ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា ផ្ទុះ​ប្រតិកម្ម​លើ​តារា​ថៃ វៀរ សុ​គុល​ឡា​វ៉ា​ត់ ដែល​មិន​ឲ្យ​តម្លៃ​អ្នកគាំទ្រ​ខ្មែរ​ ខណៈ​មាន​ការ​បកស្រាយ​ថា​ គ្មាន​ហេតុផល​នោះ​ទេ

ភ្នំពេញ ​៖ ​ពិធី​ការិនី​ស្រី​កញ្ញា សូ ដា​នី​តា ថ្មីៗ​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​លើ​តារា​សម្តែង​ល្បីឈ្មោះ​របស់​ប្រទេស​ថៃ​លោក វៀរ សុ​គុល​ឡា​វ៉ា​ត់ ដែល​កន្លង​មក​នេះ​ បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កម្មវិធី​មួយ​។​ ប៉ុន្តែ​តារា​ប្រុស​រូបនេះ​បែរជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន់ចិត្ត​ និង​រិះគន់​ចំពោះ​អត្តចរិត​ និង​ឫកពា​ឆ្មើងឆ្មៃ​ពី​សំណាក់​លោក វៀរ សុ​គុល​ឡា​វ៉ា​ត់ ដោយ ហាក់​ពុំ​សូវ​ផ្តល់​តម្លៃ​​​​​អ្នកគាំទ្រ​នៅ​ខ្មែរ​ឡើយ។

​ស្របពេល​មានការ​រិះគន់​និង​សម្តែង​ការ​អន់ចិត្ត​ពី​ទស្សនិកជន​ខ្មែរលើ​តារា​ប្រុស វៀរ សុ​គុល​ឡា​វ៉ា​ត់ នេះដែរ ​ភ្លាមៗ​នោះ​ ស្រាប់តែ​តារា​សម្តែង​ស្រី​របស់​ខ្មែរ​កញ្ញា សូ ដា​នី​តា បាន​ប្រតិកម្ម​តាមរយៈ​ការស្នើរ​ឲ្យ​ទស្សនិកជន​ខ្មែរ​ត្រូវ​បញ្ឈប់​ការគាំទ្រ​លើ​តារា​រូបនេះ​។​ ម្យ៉ាងទៀត​នាង​ក៏បាន​ចាត់ទុកថា​ជា​ករណី​ខុសឆ្គង​ខ្លាំង​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខំ​គាំទ្រ​។​

កញ្ញា សូ ដា​នី​តា បានលើកឡើង​ក្នុង​សំណេរ​របស់ខ្លួន​ថា ​យើង​ជា​ជនជាតិ​ខ្មែរ​ខំ​គាំទ្រ តារា​ថៃ ជនជាតិ​យើង​ជា​ខ្មែរ មិន​ថា​អ្នក​រកស៊ី ឬ​តារា​មិន​ថា​គេ​ឬ​ខ្ញុំ​ស្គាល់​តួ​ថៃ​សឹង​គ្រប់​តួ តែ​តួ​ថៃ និង​ជន​ជាតិ​ថៃ​ស្គាល់​តារា​ខ្មែរ​មិន​ចង់​ច្បាស់​ផង​សូម្បីតែ​ម្នាក់ ហើយ​នេះ​ឃើញ …?​គ្រាន់តែ​ដឹងថា​តួ​ថៃ​គេ​មក គឺ​នាំទៅ​រង់ចាំ​ទទួល​អោយ​រហង់ តែ​ទីបំផុត​គឺ​តួ​ថៃ​ធ្វើ​ចរិត​អញ្ចឹង។

ស្រី​ស្រស់​កញ្ញា សូ ដា​នី​តា បន្តទៀតថា ​តួ​ថៃ​រូប​នោះ​ បាន​ដើរគេច ទទួល​បាច់ផ្កា​ក៏​មិន​មើលមុខ​អ្នក​អោយ ថត​ក៏​មិន​ចង់អោយ​ថត ចេញមក​ហើយ គេច​អ្នកគាំទ្រ ដើរចូល​ក្នុង​វិញ។ ហ៊ឺ​ល្មម​ដឹងខ្លួន​ហើយ​បងប្អូន​មិនមែន​មិន​អោយ​គាំទ្រ​តួ​គេ​ទេ​ តែ​កុំអោយ​គេ​មើលងាយ​ទឹកចិត្ត​យើង​ទៀត មិន​ខ្វះ​ទេ​តួ​ខ្មែរ​យើង​ជាច្រើន​។​

កញ្ញា សូ ដា​នី​តា លើកឡើង​ទៀតថា តួ​ជនជាតិខ្មែរ​យើង ទោះ​ហត់​យ៉ាងណា​ក៏​តួ​ខ្មែរ​យើង មិនដែល​ធ្វើ​ចរិត ដូច​លោក វៀរ នឹង​ដែរ​ឈប់​ទៅ​កុំអោយ​រវល់​ទៀត ពេល​លោក​ហ្នឹង​មក​ម្តងទៀត​យើង​កុំទៅ​មើល​កុំ​គាំទ្រ​ប្រហែល​ដឹងខ្លួន​ខ្លះ​។ សុំទោស​ខ្ញុំ​មិន​ស្អប់​តួ​ថៃ​ឬ​ជនជាតិ​ថៃ​ទេ ព្រោះ​ខ្ញុំ​ក៏​អាច​និយាយ​ភាសា​ថៃ​បាន​ច្រើន​ដែរ តែ​ខ្ញុំ​សុំ​និយាយ​នេះ ចំពោះ​តួ​ថៃ តួ​បរទេស​រូប​ណា ដែល​ធ្វើ​ចរិត​បែបនេះ។ពិធី​ការិនី​ស្រី​កញ្ញា សូ ដា​នី​តា បាន​បន្ថែមថា​ខំ​តែ​ចូលចិត្ត​មើល​តួ​ម្នាក់​ហ្នឹង​សម្តែង ឥឡូ​វ​ខ្ញុំ​ឈប់​មើល​តួ​ម្នាក់​ហ្នឹងហើយ ព្រោះ​ខ្ញុំ​ឈឺចាប់​ជំនួស​ជនជាតិ​ខ្ញុំ​ដែល​ខំ​ស្រលាញ់​គាំទ្រ​​លោក វៀរ ដែលជា​ជនជាតិ​ថៃ​ហើយ​មក​ប្រទេស​គេ ធ្វើ​ចរិត​ដាក់​ហ្វេ​ន​ឆ្លង​ប្រទេស​បែបនេះ មើល​វីដេអូ រឹតតែ​លែង​គាំទ្រ។​

ដោយឡែក​ស្របពេល​ដែលមាន​ការរិះគន់​និង​ចុះផ្សាយ​នៅលើ​បណ្តាសារ​ព័ត៌មាន​នេះដែរ​ ក៏​ស្រាប់​តែមាន​ម្ចាស់​Account Facebook មួយ​បាន​ចេញមុខ​ឆ្លើយតប​ក្នុងន័យ​ការពារ​តារា​ប្រុស​ថៃ​រូបនោះ​ថា​ការពិត​មិន​ដូច​អ្វីដែល​បាន​និយាយ​ និង​រិះគន់​មួយចំនួន​ពី​សំណាក់​ទស្សនិកជន​នោះឡើយ​ ពោលគឺ​អំឡុង​ពេលមកដល់​ភ្លាម​គឺ​លោក វៀរ សុ​គុល​ឡា​វ៉ា​ត់ បានបង្ហាញ​អាកប្បកិរិយា​ស្វាគមន៍​ដោយ​ទឹកមុខ​រីករាយ​ធម្មតា។

ផ្អែក​តាម​ការបកស្រាយ​របស់​ម្ចាស់​Account Facebook មាន​ឈ្មោះថា Ma drama បានបញ្ជាក់​ថា ​ថ្ងៃ​គាត់​មកដល់​Airport​ភ្លាម គាត់​បាន​សើច​ហើយ​លើកដៃ​ស្វាគមន៍​FanFan​កម្ពុជា​យើង​ចំណែកៗ​រឿង​គាត់​បាន​ដើរចូល​ក្នុង​វិញ​នោះ គឺ​អ្នក រៀបចំ​បាន​ប្រាប់​ឲ្យ​គាត់​ចាំ​នៅក្នុង​សិន​ទៅ ព្រោះ​ឡាន​មិនទាន់​មក​ទទួល​នៅ​កន្លែង​ចត​ឯនោះ គាត់​ក៏បាន​ប្រាប់ថា​មិន​អី​ទេ​ចម្ងាយ​ហ្នឹង​គាត់​អាច​ដើរទៅ​ខ្លួនឯងបាន នៅពេល​ហ្នឹង​គេ​សុទ្ធតែ​ដឹង​គ្រប់គ្នា​ ហើយក៏​គ្មាន​នរណា​ក្តៅក្រហាយ​ដែរ។ រីឯ​អ្នក​ថា​ទឹកមុខ​គាត់​មិនសូវ​ញញឹម​ព្រោះ​ភ្នែក​គាត់​ចាញ់​ពន្លឺ​ថ្ងៃ​ គាត់​មិនបាន​ពាក់​វ៉ែនតា​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114