ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​លក់​ស្បែកជើង​បាត់​ខ្លួន​មួយ​យប់​ ព្រឹក​ឡើង​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក

កំពង់ចាម​ ៖ ​បុរស​អ្នកលក់​ស្បែកជើង​តាម​រ៉ឺម៉ក ម្នាក់ បាន​បាត់​ខ្លួន​មួយ​យប់​ ព្រឹក​ឡើង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​ក្នុង​ស្រះ​ទឹក​របស់​ឈ្មោះ​ជូ ស៊ីម​ អាយុ​69​ឆ្នាំ ភេទ​ប្រុស​នៅ​ភូមិ​ស្រ​ង៉ែ​ត្បូង​ ឃុំ​ស្រ​ង៉ែ​ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បង្ក​​អោយ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​24​ ខែសីហា​ឆ្នាំ​2018។

ប៉ូលិស​បានអោយដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម ​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​ជំនាញ​ស្រុក ពេទ្យ​មណ្ឌល​ឃុំ​ និង​លោក​មេឃុំ​មេភូមិ​ ចុះ​ដល់​កន្លែង​កើតហេតុ​បង្កើត​គណៈកម្មការ​ចម្រុះ​ស្រាវជ្រាវ​ពិនិត្យ​លើ​សព​ឈ្មោះ ម៉េង ម៉េ​ត ភេទ​ប្រុស​ អាយុ​36​ឆ្នាំ មុខរបរ​បើកបរ​រ៉ឺម៉ក​ដឹក​ស្បែក ជើង​ដើរ​លក់ រស់នៅ​ភូមិ​ចំបក់​សង្កាត់​ ស្រ​យ៉ូ​វ ​ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ​ ហើយ​មក​ស្នាក់នៅ​ជាមួយ​ប្រពន្ធ ឈ្មោះ ឃឹម ពូ​ល អាយុ​40​ឆ្នាំ​ លក់​ស្បែកជើង​មុខ​រោងចក្រ​សាន់​ស៊ូ​ហ្គា​មិន​ភូមិ​កប្បាស ​ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម។

តាម​ការពិនិត្យ​សព​ជនរងគ្រោះ​ឃើញថា​ សព​ពុំ​មាន​ស្លាកស្នាម អ្វី​គួរ​អោយកត់សំគាល់​ឡើយ។ ប៉ូលិស​បាន​បញ្ជាក់​ថា ឆ្លងតាម​ការស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ជំនាញ​ និង​គ្រូពេទ្យ​សន្និដ្ឋាន​បាន​ថា​ ៖​ ការ​ស្លាប់​របស់​ឈ្មោះ​ម៉េង​ម៉េ​ត​នេះ​ ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ គឺ​ពិតជា​ស្លាប់​ដោយ​លង់​ទឹកស្រះ​ប្រាកដ​មែន។

ប្រភព​ព័ត៌មាន ពី​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ បាន​អោយ​ដឹង​ថា ឈ្មោះ ម៉េង ម៉េ​ត ផឹកស្រា​ស្រវឹង​ជាប្រចាំ​បណ្តាល​អោយ​មាន​សតិបញ្ញា​អន់ថយ​តែងតែ​ដើរ​វង្វេង ហើយ​ដើរ​ធ្លាក់​ចូល​ទឹកស្រះ​ខាងលើ​លង់​ស្លាប់​ប្រហែល​ចន្លោះ​ពី​ម៉ោង​02​ទៅ​03​យប់​នេះ​តែម្តង។

ក្រោយពី​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សាកសព​រួចរាល់​ហើយ​បាន​ប្រគល់ ​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114