ព័ត៍មានទាន់​ហេតុការណ៏
Search

ការបន្ត​ឃុំខ្លួន​លោក កឹម សុខា ជាការ​សម្រេចចិត្ត​ត្រឹមត្រូវ ដើម្បី​សុវត្ថិភាព និង​បង្ការ​អសន្តិសុខ​

យោងតាម​វចនាធិប្បាយ វី​ឃី​ភី​ឌា មេដឹកនាំ​ទាមទារ​សិទ្ធិ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ​ម្នាក់​ឈ្មោះ ម៉ា​ធី​ន លូ​ដឺ ឃី​ង ( Martin Luther King Jr. ) ត្រូវបាន​នគរបាល​អាមេរិក​ចាប់ខ្លួន​ ដាក់ពន្ធនាគារ​ជាច្រើន​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៦៣ ពីបទ​បង្ក​អសន្តិសុខ​ជាតិ និង​ធ្វើឱ្យប៉ះពាល់​ ដល់​សណ្តាប់ធ្នាប់​សាធារណៈ ដោយសារ​លោក​បាន​ប្រមូលផ្តុំ ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង​សកម្មជន​ស្បែក​ស​ជាច្រើន​នាក់ ដើម្បី​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​ សម្រាប់​កូនចៅ​របស់​អតីត​ទាសករ ​នៅ​សហរដ្ឋអាមេរិក​នោះ​។​

​ទីបំផុត បន្ទាប់ពី​ត្រូវបាន​នគរបាល​ចាប់​ដាក់ពន្ធនាគារ និង​ឃុំខ្លួន​ជាថ្មី​អស់​រយៈពេល​ប្រាំ​ថ្ងៃ​ម្តងទៀត លោក ម៉ា​ធី​ន លូ​ដឺ ឃី​ង ក៏​ត្រូវបាន​អាជ្ញាធរ និង​តុលាការ​អាមេរិក​សម្រេច​ចិត្ត ​ដោះលែង​ពី​ពន្ធនាគា នៅ​ឆ្នាំ​១៩៦៧​។​​

​ទោះបីជា​យ៉ាងណាក្តី សេរីភាព​របស់លោក ម៉ា​ធី​ន លូ​ដឺ ឃី​ង នៅតែ​ស្ថិតនៅក្នុង​ភាពភ័យខ្លាច ក្នុងខណៈ​ពេលដែល​រូបលោក​នៅតែ​បន្ត​ធ្វើជា​សកម្មជន និង​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​ ពេញលេញ​សម្រាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ​ជាច្រើន​លាន​នាក់​នោះ​។​

​ប៉ុន្តែ ជា​អកុសល មេដឹកនាំ​ទាមទារ​សិទ្ធិ​ជនជាតិអាមេរិក​ស្បែក​ខ្មៅ ​ដែលមាន​វ័យ​ទើបតែ​៣៩​ឆ្នាំ​រូបនេះ ត្រូវ​ខ្មាន់កាំភ្លើង​ជនជាតិ​អាម​រិ​ក​ស្បែក​ស​បាញ់សម្លាប់ នៅ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​១៩៦៨ ក្នុងខណៈ​ពល​ដែល​លោក​កំពុង​ថ្លែង​សន្ទរកថា ​ទៅកាន់​ហ្វូងមនុស្ស នៅ​ទីក្រុង​ម៉ិម​ហ្វ៊ី​ស រដ្ឋ​ថិ​ន​ណេ​ស៊ី សហរដ្ឋអាមេរិក​នោះ​។​​

​អស់​រយៈពេល​ប្រមាណ​ជា​៥០​ឆ្នាំ​ក្រោយមក និង​នៅ​ចម្ងាយ​ប្រមាណ​ជា​១៤០០០​គីឡូម៉ែត្រ​ ពី​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ មេដឹកនាំ​អតីត​គណបក្សប្រឆាំង​ម្នាក់​ ក៏ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​ធ្វើ ​«​ប​ដិ​វត្ត​ន៍​ពណ៌​»​​ ផ្តួលរំលំ​រដ្ឋាភិបាល​ក​ម្ពុ​ជា នៅ​រាជធានី​ភ្នំពេញ កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧​ដែរ​។​

​​ជាការ​ពិតណាស់ មេដឹកនាំ​អតីត​គណបក្សប្រឆាំង​រូបនេះ គឺ​គ្មាន​នរណាម្នាក់​ក្រៅ​អំពី​លោក កឹម សុខា ដែលជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ ​សម្រេច​រំ​លាយ​ចោល កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នោះឡើយ​។​

​ទោះបីជា​យ៉ាងណា ចាប់តាំងពី​លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​មក ក្រុម​មេធាវី ក៏ដូចជា​អង្គការសិទ្ធិមនុស្ស​នានា បានទាមទារ​ឱ្យ​តុលាការ​ដោះលែង​ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ ឱ្យនៅ​ក្រៅ​ឃុំ​។ ប៉ុន្តែ ការទាមទារ​របស់​ពួកគេ​តែងតែ​ត្រូវបាន​ចៅក្រម​ជំនុំ​ជំ​រះ ​បដិសេធចោល ដោយ​ព្រួយបារម្ភ​អំពី​សន្តិសុខ​របស់លោក កឹម សុខា នៅពេល​ស្ថិត​នៅក្រៅ​ឃុំ​នោះ​។​​

ជាថ្មី​ម្តងទៀត នៅក្នុង​សាវ​នា​ការ​កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល​ក៏បាន​សម្រេចចិត្ត​ម្តងទៀត ដោយ​បន្ត​ឃុំខ្លួន​ប្រធាន​អតីត​គណបក្សប្រឆាំង​រូបនេះ​ នៅក្នុង​ពន្ធនាគារ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ និង​ចៀសវាង​កើតមាន​ភាពអសន្តិសុខ​ក្នុងសង្គម​។

​នៅក្នុង​សវនាការ​ដែល​មិនមាន ​វត្តមាន​របស់លោក កឹម សុខា នោះ មេធាវី​ទាំង​បួនរូប​ បានស្នើ​ឱ្យ​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​អនុញ្ញាតឱ្យ​លោក កឹម សុខា បាន​នៅក្រៅ​ឃុំ និង​ធានាថា​លោក កឹម សុខា នឹងចូលរួម​គ្រប់​នីតិវិធី​សវនាការ ​ទៅតាម​ការកោះហៅ​របស់​តុលាការ ដោយ​បញ្ជាក់ថា​កូនក្តី​របស់ខ្លួន ​កំពុងមាន​ជំងឺលើសឈាម និង​ជំងឺ​ឆ្អឹង​ត្បៀត​សរសៃ ដែល​ត្រូវការ​ការព្យាបាល និង​វះកាត់​ដោយ​ពេទ្យ​ជំនាញ​ជាបន្ទាន់​។

​ទោះបីជា​យ៉ាងណា លោក អ៊ុក គឹម​សិទ្ធិ អគ្គព្រះរាជអាជ្ញា បាន​និយាយថា​ ការលើកឡើង​របស់​មេធា​វី​ទាំងនោះ​ មិន​សម​ហេតុផល និង​បាន​ស្នើឱ្យ​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ដើម្បី​ការពារ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ និង​ចៀសវាង​អសន្តិសុខ​សង្គម ជាពិសេស​លោក​បាន​ពន្យល់​ថា​ នៅក្នុង​ពន្ធនាគារ​ក៏មាន​គ្រូពេទ្យ ​សម្រាប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​អ្នកជាប់ឃុំឃាំង​នោះដែរ​។​

ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា​ការសម្រេចចិត្ត​របស់​តុលាការ និង​ចៅក្រម​ជំនុំ​ជំ​រះ គឺជា​ការសម្រេចចិត្ត​សម​ហេតុផល​បំផុត បើ​ផ្អែកលើ​ស្ថានភាព​នយោបាយ ​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​គ្មាន​ចេតនា​ប្រមាថ ​ដល់​អាយុជីវិត​របស់លោក កឹម សុខា នោះឡើយ ហើយក៏​មិនមាន​បំណង​ប្រៀបធៀប​លោក កឹម សុខា ជាមួយនឹង​លោក ម៉ា​ធី​ន លូ​ដឺ ឃី​ង ដែលជា​មេដឹកនាំ​ទាមទារ​សិទ្ធិ​ ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដ៏​ល្បីល្បាញ​នោះដែរ​។​

​ប៉ុន្តែ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ការព្រួយបារម្ភ​របស់​តុលាការ និង​ចៅក្រម​ជំនុំ​ជំ​រះ​ អំពី​សុវត្ថិភាព​របស់លោក កឹម សុខា នៅក្រៅ​ឃុំ​នោះ ពិតជា​ត្រឹមត្រូវ ពីព្រោះ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ ដែល​មិនអាច​ទស្សន៍ទាយ​បាន ដូចជា​មេដឹកនាំ​ទាមទារ​សិទ្ធិ​ ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់ បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ កាលពី​៥០​ឆ្នាំមុន​នោះ​។​

​ម្យ៉ាងវិញទៀត កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា កំសួល​នៃ​ចរន្ត ​«​បដិវត្តន៍​ពណ៌​» ​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ប្រហែលជា​មិនទាន់​ស្ងប់​នៅឡើយ ដូចជា​ទឹកជំនន់​ទន្លេមេគង្គ ​ដែល​កំពុង​គំរាមកំហែង​អាយុជីវិត ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ដង​ទន្លេ​នោះ​។​

កាសែត​កម្ពុ​ជាថ្មី មានជំនឿថា​តុលាការ និង​ចៅក្រម​ជំនុំ​ជំ​រះ​ប្រហែលជា​ ធ្វើការ​ពិចារណា​ម្តង​ទៀតថា ​តើ​គួរ​ដោះលែង​លោក កឹម សុខា ឬ​យ៉ាងណា​នោះ បន្ទាប់ពី​រាជរដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង ហើយ​សុបិន​នៃ​ «​បដិវត្តន៍​ពណ៌​» ​បាន​រលាយ​សាបសូន្យ​ទាំងស្រុង ​ទៅជា​ផ្សែង​ហោះហើរ​ទៅលើ​អាកា​សវាហា​នោះ​។​

ជាការ​ពិតណាស់ ក្នុងស្ថានភាព​នៃ​ប្រទេស​កម្ពុជា​ នាពេល​បច្ចុប្បន្ន​នេះ ទាំង​មេធាវី និង​អ្នកគាំទ្រ​លោក កឹម សុខា គួរ​ជ្រើស​រើសយក​សុវត្ថិភាព​លោក កឹម សុខា នៅក្នុង​ពន្ធនាគារ ជាជាង​អសន្តិសុខ និង​គ្រោះថ្នាក់​របស់លោក នៅក្រៅ​ឃុំ​នោះ​៕