ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បង្ហាញ​មហិច្ឆតា​ដណ្តើម​យក​មេដាយ​អូ​ឡាំ​ពិ​ក​ឲ្យ​បាន​ច្រើន​

ភ្នំពេញ​ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​ម្ចាស់​ជ័យលាភី ​និង ​ប្រតិភូ​កីឡា​កម្ពុជា​ នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ​ដោយ​ក្បួន​ដង្ហែ​បាន​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ម៉ោង ១៧និង៣៥​នាទី​ឆ្ពោះ​មក​វិមាន​សន្តិភាព​ជាមួយនឹង​ម៉ូតូ​កិត្តិយស​អម​ចំនួន​៦​គ្រឿង ដែល​សម្រាប់​ការប្រកួត​នេះ​អត្ត​ពលិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស ២ និង​សំរឹទ្ធ​១​។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ទាំងមូល​សម្តេច​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វីរៈ​កីឡាការិនី​កញ្ញា ខាន់ ចេ​សា និង ទៅ​វីរៈ​កីឡាករ សាលី អ៊ូ​មើ​ត។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​កាលពី ១៨ ថ្ងៃមុន ថា សម្តេច​បាន​ជួប​ជាមួយនឹង​កីឡាករ កីឡាការិនី​របស់​យើង​មុន​ចេញដំណើរ​ទៅ​ប្រកួត​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។ ១៨ ថ្ងៃក្រោយ​យើង​ក៏បាន​ជួបជុំគ្នា​នៅទីនេះ​ម្តងទៀត​ដើម្បី​អបអរសាទរ​ចំពោះ​ការ​ដណ្ដើមបាន​មេដាយមាស។​ ក្មួយៗ ពិតជា​មិន​ធ្វើ​ឲ្យ​ប្រទេសជាតិ​របស់​យើង ខកបំណង​ទេ​។​ យើង​បាន​អង្គុយ​ចាំ​បែបនេះ​ល្អ​ជាង​ពេល ៦៤ ឆ្នាំ​កន្លង​មក​ហើយ យើង​បានតែ​មេដៃ​មាស​១ កាលពី​ឆ្នាំ​២០១៤ ដោយ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី។

​ពេលនេះ ក្មួយៗ​ទាំងពីរ​នាក់​ហាក់ដូចជា​ការរួម​ជាមួយ​នឹង ស៊ន សៀវ​ម៉ី រួមទាំង​ការគាំទ្រ​ទាំងឡាយ​របស់​ស្ថាប័នរដ្ឋ​និង​ប្រជាជន​កម្ពុជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ នេះ​ឡើង ហើយ​សង្ឃឹមថា ប្រវត្តិសាស្ត្រ​នឹង​កត់ត្រា​ទុក​នូវ​អ្វី​ដែល​ក្មួយៗ​បានធ្វើ​ពេលនេះ​ដែរ។ ​ចំណុច​នេះ សួរ​ថា ចុះ​លោក ហ៊ុន សែន គ្រាន់តែ​មេដៃ​មាស ១ ហេតុ​អី​បានជា​មក​ខំ​ឈរ​ចាំ​ទទួល​នៅទី​នេះ​។ ឯ​ចិន​វិញ​នោះ គេ​មាន​មេដៃ​រហូតដល់ ២២៤ គ្រឿង ជប៉ុន​ជាង​១០០ កូរ៉េ​ជាង​១០០​។ តែ​អា​មួយ​នេះ​ហើយ​ដែល​យើង​ត្រូវ​ឈរ​ចាំ​ទទួល​ដើម្បី​ឲ្យ​វា​កើតមាន​តទៅទៀត​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ខ្ញុំ​សូម​អរគុណ​ចំពោះ​អស់លោក​ជា​គ្រូ​បង្វឹក​ដែលជា​ជនបរទេស​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​បន្ថែម​ និង ​ការ​ជួយឧបត្ថម្ភ​នានា​សម្រាប់​ការ​រីកលូតលាស់​នៃ​កីឡា​របស់​កម្ពុជា ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឈាន​ឡើង​របស់​យើង​នៅក្នុង​វិស័យ​កីឡា​ដែល​នេះ​មិនមែន​ជា​ការកំណត់​ចុងក្រោយ​របស់​យើង​ទេ យើង​ត្រូវមាន​ជំហាន​ឈាន​តាម​លំដាប់ៗ។ ប៉ុន្តែ​យើង​មិនទាន់​មាន​មេដៃ​មួយទៀត​ចេញពី olympic នៅឡើយ​នោះ​ទេ។ យើង​ត្រូវ​បន្ត​ការ​ខិតខំ​របស់​យើង​បន្ត​ទៀត​ដើម្បី​ទទួល​បាន​មេដាយ​អូ​ឡាំ​ពិ​ជ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ ខាន់ ចេ​សា ដែល​ស្ម័គ្រចិត្ត​មក​ប្រកួត​ឲ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​គឺជា​មោទនភាព​ខ្លាំង​ណាស់ ហើយ​ក្នុងពេលដែល​ក្មួយ​មាន​សញ្ជាតិ​អាមេរិក មាន​ឪពុក​ដែល​មាន​សញ្ជាតិ​អាមេរិក ម្ដាយ​ក៏​សញ្ជាតិ​អាមេរិក​ឲ្យ​ពូ​សុំ​ដឹងគុណ​ចំពោះ​ម្ដាយ​និង​ឪពុក​របស់​ក្មួយៗ ដែល​បាន​បញ្ជូន​ក្មួយ​ស្រី​មក​ចូលរួម​នៅក្នុង​ការប្រកួត​នេះ។ សង្ឃឹមថា ក្មួយ​ស្រី​នឹង​បន្ត​ចូលរួម​ប្រកួត​ក្នុង​ឋានៈ​ជា​ជម្រើសជាតិ​របស់​កម្ពុជា​បន្តទៅទៀត។

កិ​ត្ដិ​យស​ដែល​អ្នក​ទាំងពីរ​ទទួល​បាន​នៅ​ពេល​នេះ​ មិន​ត្រឹមតែ​ជា​កិត្តិយស​សម្រាប់​ខ្លួន​នឹង​ក្រុមគ្រួសារ​នោះ​ទេ ​តែ​ជា​កិត្តិយស​សម្រាប់​ជាតិ​ទាំងមូល។ ក្មួយៗ​ត្រូវ​បាន​អម​ដោយ​ម៉ូតូ ៦ គ្រឿង​ចេញពី​ព្រលានយន្តហោះ។ ការធ្វើដំណើរ​ដោយមាន​ម៉ូតូ​អស់នេះ​។​ គឺ​មានតែ​ព្រះមហាក្សត្រ​និង​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ​ដែល​ធ្វើដំណើរ​ដោយមាន​ម៉ូតូ​អម​។ ការ​អម​ដោយ​ម៉ូតូ ៦​គ្រឿង​នេះ​គឺ​មិនមែន​សំដៅ​ទៅលើ​កីឡាការិនី​នេះ​ទេ តែ​សំដៅ​ទៅលើ​មេដៃ​ដែល​យើង​ទទួល​បាន។

សម្តេច​បាន​លើកឡើងថា ដើម​អាណ​ត្តិ​ទី​៥ យើង​ទទួលបាន​មេដៃ​មាស ១ ដែល​នាំមក​ដោយ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ១ និង​ចុង​អាណត្តិ​ទី​៥ នៅសល់តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ចប់​អាណ​ត្តិ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ ហើយ បាន​នាំមក​នូវ​មេដាយមាស​ពីរ​ទៀត​ ដែល​នេះ​វា​ជា​ជោគជ័យ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ទាក់ទង​ទៅ​វិស័យ​កីឡា។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុក​ការ​ឈ្នះ​មេដាយមាស​ពីរ​ក្នុង​ឆ្នាំ​តែមួយ​ខាងលើ​ថា ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា។ លើសពី​នេះ​វា​បាន​សាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ថ្មី​មួយទៀត​ក្នុង​ការ​បំបែក​កំណត់ត្រា​ក្នុង​រយៈពេល ៦៤ ឆ្នាំ ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍ Asian Games។ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​សាង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​នេះ​នៅ​ទីក្រុង​អ៊ី​ន ឆន​ប្រទេស​កូរ៉េ។

គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ឥណ្ឌូនេស៊ី កម្ពុជា​ឈរ​លេខ​រៀង​ទី​២២ បណ្ដោះ អាសន្ន ដោយមាន​មេដាយមាស ២ និង​សំរឹទ្ធ ១។

កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា Newaza​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​នៃ​ប្រភេទ​កីឡា ជឺ​ជិត​ស៊ី (Jiu-Jitsu) មុន​ពេល​ដែល​កីឡាករ​ម៉ូតូ​ទឹក​(JetSki)​សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​Ski Modified និង​មេដាយ សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock​។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​កាលពី​ឆ្នាំ ២០១៣ ជ័យលាភី​មេដាយមាស ខាន់ ចេ​សា និង សាលី អ៊ូ​មើ​ត ទទួល បាន​ប្រាក់រង្វាន់​ម្នាក់ៗ​ចំនួន ៨០ លាន​រៀល​សម្រាប់​មេដាយមាស និង មេដាយ​សំរឹទ្ធ ទទួល​បាន​២៤​លាន​រៀល។ គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក ទាំង​២​ទទួល​ម្នាក់ៗ​៨០​លាន​រៀល រីឯ​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​។

​បន្ថែម​ពី​នេះ​ជ័យលាភី​ក៏​ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​ផ្ទាល់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ កន្លងមក​សម្តេច​ប្រកាស ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​មេដាយមាស​៥.០០០​ដុល្លារ​អាមេរិក​សម្រាប់ មេដាយ​ប្រាក់​និង​៣.០០០​ដុល្លារ​អាមេរិក​សម្រាប់​មេដាយ​សំរឹទ្ធ។

ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បំពាក់​មេដាយ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​កីឡាការិនី និង កីឡាករ ព្រមទាំង​គ្រូ​ប​ង្វឹ​ក៕