ព័ត៍មានទាន់​ហេតុការណ៏
Search

ខេត្តបន្ទាយមានជ័យ​ស្រូវពូជ​សែន​ក្រអូប​នៅ​រក្សា​ថ្លៃ​សមរម្យ​ល្អ​ដដែល ឯ​ពោតក្រហម​ក៏​ថ្លៃ​ល្អ​ដែរ

បន្ទាយមានជ័យ ​៖​ ស្រូវស្រាល​ដើមរដូវ​ពូជ​សែន​ក្រអូប ​និង​ស្រូវពូជ​អ៊ី​អ៊ែរ​៨៥​នៅ​ខេត្តបន្ទាយមានជ័យ នៅតែ​រក្សា​ថ្លៃ​សមរម្យ​ដដែល​ រហូត​មក​ទល់​ជិត​ចុងរដូវ​ប្រមូល​ផល​នេះ រីឯ​គ្រាប់​ពោតក្រហម​វិញ​ ក៏​ថ្លៃ​ល្អ​ដែរ​ នា​រដូវ​ប្រមូល​ផល​ឆ្នាំនេះ។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ថ្លៃ​មុខទំនិញ​នៅ​ខេត្តបន្ទាយមានជ័យ​រប​ស់​ម​ន្ទី​រ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​។

លោក​ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ​កម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​នៅ​ព្រឹក ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​​​ឲ្យ​ដឹង​ថា ​ស្រូវពូជ​សែន​ក្រអូប​សើម ១.១០០​រៀល​ក្នុង​១​គីឡូក្រាម ​ស្រូវ​ស្ងួត​ក្នុង ១.៣៦១​រៀល​ក្នុង​១​គីឡូក្រាម ​រីឯ​ស្រូវ​អ៊ី​អ៊ែរ​សើម ថ្លៃ​៧៤២​រៀល​ក្នុង​១​គីឡូក្រាម​ចំពោះ​មើមដំឡូង​មី ស្រស់ ថ្លៃ​២៨៣​រៀល​ក្នុង​១​គីឡូ​ក្រាន ស្ងួត​ថ្លៃ​៧៦៣​រៀល​ក្នុង​១​គីឡូក្រាម រីឯ​គ្រាប់​ពោតក្រហម​ស្ងួត ពោត​ចំណី​សត្វ វិញ ថ្លៃ​៥៥៦​រៀល​ក្នុង​១​គីឡូ​ក្រាម។

ចំណែក​ប្រជាកសិករ​ និង ​ឈ្មួញ​កណ្តាល​នៅ​ស្រុក​មង្គល​បូរី​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា​ អត្រា​តម្លៃ​ស្រូវ​សែន​ក្រអូប​តាំងពី​ដើមរដូវ ពាក់​កណ្តាល​និង​ជិត​ចុងរដូវ​ប្រមូល​ផល​នេះ មាន​ស្ថិរភាព​តម្លៃ​សមរម្យ​ល្អ ​បើ​ប្រៀបធៀប​នឹង​រយ​:​ពេល​ដូចគ្នា​នា​ឆ្នាំ​២០១៧ ដោយ​ឆ្នាំនេះ រក្សា​តម្លៃ​បាន​ពី​៨,៣​បាត​ទៅ​៨,៧​បាត​ក្នុង​១​គីឡូក្រាម​ក្នុងនោះ​ឈ្មួញកណ្តាល​មកពី​បុគ្គល​ចម្រុះ​និង​មកពី​សហគមន៍​ទិញស្រូវ​សហគមន៍​នៃ​សមាគម​ធនាគារ​ស្រូវ​កម្ពុជា​បាន​ប្រកួតប្រជែង​គ្នា​ចុះ​ទិញ​តាម​គោលដៅ​ជាប់​នឹង​វាលស្រែ ហើយ​មិនទាន់មាន​សញ្ញា​នៃ​ករណី​ពួកនេះ បង្អាប់ថ្លៃ​ស្រូវ​កសិករ​ឡើយ​ទេ​៕