ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​តូ​តា​ល់ កម្ពុជា បើក​ដំណើរការ ទីតាំង​៤​កន្លែង​បន្ថែម ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២៥ របស់ខ្លួន​

​ភ្នំពេញ៖ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​​ បានប្រារព្ធ​ពិធី​សម្ពោធ​ស្ថានីយ៍​ប្រេងឥន្ធនៈ ៤​កន្លែង នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ទី៣១ ខែសីហា​ឆ្នាំ២០១៨​។ ការបើក​ស្ថានីយ៍​ប្រេងឥន្ធនៈ​ថ្មី​ទាំង ៤ នេះ កត់សម្គាល់​ឱ្យឃើញ​ពី ការរីកចម្រើន​របស់​ក្រុមហ៊ុន ក្នុងការ​ពង្រីក​អាជីវកម្ម ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការទីផ្សារ ព្រម​គ្នា​ជាមួយ ការ​ប្រារព្ធ​ខួប​លើក​ទី ២៥ របស់ខ្លួន ដែលមាន​វត្តមាន នៅ​ប្រទេស​កម្ពុជា​។​

​ស្ថានីយ៍​ទាំងនេះ​ មាន​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ទាក់ទាញ ស្ថិតនៅក្នុង​តំបន់ជ្រោយចង្វារ ចំការ​ដូង ទួល​ស្វាយព្រៃ និង​បឹងត្របែក​។ ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងអស់ ស្ថិតនៅលើ​ផ្លូវធំៗ ដែល​ផ្តល់​ភាពងាយស្រួល ​ក្នុងការ​ធ្វើដំណើរ​ចូល​ស្ថានីយ៍​។ ក្រៅពី​ស្ថានីយ៍​ប្រេងឥន្ធនៈ ក៏មាន​ផ្តល់ជូន​នូវ​សេវាកម្ម​បន្ថែម ជាច្រើន​ប្រភេទ​ទៀត ដូចជា​ហាង​កាហ្វេ និង​ហាង​ទំនិញ Bonjour ទីតាំង​ប្តូរ​ប្រេង​ម៉ា​ស៊ីន​ជាដើម ។​ល​។​

​លោក Asif Iqbal នាយក​គ្រប់គ្រង​ក្រុមហ៊ុន​តូ​តា​ល់ កម្ពុជា បាន​មានប្រសាសន៍ថា «​ដើម្បី​កត់សម្គាល់ ប្រតិបត្តិការ​ដ៏​អស្ចារ្យ​រយៈពេល ២៥​ឆ្នាំ​របស់​យើងខ្ញុំ នៅ​ប្រទេស​កម្ពុជា យើង​នឹង​ប្រារព្ធ​ពិធី​បើកសម្ពោធស្ថានីយ៍ ប្រេងឥន្ធនៈ​ថ្មី​ចំនួន ៤​កន្លែង​ដំណាលគ្នា ក្នុង​មួយថ្ងៃ​ពេញ​។ ការបើក​ស្ថានីយ៍​ទាំងនេះ ស្រប​ទៅនឹង​តម្រូវការ អតិថិជន​របស់​យើង ដែល​តែងតែ​ចង់ឱ្យមាន ស្ថានីយ​ច្រើន​កាន់តែ​ខិតជិតលំនៅដ្ឋាន និង​កន្លែងធ្វើការរបស់​ពួកគេ​។ ក្រុមហ៊ុន​យើង កំពុង​ព​ន្លឿ​ន​កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ហើយ​ឆាប់ៗ​នេះ យើង​នឹង​អាច​បម្រើ​អតិថិជន កាន់តែច្រើន​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ផងដែរ​។​»

​លោក Asif Iqbal បាន​ប្រារព្ធ​ខួប​នេះ ដោយមាន​ការ​កាត់​ខ្សែបូរ នៅ​ស្ថានីយ៍​ជ្រោយចង្វារ​នា​ពេលព្រឹក​នេះថ្ងៃសុក្រនេះ រួមជាមួយការសម្តែង​ក្បាច់​រាំ ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​ផ្តល់​អំណោយ​ជាការ​អរគុណ សម្រាប់​អតិថិជន​នៅ​ស្ថានីយ៍​ផ្ទាល់​។ ក​ម្ម្​វិធី​នេះ ប្រារព្ធ​ពេញ​មួយថ្ងៃ ដោយមាន​សកម្មភាព​ដូចៗ​គ្នា នៅ​ទីតាំង ៣​កន្លែង​ផ្សេងៗ​ទៀតផង​ដែរ​៕​