ព័ត៍មានទាន់​ហេតុការណ៏
Search

ការដោះលែង​អ្នកទោស ​មិនមែន​ដោយសារ ​”សម្ពាធ​អន្តរជាតិ” ​ដូច​លោក សម រង្ស៊ី រិះគន់​ឡើយ

បន្ទាប់ពី​ការដោះលែង​អតីត ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប សកម្មជន​ដីធ្លី អ្នកវិភាគ​នយោបាយ និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​កន្ល​ង​មក កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នូវ​ដំណឹង​ ដ៏​គួរឱ្យ​រីករាយ​មួយ​ថា សម្តេច​មាន​គម្រោង​លើកលែងទោស ​ទ្រង់ទ្រាយ​ធំ​ក្នុងឱកាស​ ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ​ខាងមុខ ដែល​ក្នុងនោះ​រួមមាន​អតីត​សមាជិក​ គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​១២​នាក់​ផង​ផងដែរ​។

​ទោះបីជា​យ៉ាងណា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បា​នធ្វើការ​ព្រមាន​ផងដែរ​ថា នឹង​ពិចារណា​ឡើងវិញ ប្រសិនបើ​មានការ​លើកឡើងថា​ ការលើកលែងទោស​នេះ​ ធ្វើឡើង​ដោយសារ​ ​សម្តេច​រង​សម្ពាធ​ពី​អន្តរជាតិ​នោះ​។​

​អ្វីដែល​គួរឱ្យ​សោកស្តាយ និង​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​នោះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បែរជា​បង្ហោះ​សារ​ ​លែបខាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​និយាយថា​ គម្រោង​ដោះលែង​អតីតមន្ត្រី​ គណបក្សប្រឆាំង​ដែល​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​នោះ គឺធ្វើឡើង​ដោយ​បង្ខំចិត្ត និង​ដោយសារ​មាន​សម្ពាធ ​ពី​សហគមន៍​អន្តរជាតិ​ទៅវិញ​។​

​​«​ដោយសារតែ​លោក​ ហ៊ុន សែន ​ទាល់ច្រក​ក្រោយពី​ការបោះឆ្នោត ​ក្លែងក្លាយ​ថ្ងៃ​២៩ កក្កដា​កន្លងទៅនេះ ហើយ​ដោយសារតែ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដែល​ដក​ភាពស្របច្បាប់ ​ពី​រដ្ឋាភិបាល​របស់គាត់ ហើយ​ត្រៀម​ដាក់ទណ្ឌកម្ម ​កាន់តែ​ខ្លាំង​ឡើងៗ​មកលើ​របប​ផ្តាច់ការ​របស់គាត់ លោក​ហ៊ុន សែន​ត្រូវ​បង្ខំចិត្ត ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​» លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨​។​​

ទន្ទឹមនឹងនេះ លោក​សម រង្ស៊ី ថែមទាំង​បាន​និយាយថា​ ការដោះលែង​ «​អ្នកទោសនយោបាយ​»​ មិនមែនជា​លក្ខខណ្ឌ ​គ្រប់គ្រាន់ ហើយ​បានទាមទារ​ឱ្យ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដំណើរការ​ឡើងវិញ និង​អនុញ្ញាតឱ្យ​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ដូច​មុន​។ លើសពីនេះ លោក សម រង្ស៊ី ក៏​ទាមទារ​ឱ្យ​សម្តេច​ ផ្តល់​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​ទៅឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទៀតផង​។​​

ជាការ​ពិតណាស់ ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ឆ្លើយតប​ទៅកាន់​លោក សម រង្ស៊ី តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ កំពុងតែ​ផ្គើន​ចំពោះ​ការព្រមាន ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាចធ្វើឱ្យ​សកម្មជន​គណបក្សប្រឆាំង​ ទទួលរង​ថ្ម​បាក់​ជំនួស​នោះ​។​

«​ឮ​សម្តេច​តេ​ជោ​ហ៊ុន សែន មាន​គម្រោង​ស្នើ​ទូលថ្វាយ​ សុំ​ព្រះរាជទាន​លើកលែងទោស​ ឱ្យ​ជនជាប់ចោទ និង​ទណ្ឌិត​មួយចំនួន បែរជា​ទណ្ឌិត​រូបនេះ​ថា ​មកពី​មាន​គំនាប​ពី​បរទេស​ ដាក់​មកលើ​សម្តេច​តេ​ជោ​ទៅវិញ ដែលជា​ការ​មួយ​ផ្គើន ​នឹង​ការ​មានមតិ​របស់​សម្តេច​តេ​ជោ ដែល​ជាការ​បញ្ជាក់ថា ទណ្ឌិត ​សម រង្សី ​និយាយ​ផ្គើន​នេះ ​ដើម្បី​ទុកឱ្យ​បងប្អូន​ បន្ត​ជាប់គុក​ត​ទៅមុខទៀត យ៉ាងពិត​ប្រាកដ​។​» លោក សុខ ឥសាន បាន​សរសេរ​ នៅក្នុង​តេ​ឡេ​ក្រាម​របស់លោក​។​

​កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា​ លោក សម រង្ស៊ី កំពុងតែ​ធ្វើឱ្យ​សមាជិក និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ស្អប់ខ្ពើម​រូបលោក និង​នៅ​ទីបំផុត​នឹងធ្វើ​ឱ្យ​ខ្លួន​លោក ​នៅឯ​កោ​ជាមិនខាន ដោយសារតែ​មាត់​អត់​គម្រប​របស់លោក​។​

​លោក សម រង្ស៊ី គួរតែ​យល់​ពី​អារម្មណ៍ និង​ក្តីកង្វល់​របស់​ភរិយា និង​កូនចៅ​របស់​អតីត​សកម្មជន ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ទន្ទឹងរង់ចាំ និង​បន់ស្រន់​ឱ្យ​ស្វាមី និង​ឪពុក​របស់ខ្លួន ​បាន​រួច​ពី​មន្ទីរឃុំឃាំង​នោះ ដើម្បី​បាន​ទៅធ្វើ​បុណ្យ​ភ្ជុំ​បិ​ណ្យ ​ជួបជុំគ្នា​នោះ​។​

តាមពិតទៅ សម្តី​លែបខាយ​ឌឺដង​របស់លោក សម រង្ស៊ី មិនបាន​ធ្វើឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់​នោះឡើយ ពីព្រោះ​សម្តេច​បាន​ស្គាល់​អត្តចរិត និង​សម្តី​អត់​គម្រប​ របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ ច្បាស់​ណាស់​ទៅហើយ​។​​

កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា​ ការស្នើសុំ​ព្រះមហាក្សត្រ​ ឱ្យ​លើកលែងទោស និង​ដោះលែង​អ្នកសារព័ត៌មាន អ្នកវិភាគ​នយោបាយ សកម្មជន​ដីធ្លី និង​សិទ្ធិមនុស្ស​កន្លងមក គឺជា​មនសិការ​ស្នេហា​ជាតិ​ពិតប្រាកដ ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ចិត្ត​សន្តោស​ប្រណី និង​មានបំណង់​ប​ម្រួ​ប​បង្រួម​ជាតិ​ទាំងមូល​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​ មានជំនឿថា​ សម្តេច​នឹងធ្វើ​អ្វីដែល​សម្តេច​យល់ថា​ ត្រឹមត្រូវ និង​ជួយ​រក្សាសុខ​សន្តិភាព និង​ការអភិវឌ្ឍ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សម្តេច​នឹងធ្វើ​ការ​ពិចារណា​ជាថ្មី​ឡើងវិញ ថា​តើ​គួរ​ដោះលែង​ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ​ខាងមុខនេះ ឬ​យ៉ាងណា​នោះ ដោយ​មិនមាន​អ្វី​ពាក់ព័ន្ធ ​នឹង​ការដាក់​សម្ពាធ​របស់​ស​ហគ​មន៍​អន្តរជាតិ ដូច​លោក សម រង្ស៊ី លើកឡើង​នោះឡើយ​។​​

នៅ​ចុងបញ្ចប់ កាសែត​កម្ពុ​ជាថ្មី ​យល់ឃើញថា ការជ្រើសរើស​យក​ឱកាស​ នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ​ដើម្បី​ដោះលែង​អ្នកជាប់ឃុំឃាំង​នោះ ប្រហែលជា​អាច​នឹង​កើតឡើង ក្នុងនាម​សម្តេច​ជា​ពុទ្ធសាសនិកជន​មួយរូប ដើម្បី​បញ្ជូន​កុសលផល​បុណ្យ​ ដល់​បុព្វការី​ជន​របស់​សម្តេច ​ដែល​បានធ្វើ​មរណកាល​ទៅ​បរិ​លោក​ឯនាយ​នោះ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​បួងសួង ​សុំឱ្យ​អំពើ​ល្អ​របស់​សម្តេច​ ក្នុងការ​ស្នើឱ្យ​ព្រះមហាក្សត្រ ​ដោះលែង​អ្នកជាប់ឃុំឃាំង​នានា នាំមក​នូវ​ជ័យជម្នះ សុភមង្គល និង​វិបុល​សុខ​ ដល់​ក្រុមគ្រួសារ​របស់​សម្តេច និង​ប្រជា​ជាតិខ្មែរ​ទាំងមូល​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)