ្នាក់លើ​របស់ខ្លួន​វិញ​ដែរ ទាំងអស់​នេះហើយ សម្រាប់​សម្រួល​ដល់​ការងារ​ឲ្យ​បាន​ជោគជ័យ និង​ដំណើរ​ការងារ​ដោយ​រលូន និង បន្ដ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង និង​បង្កើត​សមត្ថភាព​របស់​មន្ដ្រី​ទាំងអស់ មិនត្រូវ​ប្រកាន់​បក្ខពួក ឬ​ក្រុម​ណា​ឡើយ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល បាន​មានប្រសាសន៍ថា “​មន្ត្រីនគរបាល​ខេត្តរ​កែប​ទាំងអស់ ត្រូវ​សាមគ្គី​ផ្ទៃក្នុង និង​បញ្ចៀស​ឲ្យ​បាន​ពី​ការប្រកាន់​បក្ខពួកនិយម នៅក្នុង​អង្គភាព និង​ត្រូវ​រួមគ្នា​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​”​។​

គួរ​បញ្ជាក់ថា ការប្រកាស​ចូលកាន់​តំណែង​ជា​ស្នងការ របស់លោក ឧ​ត្ត​ម​សេនីយ៍​បែន តារា នេះ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល អតីត​ជា​ស្នងការ​ខេត្ត​កែប បាន​ផ្លាស់​ទៅកាន់​តំណែង ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ​វិញ៕