ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា និង​ចិន រួមគ្នា​ផលិត​ខ្សែភាពយន្ត​មនោសញ្ចេតនា ស្នេហា​ឆ្លង​ប្រទេស រឿង “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​”

ក្រុងព្រះសីហនុ​៖ ខ្សែភាពយន្ត​មនោសញ្ចេតនា ដែលមាន​ចំណងជើង​ថា “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” ត្រូវបាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ថត​ជា​ផ្លូវការ នៅ​សណ្ឋាគារ​ព្រី​នស៍ ថា​ម ហូ​ថេ​ល នៃ​ខេត្ត​ព្រះសីហនុ ក្រោម​អធិប​តិ​ភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, លោក គង់ ក​ន្ថា​រ៉ា អនុរដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និ​វិចិត្រសិល្បៈ​, លោក យន្ត មីន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ​, លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​ព្រី​នស៍ រៀល​អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​), រួមជាមួយ​ថ្នាក់ដឹកនាំ​ការិយាល័យ​កិច្ចការបរទេស នៃ​អគ្គនាយកដ្ឋាន​វិទ្យុ ភាពយន្ត និង​ទូរទស្សន៍​ចិន និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

​ក្នុង​ពិធី​នោះ លោក ថោង ខុន បាន​គូសបញ្ជាក់​ដោយ​វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុងការ​ផលិត​ខ្សែភាពយន្ត “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” នេះ​ឡើង ហើយ​លោក សង្ឃឹមថា​ខ្សែភាពយន្ត​នេះ នឹងចូលរួម​ចំណែក​ដ​ល់​ការផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក ជាពិសេស​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​

ដូចគ្នានេះដែរ លោក គង់ ក​ន្ថា​រ៉ា បាន​លើកឡើងថា ពិធី​សម្ពោធ​បើក​ការផលិត​ខ្សែភាពយន្ត​នេះ គឺ​ស្រប​ពេលដែល​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២ បាន​ឈាន​ឡើងដល់​កំរិត​កំពូល​គ្រប់​វិស័យ ហើយ​ការថត​ខ្សែភាពយន្ត​នេះ គឺជា​ការជួយ​ជំរុញ និង​លើក​កំពស់​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​ចិន ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែម​មួយកម្រិត​ទៀត ជាពិសេស​លើក​វិស័យ​សិល្បៈ​វប្បធម៌​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ខ្សែភាពយន្ត “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” ដឹកនាំ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា សហការ​ដោយ ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប ផលិត​ដោយ​ក្រុមហ៊ុន China Yunnan Da Dian Film and Television Culture Co., Ltd និង​ចូលរួម​សហការ​ផលិត​ដោយ Yunnan Yu Yue Culture Media Co., Ltd ព្រី​នស៍ ខ​ល​ឈ័​រ អេ​ន មេ​ឌា ឯ​.​ក និង​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​ក្រុង Teng Chong ខេត្ត អ៊ី​ន ណាន នៃ​បក្ស​កុំ​មុយ​នី​ស​ចិន​។​​

សាច់រឿង​នៃ​ខ្សែភាពយន្ត “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” គឺ​និយាយ​ពី បុរស ដែលជា​ស្ថាបត្យករ​គូស​ប្លង់ វ័យក្មេង​ជនជាតិ​ចិន​ម្នាក់ ដែល​ឈ្មោះថា Ou Yang Shu បាន​ជួប​ជាមួយនឹង​នារី​ខ្មែរ ដ៏​ស្រស់ស្អាត​ម្នាក់ ដែលមាន​ឈ្មោះថា Yi La នៅ​រាជធានី​ភ្នំពេញ​។ រឿងរ៉ាវ​ចម្លែកៗ បានកើត​ឡើងជា​បន្តបន្ទាប់ ក្រោយ​អ្នក​ទាំងពីរ​នាក់ បាន​ស្រលាញ់គ្នា​ទៅវិញទៅមក​យ៉ាង​ឆាប់រហ័ស​។ គោលបំណង​ធំ​នៃ​ផ្ទៃរឿង​ទាំងមូល និយាយ​អំពី ស្នេហា​របស់​យុវវ័យ​កម្ពុជា និង​ចិន ដែលជា​ស្នេហា​ស្មោះស្ម័គ្រ មនោសញ្ចេតនា ស្នេហា​រ៉ូ​មេន​ទិច និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ទោះបី​ឆ្លង​ប្រទេស​ក៏ដោយ​។

​ខ្សែភាពយន្ត “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” នឹងត្រូវ​បាន​ថត​នៅ​នឹង​ទីតាំង​ផ្ទាល់​មួយចំនួន ដូចជា​នៅ​រាជធានី​ភ្នំពេញ ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប កោះរ៉ុង​ក្នុង​ខេត្ត​ព្រះសីហនុ ភ្នំ​បូកគោ ក្នុង​ខេត្តកំពត​ជាដើម​។ ចំណែកឯ​ទេសភាព នៅក្នុង​ប្រទេស​ចិន​វិញ ត្រូវបាន​ជ្រើសរើស​ថត​នៅក្នុង​ទីក្រុង Teng Chong សង្កាត់ Qiao Xiang ក្រុង Kun Ming ខេត្ត អ៊ី​ន​ណាន ប្រទេស​ចិន​។​
​ដើម្បី​ធានា​ដល់​គុណភាព​និពន្ធ សាច់រឿង នៃ​ខ្សែភាពយន្ត “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” ត្រូវបាន​និពន្ធ​ដោយ​លោក Lin Jie អ្នកនិពន្ធ​លំដាប់​កំពូល ថ្នាក់ជាតិ​នៃ​ប្រទេស​ចិន និង​អ្នកដឹកនាំ​ជនជាតិ​ចិន ដ៏​ល្បីល្បាញ​គឺ​លោក Jiang Yun Min​។​

​ចំណែក​តួ​សម្ដែង​វិញ តួឯក​ប្រុស ជា​តារា​សម្តែង​ប្រចាំ​ប្រទេស​ចិន ដែល​ប្រកបដោយ​បទពិសោធន៍​យ៉ាងច្រើន​គឺ​លោក Sun Xu Bo ចំពោះ​តួឯក​ស្រី គឺជា​តារា​សម្តែង​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយរូប ប្រចាំ​ប្រទេស​កម្ពុជា​គឺ​កញ្ញា ផាន់ ផាត់​ណា​។ ក្រៅពីនេះ តារា​សម្តែង​ប្រចាំ​ប្រទេស​ចិន​គឺ​លោក Yang Jing Er និង​លោក Ma Hei A Yi ព្រមទាំង​តួ​សម្តែង​ជនជាតិ​បារាំង ជនជាតិ​ឆែក ក៏បាន​ចូលរួម​សម្តែង នៅក្នុង​ខ្សែភាពយន្ត​នេះ​ផងដែរ​។​

​ចំពោះ​ការចំណាយ សម្រាប់​ការផលិត​ខ្សែភាពយន្ត​មួយ​នេះ ត្រូវបាន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ជា​អ្នកទទួលបន្ទុក ដើម្បី​ជា​កិច្ច​តបស្នង​មកកាន់​សង្គម​វិញ នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​សម្រាប់​ជា​ខួប នៃ​ចំណង​ការទូត​រវាង ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ផងដែរ​។​

​ផលិតករ​បាន​ឲ្យ​ដឹងថា ខ្សែភាពយន្ត​មួយ​នេះ នឹង​ថត​ចប់​រួចរាល់​នៅ​ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់មក ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប នឹងធ្វើ​ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ នៅក្នុង​ប្រទេស​ចិន និង​ក្រៅប្រទេស​ផងដែរ ជាមួយគ្នា​នោះ​ផងដែរ ខ្សែភាពយន្ត​នេះ ក៏ត្រូវ​បានដាក់​ស្នើសុំ​ចូលរួម​ប្រកួតប្រជែង ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​សាសន៍​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស សហរដ្ឋអាមេរិក នា​ខែមេសា ឆ្នាំ ២០១៩ ផងដែរ​។​

​លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​ព្រី​នស៍ រៀល​អ៊ី​ស្ទេ​ត (​ខេ​ម​បូ​ឌា​) គ្រុប បាន​ឲ្យ​ដឹងថា ចាប់តាំងពី ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​បង្កើត​ឡើងមក បាន​ក្លាយជា​អ្នក​នាំសារ​វប្បធម៌ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​។ គោលបំណង​នៃ​ការថត​ខ្សែភាពយន្ត “​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​” នេះ​ឡើង គឺ​ដើម្បី​ជួយ​ផ្ស​ព្ធ​ផ្សាយ អំពី​ប្រាសាទអង្គរវត្ត ដ៏​ពិសេស​អស្ចារ្យ​របស់​កម្ពុជា ទេសភាព​ដ៏​ស្រស់ត្រកាល ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​សមិទ្ធិផល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ទៅអោយ​ប្រទេស​ចិន ក៏ដូចជា​ពិភពលោក​ទាំងមូល​បានដឹង និង​បានឃើញ​ផងដែរ ក៏ដូចជា​ដើម្បី​បង្កើន​សក្កា​នុព​ល របស់​ប្រទេស​កម្ពុជា​នៅក្នុង​ពិភពលោក ធ្វើ​ឲ្យ​ប្រជាជន​លើ​ពិភពលោក​ទាំងមូល កាន់តែ​យល់ច្បាស់​ពី​ប្រទេស​កម្ពុជា ស្រលាញ់​ប្រទេស​កម្ពុជា និង​ដើម្បី​រួមគ្នា​កសាង​ប្រទេស​កម្ពុជា កាន់តែ​រុងរឿង​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​៕​