ព័ត៍មានទាន់​ហេតុការណ៏
Search

ការកាត់ទោស​សកម្មជន ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​ ជា​ដំណឹង​គួរឱ្យ​ស្វាគមន៍​

កាសែត​កម្ពុ​ជាថ្មី សូម​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត ​របស់​តុលាការ​ប្រទេស​វៀតណាម ដែល​បាន​កាត់ទោស​សកម្ម ជន​ជនជាតិ​វៀតណាម ​នៃ​ចលនា​ប្រឆាំង ​១២​នាក់ ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម កាលពីពេល​ថ្មីៗ​នេះ​។​

​យោងតាម​សេចក្តីរាយការណ៍​ របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ផ្សាយ​នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៨ ​នេះ​បានឱ្យដឹងថា សកម្មជន​នៃ​ចលនា​ប្រឆាំង​ទាំង​១២​នាក់ ដែល​ក្នុងនោះ​មាន​សកម្មជន​ពីរ​នាក់ ​ជា​ជនជាតិ​អាមេរិក​ ដើមកំណើត​វៀតណាម​ផង​នោះ ត្រូវបាន​តុលាការក្រុង​ហូជីមិញ កាត់ទោស​នៅ​ថ្ងៃ​ជាមួយគ្នានេះ ឱ្យ​ជាប់ពន្ធនាគារ​ពី​៥ ទៅ​១៤​ឆ្នាំ ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។

​គួរ​បញ្ជាក់ថា ជន​ជាប់ទោស​ទាំង​១២​នាក់ ជា​សកម្មជន​របស់រ​ដ្ឋា​ភិ​បាល ​បណ្តោះអាសន្ន​ជាតិ​វៀតណាម ជា​ចលនា​ប្រឆាំងនឹង​បក្សកុម្មុយនិស្ត​វៀតណាម ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០ នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាម​រិ​ក ដែលជា​រដ្ឋ​មួយ​មាន​ជនភៀសខ្លួន ​វៀតណាម​យ៉ាងច្រើន​រស់នៅ ក្រោយ​សង្គ្រាម​វៀតណាម​បាន​បញ្ចប់ទៅ នៅ​ឆ្នាំ​១៩៧៥​។​

​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ដកស្រង់ ​ព័ត៌មាន​របស់​វៀតណាម​ ដែល​រាយការណ៍​ថា ក្រោយពី​ដំណើរការ​ជំនុំ​ជំ​រះ ​អស់​រយៈពេល​ពីរ​ថ្ងៃ តុលាការក្រុង​ហូជីមិញ​ បានប្រកាស​សាលក្រម​កាត់ទោស​ អ្នក​ទាំង​១២​នាក់ ពីបទ​បាន​ចែកចាយ​ខិ​ត្ត​បណ្ណ​ឃោសនា​នយោបាយ ការ​ផ្សំគំនិត​ចង់​ត្រួតត្រា​វិទ្យុជាតិ និង​ការអំពាវនាវ​ឱ្យមាន​បាតុកម្ម ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៧ ថ្ងៃ​ខួប​នៃ​ការបញ្ចប់​សង្គ្រាម​វៀតណាម ​ជាមួយ​អាមេរិក​នោះ​។

​នៅក្នុង​ចំណោម​សកម្មជន​ទាំង​១២​នាក់ ជនជាតិ​អាមេរិក​ដើមកំណើត​វៀតណាម ត្រូវ​ជាប់ទោស​ធ្ងន់​ជាងគេ ដោយ​ត្រូវ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ចំនួន​១៤​ឆ្នាំ ពីបទ​ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក ​មក​គាំទ្រ​ចលនា​ក្បត់ ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ក្រុង​ហាណូយ​។

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​ យល់ឃើញថា​ការកាត់ទោស​ក្រុម​ចលនា​ ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម​ មាន​សារៈសំខាន់​បំផុត ដូចជា​ការកាត់ទោស​ក្រុម​ចលនា ​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដូច្នេះ​ដែរ​។​

​ម្យ៉ាងវិញទៀត កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ​ការទប់ស្កាត់​នូវ​ចលនា​ នៃ​ក្រុម​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ជា​ចំណាត់ការ​មួយ​ដែល​មិន​គ្រាន់តែ​ជួយ ​រក្សាសុខ​សន្តិភាព និង​ស្ថេរភាព​នយោបាយ​ នៅក្នុង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​រក្សា​នូវ​ស្ថេរភាព និង​សន្តិសុខ នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា មាន​សមាជិក​ចលនា​ប្រឆាំង​វៀតណាម​ ចំនួន​១៥​នាក់​ហើយ ​ដែល​បាន​រង​ការកាត់ទោស ​ពីបទ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុង​ហូជីមិញ កាលពី​ឆ្នាំ​២០១៧​។ ក្រុម​ចលនា​នេះ ក៏​ធ្លា​ប់រង​ការចោទប្រកាន់ថា​ បានដាក់​បង្កៃ​គ្រាប់បែក​ផ្ទុះ ប្រឆាំង​ប៉ុស្តិ៍​ប៉ូលិស​មួយ កាលពី​ខែមិថុនា​កន្លងទៅ ដែល​បណ្តាលឱ្យ​មនុស្ស​បីនាក់ ​រងរបួស​ផងដែរ​។

​​ទោះបីជា​យ៉ាង​ក្តី ក្រុម​ចលនា​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ​មិនមែន​ទើបតែ​កើតមានឡើង​ នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះឡើយ​។​

យោងតាម​សេចក្តីរាយការណ៍ ​របស់​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី (BBC) របស់​អង់គ្លេស ចេញផ្សាយ​នៅ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១២​ កន្លងមក បានឱ្យដឹងថា នៅពេលនោះ អាជ្ញាធរ​វៀតណាម​ក៏បាន​ចោទប្រកាន់ ​មនុស្ស​១៨​នាក់​ផ្សេងទៀត ដែល​បាន​រៀប​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​នោះ​។​​

​មន្ត្រីនគរបាល​វៀតណាម បាន​និយាយថា​ក្រុមប្រឆាំង​មួយ​នេះ ​មាន​សមាជិក​ជាង​៣០០​នាក់ នៅក្នុង​អង្គ​ការធ្វើសកម្មភាព​វិទ្ធង្សនា​មួយ ក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ វិញ​ឡុង ប្រទេស​វៀតណាម​។ នៅក្នុង​ប្រតិបត្តិ​ការ ដែល​ចាប់ផ្តើម​ពី​ដើមឆ្នាំ​ ២០១២ សារព័ត៌មាន​ផ្លូវការ​ របស់​វៀតណាម​បាន​រាយការណ៍​ថា នគរបាល​វៀតណាម ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ នៅក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ​។​​

គួរ​បញ្ជាក់ថា នៅក្នុង​មាត្រា​៧៩​នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម «​ការរៀប​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​» អាច​ទទួលទោស​ប្រហារជីវិត​ទៀតផង​។​

ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី ​សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ និង​តុលាការ​វៀតណាម បន្ធូរ​បន្ថយទោស​ក្រុមប្រឆាំង​វៀតណាម មក​ត្រឹម​ជាប់ពន្ធនាគារ ដូចជា​អាជ្ញាធរ និង​តុលាការ​នៃ​ប្រទេស​កម្ពុជា ​ដែល​បាន​អនុវត្ត​កន្លងមក ចំពោះ​ក្រុម​អ្នក​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដូចជា​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​។​

​យោងតាម​កាសែត​កងទ័ព​ប្រជាជន​វៀតណាម ​ក្រុម​ចលនា​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ ត្រូវបាន​ដឹកនាំ​ដោយ​ជនជាប់ចោទ​ឈ្មោះ ផាន់ វ៉ាន់​ធូ ដែល​បានដាក់​ទុនវិនិយោគ​ នៅក្នុង​ឧទ្យាន​ទេសចរណ៍ធម្មជាតិ ដើម្បី​បិទបាំង​ការប្រមូល​អ្នកគាំទ្រ​នោះ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​កោតសរសើរ​ដល់​អាជ្ញាធរ និង​តុលាការ​វៀតណាម​ ដែល​បាន​ចាត់វិធានការ​ទប់ស្កាត់​ក្រុមប្រឆាំង​រដ្ឋាភិបាល​បាន​ទាន់ពេលវេលា ដើម្បី​ថែរក្សា​សុខសន្តិភាព​ជូន​ប្រជាជន​វៀតណាម ក៏ដូចជា​ថែរក្សា​ស្ថេរភាព និង​សន្តិសុខ នៅក្នុង​តំបន់​នោះ​។​

​នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី​សូម​អំពាវនាវ​ដល់​ប្រជាជន​វៀតណាម​កុំឱ្យ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល ហើយ​ព្យាយាម​រួមរស់​ប្រកបដោយ​សុខសន្តិភាព​ជាមួយ​ថ្នាក់ដឹកនាំ​របស់ខ្លួន បន្ទាប់ពី​ប្រទេស​វៀតណាម​បាន​ឆ្លងកាត់​សង្គ្រាម​ដ៏​ជូរចត់ នៅក្នុង​ទសវត្សរ៍​៦០ និង​៧០​នោះ​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)