ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Abe ត្រូវបាន​គេ​មើលឃើញថា ​នឹង​ទទួលបាន​អាណត្តិ​ជា​បន្ត​ ថ្វីបើ​មានការ​សង្ស័យ​ពី​គោលនយោបាយ

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បានប្រកាស​ពី​បេក្ខភាព​របស់លោក​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​ការបោះឆ្នោត​ភាពជា​អ្នកដឹកនាំ​គណបក្សកាន់អំណាច​ដែល​លោក​រំពឹង​ថា ​នឹង​ទទួល​ជ័យជំនះ​បើទោះបីជា​មានការ​រំពឹង​ទុក​តិចតួច​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក ​និង​ការសង្ស័យ​អំពី​ការជំរុញ​របស់​លោក​ក្នុង​ការ​កែសម្រួល​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

ការទទួលបាន​ជ័យជំនះ​លើ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Shigeru Ishiba នៅក្នុង​ការបោះឆ្នោត​រប​ស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ថ្ងៃទី​២០​ខែកញ្ញា​គឺ​នឹងធ្វើ​ឲ្យ​លោក Abe ក្លាយជា​នាយករដ្ឋមន្ត្រី​បម្រើការ​យូរ​បំផុត​របស់​ប្រទេស​ជប៉ុន​។ អ្នកឈ្នះ​ក្លាយជា​នាយករដ្ឋមន្ត្រី​នឹង​គ្រប់គ្រង​សភា​របស់​រដ្ឋាភិបាលចម្រុះ​ដែល​ដឹកនាំ​ដោយ​គណបក្ស LDP។

លោក Abe បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ភាគ​និរតី​ប្រទេស​ជប៉ុន​ថា “​វា​គឺជា​ការទទួលខុសត្រូវ​របស់ខ្ញុំ​ក្នុងការ​ឆ្លើយតប​ចំពោះ​អាណត្តិ​របស់​ប្រជាជន​។ ខ្ញុំ​បាន​តាំងចិត្ត​ដឹកនាំ​ជប៉ុន​រយៈពេល​៣​ឆ្នាំ​ទៀត​ជា​ប្រធាន LDP និង​ជា​នាយករដ្ឋមន្ត្រី​”​។​

ក្រុមអ្នកវិភាគ​បាន​និយាយថា លោក Abe មើល​ទៅនឹង​កាន់តំណែង​កំពូល​ដោយសារតែ​អំណាច​ជិត​ប្រាំ​មួយឆ្នាំ​របស់គាត់​បាន​ជួយ​គាត់​ឲ្យ​ទទួលបាន​អ្នកគាំទ្រ​ពី LDP ជាមួយ​តំណែង​គណៈរដ្ឋមន្ត្រី​និង​ការគាំទ្រ​ដទៃទៀត​ហើយ​យកឈ្នះ​គូប្រជែង​ដែលមាន​ភាពទន់ខ្សោយ​។​

លោក Abe បានចាប់ផ្តើម​ធ្វើជា​នាយ​ក​រដ្ឋមន្ត្រី​ជា​លើក​ទី​២​ក្នុង​ឆ្នាំ​២០១២​ដោយ​សន្យា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ជាមួយ​គោលនយោបាយ “Abenomics” របស់លោក​និង​ជំរុញ​ការការពារ​ជាតិ​។​

លោក​បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​និង​បន្ធូរបន្ថយ​ដែន​កំណត់​រដ្ឋធម្មនុញ្ញ​លើ​យោធា​ប៉ុន្តែ​នៅ​ផ្នែក​សេដ្ឋកិច្ច​វិញ ធនាគារ​ជប៉ុន​បាន​បរាជ័យ​ក្នុងការ​សម្រេច​គោលដៅ​អតិផរណា​២​ភាគរយ​បើទោះបី​ជាមាន​គោលនយោបាយ​ធូររលុង​ជ្រុល​ក៏ដោយ​។​

នៅលើ​ផ្នែក​សន្តិសុខ​វិញ លោក Abe ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ក្រោយ​សង្គ្រាម​មាត្រា​ទី​៩​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​នៃ​កងទ័ព​របស់​ប្រទេស​ជប៉ុន​។ អត្ថបទ​នេះ​បាន​ហាមឃាត់​ការថែរក្សា​កងកម្លាំងប្រដាប់អាវុធ​ប៉ុន្តែ​វា​អនុញ្ញាត​ឲ្យ​យោធា​ការពារ​ខ្លួន​។​
​ការស្ទង់មតិ​របស់​ប​ណ្តា​ញ​សារព័ត៌មាន Asahi News Network (ANN) ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា ការគាំទ្រ​របស់គាត់​មាន​ចំនួន​៣៨,៨​ភាគរយ​ខណៈពេលដែល​ការស្ទង់មតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo កាលពី​ថ្ងៃអាទិត្យ​បាន​បង្ហាញថា ការគាំទ្រ​មាន​ចំនួន​៤៤,២​ភាគរយ​។ ការស្ទង់មតិ​របស់​សារព័ត៌មាន Nikkei ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ការគាំទ្រ​របស់​គណៈរ​ដ្ឋ​មន្ត្រី​លោក Abe មាន​ចំនួន​៤៨​ភាគរយ​ខណៈ​ការស្ទង់មតិ​ដោយ​កាសែត Yomiuri បាន​បង្ហាញថា មានការ​គាំទ្រ​៥០​ភាគរយ​៕ REUTERS

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114