ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​រៀបចំ​កម្មវិធី​ប្រកួត​ពានរង្វាន់​ជើងឯក​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន​នៅ​ឆ្នាំក្រោយ

យោង​តាម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) លើក​ទី ១៦ នៅ​ឯ​ស្នាក់​ការ​កណ្តាល​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨​នេះ បាន​បង្ហាញ​លទ្ធផល​ថា កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​ជើងឯក​យុវជន​ក្រោយ​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ​។

តាម​ពិត​ទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវ​បាន AFF សហការ​គ្នា​បង្កើត​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មក​ហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែល​ថា ​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួលបាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23 ) ផងដែរ​។

ប្រកួត​ចុងក្រោយ​កាលពី​ឆ្នាំ​២០០៥ ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ មាន​ក្រុម​ចំនួន​៨ ដោយ​បែង​ចែកជា​២​ពូ​ល​។ ចំពោះ​ក្រុម​កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្រោយ​ចាញ់​ទាំង​៣​ប្រកួត​គឺ​ចាញ់​សឹង្ហ​បុរី ៣​ទល់​២ ហើយ​ចាញ់​ថៃ ៨​ទល់​០ និង​បន្ត​ចាញ់​ឡាវ ៣​ទល់​០​។ ក្រុម​ម្ចាស់ផ្ទះ​បាន​គ្រង​តំណែង​ជើងឯក​នៅ​គ្រានោះ​ក្រោយ​យកឈ្នះ​សិង្ហ​បុរី ៣​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ក្រុមប្រឹក្សាភិបាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ក៏បាន​ប្រជុំ​សម្រេច​ផ្សេងទៀត​ដែរ​ដោយ​ក្រៅពីនោះ​ក៏មាន​ប្រទេស​វៀតណាម រៀបចំ​កម្មវិធី​ពានរង្វាន់​ជើងឯក​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​(AFF U18) និង ពានរង្វាន់​ជើងឯក​ពានរង្វាន់​ហ្វូ​ត​សាល (AFF Futsal)​។ រីឯ​ប្រទេស​ថៃ វិញ​នឹង​រៀបចំ​ការប្រកួត​ពាន​រង្វាន់​ជើងឯក​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ (AFF U15 នារី​) និង ពានរង្វាន់ AFF Women’s Championship ក៏ដូចជា​AFF U15 បុរស​ជាដើម៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114