ព័ត៍មានទាន់​ហេតុការណ៏
Search

វណ្ណ វ​ល័​ក្ខ ច្រានចោល​ដំណឹង​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ភាព​ហ៊ឺហា​ក្រោយខ្នង

ភ្នំពេញ​ ៖​ តារា​សម្តែង​មាន​ដើមកំណើត​មកពី​ខេត្តកំពង់ធំ​កញ្ញា វណ្ណ វ​ល័​ក្ខ ស្រប​ពេល​មានការ​ចុះផ្សាយ​ដោយ​លើក​ការ​សង្ស័យ​ថា​ បច្ចុប្បន្ន​នាង​កំពុង​មាន​បុរស​ម្នាក់​ចាំ​ជួយ​ទំនុកបម្រុង​ និង​តែង​ផ្តល់​ភាព​កក់ក្តៅ​តាមរយៈ​ការ​ផ្តល់​លុយ​ដើម្បី​ទិញ​របស់​ប្រើប្រាស់​មានតម្លៃ​ថ្លៃៗ​ ​ខណៈ​សព្វថ្ងៃ​នាង​ក៏​ចាប់ផ្តើម​លេច​ភាព​ហ៊ឺហា​ដោយ​ការ​ជិះ​រថយន្ត​ស៊េរី​ទំនើប​ព្រមទាំង​ចាយ​លុយ​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​​​ផង​នោះ ​ភ្លាមៗ​នេះ​សាមីខ្លួន​បាន​ចេញមុខ​បដិសេធ​ និង​ច្រានចោល​ដំណឹង​មួយ​នេះ​។​

បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សាមីខ្លួន​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​លើក​ឡើង​ថា​ សម្រាប់​ដំណឹង​មួយ​នេះ ​ខ្ញុំ​សូម​ធ្វើការ​ឆ្លើយ​បដិសេធ​ទាំងស្រុង ​ព្រោះ​រាល់​ថ្ងៃ​នេះ​គ្មាន​នរណា​ម្នាក់​គេ​មក​ជួយ​ចាំ​ទំនុកបម្រុង​ឬ​ឧបត្ថម្ភ​អ្វី​ក្រៅតែ​ពី​ការងារ​បាន​មក​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួន​ខ្ញុំ​ឡើយ​។ ​ម្យ៉ាងទៀត​រាល់ថ្ងៃ​ខ្ញុំ​ស្ទើរតែ​រកបាន​ព្រឹក​ខ្វះ​ល្ងាច​ទៀតផង​។​

កញ្ញា វណ្ណ វ​ល័​ក្ខ បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ទៀតថា ​គ្មានទេ​ចំពោះ​អ្នក​ទំនុកបម្រុង​នោះ​ពោលគឺ​រាល់ថ្ងៃ​នាង​ធ្វើ​ការងារ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​ផ្ទាល់ខ្លួន ចំណែក​ដំណឹង​នេះ​ នាង​ចាត់ទុកថា​ជា​រឿង​មិន​ពិត​ដែល​កើតចេញពី​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់​ដែលមាន​ចេតនា​ច្រណែន​ខ្លួន​ផងដែរ​។​ តារា​ស្រី​​ វណ្ណ វ​ល័​ក្ខ និយាយទៀតថា ​ចំណែក​រឿង​ចាយលុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ទិញ​ដី​នោះ​ក៏​ពុំមែន​ជា​ការពិត​នោះដែរ។

តារា​សម្តែង​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បន្តថា​ បញ្ហា​ទិញ​ដី​នេះ​អាច​មាន​ការ​យល់ច្រឡំ​ដោយហេតុថា​កាលពី​ថ្មីៗ​នេះ​ អំឡុងពេល​ខ្ញុំ​ទៅ​ថត​សម្តែង​រឿង​នៅ​ម្តុំ​ក្បែរ​ភ្នំបាសិទ្ទិ​ក៏បាន​ឆ្លៀតទៅ​មើល​ដី​តំបន់​នោះ​មែន​ ព្រោះ​ឃើញ​ទីតាំង​ស្អាត។ ប៉ុន្តែ​ខ្ញុំ​មិនទាន់បាន​ទិញ​នោះទេ ​គឺ​គ្រាន់តែ​ស្រលាញ់​និង​មើល​ទុក​ឲ្យ​ហើយ​ ប្រសិនបើ​មានឱកាស​ ឬសន្សំ​លុយ​បាន​គឺអាច​នឹង​មាន​គម្រោង​ទិញ​ដី​នោះ​ទុក​មែន​។​

សូមបញ្ជាក់ថា ​ការចេញមុខ​ប្រតិកម្ម​ឆ្លើយតប​ពី​សំណាក់​តារា​សម្តែង​កញ្ញា វណ្ណ វ​ល័​ក្ខ ខាងលើនេះ​បានធ្វើ​ឡើង​ភ្លាមៗ​ក្រោយពេល​មានការ​បង្ហើប​និង​ចុះផ្សាយ​ព័ត៌មាន​ថា​ភាព​ហ៊ឺហា​​របស់​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ បច្ចុប្បន្ន​គឺអាច​បាន​មកពី​ការឧបត្ថម្ភ​ និង​ទំនុកបម្រុង​របស់​ប្រុស​ស្នេហ៍ ​ដែល​សម្បូរ​ទ្រព្យធន​។​ ប៉ុន្តែ​ដំណឹង​នេះ ​ត្រូវបាន​សាមីខ្លួន​ឆ្លើយ​បដិសេធ​ថា​ ពុំមែន​ជា​ការ​ពិត​ឡើយ៕

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114