ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​ខុស​បច្ចេកទេស​១៦៥​គ្រឿង ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខេត្ត​សៀមរាប ​ឃាត់​ដើម្បី​ពិនិត្យ​ណែនាំ និង​តម្រូវ​ឱ្យ​រៀបចំ​តាម​លក្ខណៈ​ដើម​វិញ

សៀមរាប ​៖ ​យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ចេញ​នូវ​ផែនការ និង​បទបញ្ជា​ចំពោះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​បង្ការ ទប់ស្កាត់ អប់រំ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក ដូចជា​ការបើកបរ​ទោចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព ឬ​/​និង​មិន​ដាក់​កញ្ចក់ ព្រមទាំង​អ្នកបើកបរ​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង និង​បំពាក់​ភ្លើង​ឡាស៊ែ។

ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឃាត់​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ចំនួន ១៦៥​គ្រឿង រួច​ធ្វើការ​ពិនិត្យ ណែនាំ និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​គូសបញ្ជាក់​ប្រាប់​អោយ​ដឹង​ថា ជា​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ និង​បទបញ្ជា​ខាងលើ ក្នុង​ខែសីហា​នេះ ការិយាល័យ​នគរបាល​ចរាចរណ៍ បាន​ឃាត់​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ចំនួន ១៦៥​គ្រឿង ហើយ​បាន​យក​ទៅ​រក្សាទុក​ក្នុង​រយៈពេល​មួយថ្ងៃ និង​មួយ​យប់ ទើប​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ដោយ​បាន​ធ្វើ​កិច្ចសន្យា ហើយ​យក​សម្ភារៈ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​មក​បំពាក់​ដូច​របស់​ដើម​វិញ ដោយ​ដោះ​សម្ភារៈ​ខុស​លក្ខណៈ​បច្ចេកទេស រួច​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដោយ​មិន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​នោះ​ទេ។

លោក​វរសេនីយ៍ឯក​ក៏បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចូល​ជា​ធរមាន និង​ដាក់ឱ្យអនុវត្ត រហូតមកទល់​ពេលនេះ​ សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប នៅតែ​បន្ត​ពិនិត្យឃើញថា គឺមាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់បាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នៅឡើយ​ទេ ចំពោះ​ការ​ធ្វើការ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ហើយ​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​មួយចំនួន មិនបាន​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់ ព្រមទាំង​អ្នកបើកបរ​ដោយ​ប្រើប្រាស់​ម៉ូតូ ដែល​មាន​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮ​សំឡេង​ខ្លាំង និង​បំពាក់​ភ្លើង​ឡាស៊ែ​ជាដើម ដែល​ខុស​លក្ខណៈ​បច្ចេកទេស និង​ច្បាប់​ហាមឃាត់។

លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ បាន​បន្ថែម​ថា ក្នុង​រយៈពេល​កន្លងទៅ​នេះ ការិយាល័យ​នគរបាល​ចរាចរណ៍ រួម​នឹង​មន្ទីរ ស្ថាប័ន អង្គភាព និង​ដៃគូ​ពាក់ព័ន្ធ បាន​ធ្វើ​ការចែក​នូវ​ឯកសារ​ផ្សព្វផ្សាយ​អប់រំ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ករណី​ ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ការ​បង្ហាញ​ពី​ភាព​ធ្វេសប្រហែស ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ភាព​ងងុយដេក និង​កត្តា​យានយន្ត​ជូន​ដល់​សាធារណជន និង​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​/​ថ្នល់​ផងដែរ​។​

លោក​បាន​សំណូមពរ​ដល់​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ទាំងអស់ ដែល​ប្រើប្រាស់​ទោចក្រយានយន្ត ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍ និង​លក្ខណៈ​បច្ចេកទេស​របស់​យានជំនិះ ដោយ​ក្នុង​នោះ ត្រូវតែ​ពាក់​ពួក​សុវត្ថិភាព​ជានិច្ច​នៅពេល​បើកបរ ទោះ​ក្នុង​លក្ខណៈ​នៃ​ការ​ធ្វើដំណើរ​ទៅកាន់​គោលដៅ​នីមួយ​ទោះ​ជិត ឬ​ឆ្ងាយ និង​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​នៅពេល​បើក​បរ ដើម្បី​សុវត្ថិភាព​របស់​បងប្អូន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114