ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ទូល​ស្នើ​ព្រះមហាក្សត្រ​តែងតាំង​អគ្គនាយក​នគរបាល​ថ្មី ៣ រូប ជំនួស​អគ្គនាយក​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍

ភ្នំពេញ ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី ៣១ ខែសីហា​នេះ បានទូល​ថ្វាយ​ស្នើសុំ​ព្រះមហាក្សត្រ​ដោះដូរ​មន្ត្រីនគរបាល​ជាន់ខ្ពស់​៣​រូប​ជា​អគ្គនាយក​អន្តោប្រវេសន៍​, អគ្គនាយក​អត្តសញ្ញាណ​កម្ម និង អគ្គនាយក​ភស្តុភារ​និង​ហរិញ្ញវត្ថុ​។ នេះ​បើ​យោងតាម​លិខិត​ទូល​ថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី ៣១ ខែ សីហា​នេះ។

នៅក្នុង​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានទូល​សេចក្តី​ថា​ ៖ «​តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ​សូមក្រាបបង្គំទូល​ថ្វាយ​ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ទ្រង់​ព្រះ​មេត្តា​ជ្រាប​អំពី​សំណូមពរ​ចាំបាច់​នៃ​ការងារ និង​ពិនិត្យ​លក្ខណៈ​សម្បត្តិ សមត្ថភាព និង អតីតភាព​ការងារ​ ដែល​កន្លងមក​មាន​ស្នាដៃ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ ទូលព្រះបង្គំជាខ្ញុំ​សូម​ទ្រង់​ព្រះ​បរម​រាជា​នុញ្ញាតិ​ដ៏​ខ្ពង់ខ្ពស់​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ជា អគ្គនាយក​ចំនួន​បី​រូប​នៃ​ក្រសួង​មហា​ផ្ទៃ»។

អគ្គនាយក​ទាំងបី​រូប​នោះ​រួមមាន​ ៖
​ទី​១.​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អតីត​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទៅជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​
​ទី​២.​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អតិ​ត​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទៅជា​អគ្គនាយក​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។
​ទី​៣. លោក សេង យូ​អ៊ា​ន់ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ អតីត​អគ្គនាយករង ទៅជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ ។​

គួរ​បញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ត្រូវ​ទៅ​ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ដែលជា​អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ត្រូវ​ចូលនិវត្តន៍​។ ២.​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន ទៅ​ជំនួស​កន្លែង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អតីត​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ដែល​ត្រូវ​ចូលនិវត្តន៍​និង​ទី​៣.​លោក សេង យូ​អ៊ា​ន់ ទៅជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណា​រិ​ទ្ធ ដែល​ត្រូវ​ចូលនិវត្តន៍​។ មន្ត្រី​ទាំងបី​រូប​ដែល​បាន​ដកចេញ​នេះ​បាន​កាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទាំងបី​នេះ នៅក្នុង​អាណ្តត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥។​
នេះ​អាច​និយាយបានថា ​ជាការ​កែទម្រង់​ថ្មី​មួយ​នៅក្នុង​ជួយ​នគរបាល​ជាតិ​ដែល​មន្ត្រី​ថ្នាក់​នាយ​ឧត្តមសេនីយ៍​បី​រូប​ត្រូវបាន​ប្តូរ​ចេញ ដោយ​មិនបាន​តែងតាំង​តំណែង​អ្វី​បន្តទៀត។ កន្លងមក​មានការ​ផ្លាស់​ប្តូរ មន្ត្រី​ប៉ូលិស​ជា​ញឹកញាប់​ដែរ តែ​គ្រាន់តែ​ប្តូរ​ពី​អគ្គនាយកដ្ឋាន​មួយ​ទៅកាន់​អគ្គនាយកដ្ឋាន​មួយ​តែប៉ុណ្ណោះ។ ការផ្លាស់ប្តូរ​នេះ​ទៀតសោត ជួន​ពេលដែល​មានការ​ភាព​អសកម្ម​យ៉ាងច្រើន​កំពុង​កើតមាន ដូចជា​បញ្ហា​គ្រប់​គ្រង់​ជនអន្តោប្រវេសន៍ បញ្ហា​ជនបរទេស​កាន់​លិខិតឆ្លងដែន​ខ្មែរ និង ភាព​អសកម្ម​ជាច្រើន​ទៀតផង​ដែរ៕