ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ផ្តួល Bukjoh ក្នុង​ទឹក​ទី​៤ ខ​ណះ​ចាន់ ចំរើន ឈ្នះ​Nuth Kor ដោយ​ពិន្ទុ

អ្នក​ប្រដាល់ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Bukjoh Sor.Anucha ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៦​សីហា​២០១៨។

ផល សោ​ភ័​ណ្ឌ ជើង​ខ្លាំង​របស់​កម្ពុជា បាន​ចំណាយពេល​មិន​ដល់​៤​ទឹក​នោះទេ ផ្តួល​អ្នក​ប្រដាល់​ថៃ Bukjoh Sor.Anucha អោយ​សន្លប់​លែង​ក្រោក ដោយ​ការប្រើ​កែង​វាយ​ទៅលើ​សៀតផ្កា​ឆ្វេង​របស់ Bukjoh ឲ្យ​ដួល​ដេក​លើ​រេញ មិនអាច​បន្ត​ការប្រកួត​ទៀត​បាន ។ Bukjoh ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ ពីរដង ដោយ​ត្រូវ​ជង្គង់​និង​កែង ហើយ​បន្ទាប់មក​គេ​ក៏​ដួលសន្លប់​ដោយ​ត្រូវ​កែង​របស់​សោ​ភ៏​ណ្ឌ​ជា​លើក​ទី​២​នោះ ។​

Bukjoh Sor.Anucha កាលពីពេល​កន្លងមក គេ​ធ្លាប់​ប្រកួត​ឈ្នះ​ឈឿន ឆៃ​ដែន​ក្នុង​ទឹក​ទី​២ តែ​ពេលនេះ​ត្រូវ​ផល សោ​ភ័​ណ្ឌ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​វិញ សងសឹក​អោយ​ឈឿន ឆៃ​ដែន​បានសម្រេច​វិញ​ហើយ។

ចំណែក អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Nuth Kor Sor.Kesanon ដែលជា​ជើង​ខ្លាំង​និង​ជា​ជើងចាស់​នៅ​ស្រុកថៃ​ដោយ​ពិន្ទុ​ជា​លើក​ទី​២ បន្ទាប់ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​៥​ទឹក​ពេញ​នោះ ។

Nuth Kor គេ​បាន​សុំ​មក​សងសឹក​ចាន់ ចំរើន ក្រោយពី​រូបគេ​បាន​វាយ​ចាញ់​ពិន្ទុ​ចំរើន​កាលពី​ជួបគ្នា​លើក​ទី​១​កន្លងមក ។ នៅក្នុង​ការប្រកួត​សងសឹក​នេះ ក៏​គេ​វាយ​ចេញ​បាន​ច្រើន​និង​ត្រូវចំ​គោលដៅ​ល្អ​ដែរ ប៉ុន្តែ​នៅតែ​ចាញ់​ពិន្ទុ​ចំរើន ដោយសារ​ការប្រកួត​ពីរ​ទឹក​ដំបូង​គេ​ចាញ់​ចំរើន ហើយ​នៅក្នុង​ទឹក​ទី​៥​ចុងក្រោយ ក៏​ចាញ់​ចំរើន​ទៀត ដូច្នេះ​គេ​បានតែ​២​ទឹក​ប៉ុណ្ណោះ គឺ​ទឹក​ទី​៣​និង​ទឹក​ទី​៤​នោះ ។​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល អ្នក​ប្រដាល់ នី​ម នន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។

អ៊ូច ធា​រិ​ទ្ធ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ។​ក្នុង​ទឹក​ទី​១​ធា​រិ​ទ្ធ បាន​ទាត់​ជើង​ក្រោម​របស់​នី​ម នន អោយ​ខូច​ជំហរ​ប្រកួត​ដួល​លើ​រេញ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង​។​នៅពេល​បន្ត​ការប្រកួត​ដល​ទឹក​ទី​៣​ទៀត នី​ម នន ក៏ត្រូវ​ធា​រិ​ទ្ធ​ទាត់​និង​វាយ​កែង​ត្រូវ​សន្លប់​លែង​ក្រោក​តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114