ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក សម រង្ស៊ី ក្លាយជា​ទីងមោង បន្ទាប់ពី​ការដោះលែង​សកម្មជន ​អតីត​គណបក្សប្រឆាំង​

កាសែត​កម្ពុ​ជាថ្មី សូម​ចូលរួម​សម្តែង​ នូវ​ការអបអរសាទរ ​ចំពោះ​ការសម្រេចចិត្ត ​ប្រកបដោយ​គតិបណ្ឌិត និង​សន្តោស​ប្រណី​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បានស្នើ​សុំឱ្យ​អង្គ​ព្រះមហាក្សត្រ ​ប្រទាន​ការលើកលែងទោស ​ចំពោះ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ១៤​នាក់ កាលពីពេល​ថ្មីៗ​នេះ​។​

គួរ​បញ្ជាក់ថា បន្ទាប់ពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ឱ្យ​លើកលែងទោស​ដល់​លោក មា​ជ សុវណ្ណារ៉ា និង​សមាជិក​អតីត​គណបក្សប្រឆាំង​ ចំនួន​១៣​នាក់​ទៀត​ឱ្យមាន​សេរីភាព​ឡើងវិញ​ហើយ ពួកគេ​នោះ​ត្រូវបាន​ដោះលែង និង​បាន​ចាក​ចេញពី​ពន្ធនាគារ នៅ​រាត្រី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

តាមពិត មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការដោះលែង​អតីតមន្ត្រី និង​សមាជិក​គណបក្សប្រឆាំង​ទាំង​១៤​នាក់ គ្រោង​ធ្វើឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៧​ខែសីហា​នេះ​។ ប៉ុន្តែ ការដោះលែង​នេះ​ត្រូវបាន​ពន្យា​ពេល ​ដល់​ម៉ោងជាង​ ១២​យប់ ដោយសារ​ហេតុផល​សន្តិសុខ ក្នុងខណៈពេល​ដែលមាន​មនុស្ស​យ៉ាងច្រើន នៅខាងមុខ​ពន្ធនាគារ ដោយ​កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានសម្រេច​ដឹកជញ្ជូន​ពួកគេ​ ទៅកាន់​គេហដ្ឋាន​តែម្តង​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ​។

​គួរបញ្ជាក់​ផងដែរ​ថា សមាជិក​អតីត​គណបក្សប្រឆាំង​៣​រូប ក្នុងចំណោម​១៤​រូប ដែល​ត្រូវបាន​លើកលែងទោស​នោះ រួមមាន ១) លោក មា​ជ សុវណ្ណារ៉ា អាយុ​៤៦​ឆ្នាំ ២) លោក អឿ ណា​រិត អាយុ​៣៩​ឆ្នាំ និង ៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន អាយុ​៣២​ឆ្នាំ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ព្រហ្មទណ្ឌ ចុះ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៥ ដោយ​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​២០​ឆ្នាំ ពីបទ​ដឹកនាំ​កុបកម្ម​។​

​ចំណែក​សមាជិក​អតីត​គណបក្សប្រឆាំង​១១​នាក់​ទៀត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​៧​ឆ្នាំ ពីបទ​ចូលរួម​ធ្វើ​កុបកម្ម​។ ពួកគេ​ទាំង​៨​នាក់ រួមមាន ១) លោក នាង សុ​ឃុន អាយុ​២៧​ឆ្នាំ ២) លោក សាន គឹម​ហេង អាយុ​៣២​ឆ្នាំ ៣)​លោក ស៊ុំ ពុ​ទ្ធី អាយុ​៤៩​ឆ្នាំ ៤) លោក កែ ឃីម ហៅ វិ​ន​ឌី អាយុ​៣៤​ឆ្នាំ ៥) លោក ទេព ណារិន អាយុ​២៩​ឆ្នាំ ៦) លោក អាន បឋម ហៅ សុខុម អាយុ​៣៥​ឆ្នាំ ៧) លោក សាន សីហៈ អាយុ​២៦​ឆ្នាំ ៨)​លោក អ៊ុក ពេជ្រ​សំណាង អាយុ​៥១​ឆ្នាំ ៩) លោក ឈ្មោះ រឿន ចិ​ត្រា អាយុ​៣៣​ឆ្នាំ ១០) លោក យន់ គឹម​ហួរ អាយុ​២៨​ឆ្នាំ ១១) លោក យា ថុង អាយុ​៤៣​ឆ្នាំ​។​

​ដូចជា​ក្នុងករណី​ អ្នកជាប់ឃុំឃាំង​មួយចំនួនទៀត​ដែរ អ្នក​ជាប់ទោស​ទាំង​១៤​នាក់​នេះ​ បានធ្វើ​លិខិត​គោរព​ស្នើសុំ​ លើកលែងទោស​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨ ដោយ​ពួកគេ​បាន​សរសេរ​ នៅក្នុង​កម្មវត្ថុ​ថា​៖ «​សំណើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍ ស្នើ​លើកលែងទោស​ឱ្យ​យើងខ្ញុំ​ទាំងអស់គ្នា បាន​រួចផុត​ទោស និង​មាន​សេរីភាព​។​»

​ជាការ​ពិតណាស់ ការដោះលែង​អតីត​សមាជិក​ គណបក្សប្រឆាំង​ទាំង​១៤​រូប បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​មានបំណង​បង្រួបបង្រួម​ជាតិ តាមរយៈ​គោលនយោបាយ​ សន្តោស​ប្រណី​របស់​សម្តេច ចាប់តាំងពី​សម្តេច​បាន​អំពាវនាវ​ឱ្យ​អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក មេឃុំ​សង្កា​ត់របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​នោះ​។​​

​ម្យ៉ាងវិញទៀត ការដោះលែង​អតីត​សមាជិក​គណបក្សប្រឆាំង​ទាំងអស់នេះ បញ្ជាក់​ឱ្យឃើញថា​សម្តេច​ធ្វើ​អ្វី​ទៅតាម​ឆន្ទៈ និង​មនសិការ​របស់​សម្តេច ដោយ​មិន​យកចិត្តទុកដាក់​នូវ​ ការ​បង្ហោះ​សារ​និយាយ​លែបខាយ​ឌឺដង​ របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង ដែល​បាន​រិះគន់ថា ​ការដោះលែង​ទាំងនេះ​ធ្វើឡើង ​ក្រោម​សម្ពាធ​របស់​អន្តរជាតិ​នោះ​។

ទន្ទឹមនឹងនេះ​ ​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ លោក មា​ជ សុវណ្ណ​រ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​អំណ​គុណ ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ស្នើសុំ​ព្រះមហាក្សត្រ​ ឱ្យ​លើកលែងទោស​ដល់​លោក ក៏​ដូច​សមាជិក​អតីត​គណបក្សប្រឆាំង​ដទៃទៀត​។​

​ទន្ទឹមនឹងនេះ លោក មា​ជ សុវណ្ណ​រ៉ា ក៏បាន​ស្នើសុំ​សម្តេច​តេ​ជោ​ ជួយ​អន្តរាគមន៍​ដោះលែង​លោក កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុ​ង​ផងដែរ​។​

«​ខ្ញុំ​ជឿថា​ មេដឹកនាំ​ខ្មែរ​គាត់​ឆ្លាត ​និង​ចាប់ដៃគ្នា​ធ្វើការ ខ្ញុំ​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ខ្ញុំ​អំពាវនាវ​ដោយ​ស្នាមញញឹម​ ជាមួយ​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ពិចារណា សង្ឃឹមថា មេបក្ស​របស់ខ្ញុំ​លោក កឹម សុខា នឹងត្រូវ​ដោះលែង ព្រោះ​បើ​ទុក​ទៀត​វែងឆ្ងាយ​ណាស់​។​» លោក មា​ជ សុវណ្ណ​រ៉ា បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​។​

​ចំពោះ​ករណី​របស់លោក កឹម សុខា កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា លោក មា​ជ សុវណ្ណ​រ៉ា និង​អ្នកគាំទ្រ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ គួរតែមាន​ការអត់ធ្មត់​បន្តទៀត ដោយ​ទុកពេល​ឱ្យ​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​ពិចារណា និង​វាយតម្លៃ ​ទៅលើ​សន្តិសុខ​របស់លោក កឹម សុខា ជាថ្មី ថា​តើ​ពេលណា​ទើប​ជា​ពេល ដែល​តុលា​ការគួរ​ដោះលែង ឬ​អនុញាតឱ្យ​អ​តី​មេដឹកនាំ​កំពូល​ របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ​ នៅក្រៅ​ឃុំ​នោះ ប្រកបដោយ​សុវត្ថិភាព​នោះ​។​

​សម្រាប់​ស្ថាន​កាណ៍​នយោបាយ​ នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ទាំង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង និង​សហគមន៍​អន្តរជាតិ គួរតែ​សម្តែង​នូវ​ការកោតសរសើរ ​ដល់​ការសម្រេចចិត្ត និង​ដំណោះស្រាយ​ដ៏​ឈ្លាសវៃ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជួយ​ធ្វើឱ្យ​ភាព​តាន​តឺង​ផ្នែក ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ធូរ​ស្រាយ​កាន់តែខ្លាំង​ឡើង ប្រៀបដូចជា​ផ្ទៃមេឃ​ ដែល​ប្រែក្លាយជា​ស្រឡះ បន្ទាប់ពី​មាន​ព្យុះភ្លៀង​មក​នោះ​៕ (បទ​វិចារណកថា​ ដោយ កាសែត​កម្ពុ​ជាថ្មី​)