ព័ត៍មានទាន់​ហេតុការណ៏
Search

ចូលរួម​រំលែក​ទុក្ខ​ផង! កវីនិពន្ធ​បទ កំពង់ធំ​ជំរំ​ចិត្ត លោកគ្រូ ម៉ម ប៊ុត​ណា​រ៉ា​យ ទទួល​មរណភាព​ហើយ

ភ្នំពេញ ​៖​ មហាជន​ភាគច្រើន​ប្រាកដជា​ធ្លាប់​ដឹង ​និង​ស្តាប់​នូវ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កវី​ជើងចាស់​លោកគ្រូ ម៉ម ប៊ុត​ណា​រ៉ា​យ គឺ​បទ​ កំពង់ធំ​ជំរំ​ចិត្ត ដែល​មាន​អត្ថន័យ​រៀបរាប់​អំពី​ប្រវត្តិ​ស្នេហា​ដុះ​ពន្លក​ចេញពី​ទឹកដី​ខេត្តកំពង់ធំ​ដ៏​អន្លង់អន្លោច។ បទ​នេះ​គឺ​គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​យូរ​ជំនាន់​មក​ហើយ​សម្រាប់​កូន​ខ្មែរ​ ហើយក៏​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក​ស្តាប់​ផង​ដែរ។

ថ្វីត្បិតតែ​បទ កំពង់ធំ​ជំរំ​ចិត្ត នៅតែ​រក្សា​ទុកជា​អនុស្សាវរីយ៍​សម្រាប់​មហាជន​ខ្មែរ​បន្ត​គ្រប់​ជំនាន់​ក៏​ពិតមែន​ ប៉ុន្តែ​ថ្មីៗ​ នេះ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត ខណៈ​ដែល​កវីនិពន្ធ​បទ កំពង់ធំ​ជំរំ​ចិត្ត លោកគ្រូ​ម៉ម ប៊ុត​ណា​រ៉ា​យ ត្រូវ​បាន​ទទួលមរណៈភាព​ ហើយ​កាលពី​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក​នេះ។

ដំណឹង​នៃ​ការ​ទទួល​មរណភាព​របស់​លោកគ្រូ ម៉ម ប៊ុត​ណា​រ៉ា​យ បានធ្វើ​ឲ្យ​អ្នកសិល្បៈ​និង​មហាជន​ជាច្រើន​សម្តែង​ការសោកស្តាយ​ចំពោះ​ដំណឹង​ដ៏​ក្រៀមក្រំ និង សោកស្តាយ​បំផុត​ដោយហេតុថា​នេះ​ជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់ទៀត​របស់​ខ្មែរ។ ដោយឡែក​បើ​តាម​ការ​បញ្ជាប់​ឲ្យ​ដឹង​ពី​សំណាក់​សមាគម​សិល្បករ​ខ្មែរ​លើក​ឡើង​ថា​ លោកគ្រូ ម៉ម ប៊ុត​ណា​រ៉ា​យ ពិតជា​បាន​ទទួល​មរណភាព​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា។

លោក ហេង ឡុង បាន​រៀបរាប់​ថា មាន​ស្គាល់​គាត់​ទេ​? គាត់​មាន​ឈ្មោះ​លោក​គ្រូ ម៉ម ប៊ុត​ណា​រ៉ា​យ គាត់​គឺជា​អ្នកនិពន្ធ​បទ «​កំពង់ធំ​ជំរំ​ចិត្ត​» គាត់​បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៨ នេះ​។ សមាគម​សិល្បករ​ខ្មែរ​បាន​ចាត់​តំណាង​យក​ថវិកា​ដែល​ជា​មូលនិធិ​សិល្បករ​ចាស់ជរា​ចូល​បច្ច័យ​បុណ្យសព​ផង​ដែរ។

លោក ហេង ឡុង បាន​បន្ថែម​ទៀត​ថា ​សុំ​ជួយ​ស៊ែរ​លើកទឹកចិត្ត​សប្បុរស​ជន​ម្នាក់​១​ផង សមាគម​ក៏​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ ដែល​បាន​ជួយឧបត្ថម្ភ​ដល់ “​មូលនិធិ​សិល្បករ​ចាស់ជរា​” ជាពិសេស​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់ជរា​ក្នុង​រយៈពេល ៥ ឆ្នាំ។
គូស្នេហ៍​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ​គឺ​លោក​ហេង ឡុង​បាន​បន្ថែម​ទៀត​ថា​ សមាគម​សិល្បករ​ខ្មែរ សូម​គោរព​ជូនពរ​សម្តេច​ទាំងពីរ និង​សប្បុរសជន​ទាំងអស់​ឱ្យ​មាន​សុខ​ភាពល្អ​បរិបូណ៌​ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថ្កុំថ្កើង​រុងរឿង​ត​ទៅ​មុខ​ទៀត៕