ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ជនសង្ស័យ​ម្នាក់​ដកហូត​គ្រឿងញៀន​ និង ​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួនទៀត

ឧត្តរមានជ័យ ៖ ជនសង្ស័យ​ម្នាក់ រួម​ទាំង​គ្រឿងញៀន និង​សម្ភា​រៈ​ពាក់ព័ន្ធ​មួយចំនួនទៀត ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ធ្វើការ​បង្ក្រាប​ជាក់ស្តែង។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ចន្ទ ១​រោច ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦ និង​០០ នាទី កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ១ ករណី នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅ​ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុកអន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​លទ្ធផល​ឃាត់​ជនសង្ស័យ​ម្នាក់។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អឿន រស្មី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន ថ្នាំញៀន​ប្រភេទ មេ​តាំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌ស​ថ្លា ( ហៅ ) ម៉ា​ទឹក​ក – ICE ចំនួន ១៤ កញ្ចប់ ( កញ្ចប់​ធំ ១០ កញ្ចប់​- តូច ០៤ កញ្ចប់ )​ទំងន់ ៣១.០០​ក្រាម។

ថ្នាំញៀន ប្រ​ភ​ទ មេ​តាំ​ហ្វេ​តា​មីន​គ្រាប់​ពណ៌​ផ្កាឈូក ( wy ) ចំនួន ១ គ្រាប់ រថយន្ត ១ គ្រឿង ម៉ាក តូ​យូ​តា​កាមរី សេរី​១៩៩៥ ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២ C ៥៥៨៤ ស្លាក​លេខ​រថយន្ត ចំនួន​១ គូ ( ព្រះសីហនុ ២ A ១៥០៧ ) ដាវ​សាម​រ៉ៃ ចំនួន ១ ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ប្រាក់រៀល ចំនួន ១៩៩,០០០ រៀល ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ២​គ្រឿង សម្ភារៈ​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទាំងអស់ សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​បន្ថែម ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ផ្តន្ទាទោស​តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114