ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​គ្រោង​បង្កើត​ខេត្ត​ថ្មី​ពីរ​ទៀត​បំបែក​ចេញពី​ខេត្តកណ្តាល​(​មួយ​), ខេត្តមណ្ឌលគិរី​និង​រតនគិរី​(​មួយ​)

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​សុំ​បង្កើត​ខេត្ត​ថ្មី​ចំនួន ២ ទៀត ដែល​បំបែក​ចេញពី​ខេត្ត​កណ្ដាល ខេត្ត​មណ្ឌល​គី​រី​និង​រតនគីរី ។ សំណើ​នេះ​ត្រូវ​បាន​ទទួល​បាន​ការ​យល់​ព្រម​ជា​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រួចហើយ​ដែរ។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ២៧ ខែសីហា នេះ​បាន​ស្នើសុំ​សេចក្តី​សម្រេច​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បង្កើត​ខេត្ត​ថ្មី​ចំនួន ២ បន្ថែមទៀត។ ដោយយោង​ទៅលើ​ការបង្កើត​គណៈកម្មការ​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ដឹកនាំ​ដោយ​សម្ដេច​(​សខេង​)​ដោយ​ផ្ទាល់​។

ក្នុង​ករណី​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​ឯកភាព​ជាគោលការណ៍​លើ​គម្រោង​បង្កើត​ខេត្ត​ថ្មី​នេះ។ ក្រសួងមហាផ្ទៃ​នឹង​ចាត់​មន្ត្រី​បច្ចេកទេស​ដើម្បី​សហការ​ជាមួយ​ក្រសួង​និង​ខេត្ត​ពាក់ព័ន្ធ​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង​ដើម្បី​រាយការណ៍​សុំ​យោប​ល់​ជា​បន្ត​បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន។

លិខិត​សម្ដេច​ក្រឡាហោម ស ខេង ដែល​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា «​នៅ​ចំពោះមុខ​នេះ​ផ្អែក​តាម​ការពិនិត្យ​ជាទូទៅ​លើ​ស្ថានភាព​ភូមិសាស្ត្រ និង ស្ថានភាព​ប្រជារាស្ត្រ ខ្ញុំ​យល់​ឃើញ​ថា ​គួរ​ឲ្យ​មានការ​សិក្សា​លទ្ធភាព​ក្នុង​ការ​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន ២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​»​។

​ក្រសួងមហាផ្ទៃ​បាន​កំណត់​គោលដៅ​សិក្សា​លើ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ខេត្ត​មណ្ឌល​គី​រី និង រតនគី​រី​។ ​បើតាម​ក្រសួងមហាផ្ទៃ​ខេត្ត​មណ្ឌល​គី​រី ​គឺ ​ត្រូវ​ពិនិត្យ​លើ​កត្តា​ភូមិសាស្ត្រ​និង​ប្រជាពលរដ្ឋ​របស់​ស្រុក​កោះញែក និង​ ទីតាំង​ក្នុងស្រុក​លំផាត់​នៃ​ខេត្ត​រតនគីរី​។ ​ចំណែក​ខេត្ត​ថ្មី​មួយទៀត​នឹង​ត្រូវ​បំបែក​ចេញពី​ខេត្ត​កណ្ដាល។

បើ​យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង កិច្ចការ​បង្កើត​ខេត្ត​ថ្មី​នេះ​ត្រូវ​រៀបចំ​ធ្វើ​ឲ្យ បាន​ចប់ស​ព្វ​គ្រប់​នៅ​ខែមករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេល​វេលា​ឲ្យ​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់ គឺ​អំឡុង​ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ខេត្តកណ្តាល​ប​ច្ចុ​ប្បន្ន​ជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ជាប់​នឹង​ជាយ​ទីក្រុង​ភ្នំពេញ។ ខេត្តកណ្តាល​មាន​ទីក្រុង​មួយ​គឺ​ក្រុង​តាខ្មៅ​។ ខេត្ត​កណា្ត​ល​មានស្រុក​ចំនួន​១១ ក្រុង​១ ឃុំ ១៤៧ ភូមិ​ចំនួន ១០៨៧ និង​១៤៧​សង្កាត់​មាន​ប្រជាជន​ចំនួន ១.០៧៥.១២៥​នាក់ ហើយ​ខេត្ត​នេះ​ផងដែរ​មាន​ផ្ទៃដី ៣.៥៦៨​គីឡូ​ម៉ែត្រ​ការេ​។ ប្រជាជន​ខេត្ត​កណា្ត​ល​ភាគច្រើន​ជា​ប្រកបរបរ កសិកម្ម ដាំ​ដំណាំ ក្រៅពីនេះ​រដូវ​ធើ្វ​ស្រែ​ពួកគាត់​មាន​របរ​មួយទៀត​គឺ​របរ​ឡើងត្នោត​និង​ធើ្វ​ស្រូវប្រាំង​ព្រមទាំង​ដំណាំ​ផ្សេងៗ​ទៀត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់។

ចំណែក​ខេត្តរតនគិរី ត្រូវបាន​បំបែក​ចេញពី​ខេត្តស្ទឹងត្រែង​ ហើយ​បង្កើត​ឡើង​ពី​ឆ្នាំ១៩៥៩​។ ជា​ខេត្ត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ​ទី​រួម​ខេត្ត​បាន​លុង​ស្ថិតនៅ​កណ្តាល​ខ្ពង់រាប​នៃ​ខេត្ត​ចម្ងាយ ៥៨៦ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ លំផាត់​ដែលជា​ទីប្រជុំជន​នៅ​ភាគខាងត្បូង​ខេត្ត​ជាទី​រួម​ខេត្ត​កាលពីមុន។ ខេត្តរតនគិរី​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ជា​រៀងរាល់​ឆ្នាំ​។ ភាគច្រើន​នៃ​ប្រជាជន​រតនៈគិរី​ជា​ជនជាតិភាគតិច​ចំណែក​ជនជាតិ​ខ្មែរ​មាន​ប្រមាណ​តែ​១០​ទៅ​២០​ភាគ រយ​ប៉ុណ្ណោះ។ ខេត្តរតនគិរី មាន​៩ ស្រុក និង ៤៩ ឃុំ មាន​ផ្ទៃក្រឡា​សរុប ១០.៧៨២ គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​រស់នៅ​ចំនួន ១៤៩.៩៩៧ ដង់ស៊ីតេ​ប្រជាជន ១៤/​គម​២ ។

ខេត្ត​មណ្ឌល​គី​រី ជា​ខេត្ត​ស្ថិតនៅ​ភាគ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ។ ខេត្ត​នេះ​មាន​ផ្ទៃដី​ធំ​ជាង​គេ​តែ​មាន​ប្រជាជន​តិច​ជាង​គេ។ ទី​រួម​ខេត្ត​ឈ្មោះ​សែន​មនោ​រម្យ។ ខេត្ត​មណ្ឌល​គី​រី​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ធំ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​តំបន់​ទេសចរ​ណ៍​ធម្មជាតិ​ជាច្រើន​ដូចជា ទឹកជ្រោះ​ប្រកបដោយ​ហ្វូង​មច្ឆា ជាច្រើន​ប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និង​ភ្នំ​តូចធំ ជាច្រើន​។ ខេត្ត​មាន​ស្រុក​ចំនួន ៥ ឃុំ​ចំនួន ២១ មាន​ផ្ទៃ​ដី​សរុប​ទាំងអស់ ១៤.២៨៨ គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ប្រជាជន​សរុប ៣២.៤០៧​នាក់ មាន​៥.៦៥៧​គ្រួសារ (​តាម​របាយការណ៍​ជំរឿន​ឆ្នាំ​១៩៩៨) ហើយ​ដង់ស៊ីតេ​ប្រជាជន​គិត​ជា​មធ្យម ២​នាក់​ក្នុង ១​គីឡូម៉ែត្រ​ការ៉េ​អត្រា​កំណើនប្រជាជន ០.៣២​ភាគរយ​។

គួរ​រំលឹក​ផងដែរ​ថា ជា​បន្តបន្ទាប់​រាជរដ្ឋាភិបាល​បាន​បំបែក​ខេត្ត​ជា​បន្តបន្ទាប់​ក្នុង​ន័យ​បង្ខិត​រដ្ឋបាល​ឲ្យ​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់​បាន​ទទួល​សេវាសាធារណៈ និង បង្កើត​នូវ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី​នៅ​តំបន់​ជនបទ។ នៅក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី ៥ រាជរដ្ឋាភិបាល​បានសម្រេច​បំបែក​ខេត្តកំពង់ចាម​ជា​ពីរ ដោយ​ត្រើយ​ខាងកើត​ទន្លេ​ទៅជា ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​បង្កើត​ថ្មី​នៅក្នុង​ឆ្នាំ​២០១៣​ដោយ​កាត់​យក​ក្រុង​ចំនួន​១​និង​ស្រុក​ចំនួន​៦​ពី​ខេត្តកំពង់ចាម​គឺ ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក​និង​ស្រុក​មេមត់​។

ជា​មួយ​គ្នា​នេះ ​ដើម្បី ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទាំង​រដ្ឋបាល​និង​សន្តិសុខ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​ខណ្ឌ​ចំនួន​៣​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ខណ្ឌ​ច្បារអំពៅ​ដោយ​បំបែក​ចេញពី​ខណ្ឌមានជ័យ​,​ខណ្ឌ​ជ្រោយចង្វារ​បំបែក​ចេញពី​ខណ្ឌទួលគោក​និង​ឫស្សី​កែវ​និង​ខណ្ឌ​ព្រែក​ព្នៅ​ដោយ​បំបែក​ចេញពី​ខណ្ឌ​សែន​សុខ និង ខណ្ឌឫស្សី​កែវ។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុ​ជាមាន​រាជធានី​-​ខេត្ត ចំនួន ២៥ ។ ដូច្នេះ​បើ​មានការ​បង្កើត​ខេត្ត​ថ្មី​ពីរ​ទៀត​មែន​នោះ​ កម្ពុជា​នឹងមាន​រាជធានី​-​ខេត្ត​២៧៕