ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ណាហ្គា​វើ​ល ងាក​ទៅ​ផ្តោត​ការប្រកួត​ដែល​នៅសល់​ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ

ក្រុម​ណាហ្គា​វើ​ល កំពុង​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រឹម​សប្ដាហ៍​ទី​១៩ បាន​ដាក់​ចិត្ត​ងាក​មក​ផ្តោត​លើ​ពានរង្វាន់​នេះ​វិញ ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​ទី​១២ (Hun Sen Cup 2018) កាលពីពេល​ថ្មីៗ ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ដោយ​ថ្វី​ជើង​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​)​។

លោក មាស ចាន់ណា គ្រូបង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល បាន​លើក​ឡើង​ជុំវិញ​របូត​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា «​យើង​ត្រូវ​ផ្ដោត​លើ​លី​គ​ម្ដង ព្រោះ​យើង​របូត​ឱកាស​មួយ​។ ណាមួយ​លី​គ​យើង​នាំមុខគេ ២​ពិន្ទុ ចឹ​ង​យើង​ត្រូវ​គិត​ពី​ពាន​មួយ​បន្ដ​ទៀត ដោយ​យើង​ផ្ដោតអារម្មណ៍​តែ​លើ​ពាន​លី​គ​មួយ​ទេ ព្រោះ​ឥលូវ​យើង​បាត់​សម្ពាធ​ទី​១ ហើយ តែបើ​យើង​ឈ្នះ យើង​នៅ​សម្ពាធ​បន្ដទៀត ចឹ​ង​យើង​នៅ​សម្ពាធ​ទី​២ ដែល​យើង​ត្រៀម​ត្រូវធ្វើ​ម៉េច​ដណ្ដើម​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឲ្យ​បាន​» ។

សូម​បញ្ជាក់​ថា​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​ក្រសួងការពារជាតិ បាន​ប្រកួត​រហូតដល់​ម៉ោង​បន្ថែម​១៥​នាទី​ចំនួន​២​លើក បន្ទាប់ពី​ស្មើគ្នា​១​ទល់​១ នៅ​ម៉ោង​ប្រកួត​ពេញ​៩០​នាទី​។ នៅក្នុង​ម៉ោង​បន្ថែម​ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម​ណាហ្គា​វើ​ល ២​គ្រាប់​ជាហេតុ​ធ្វើ​ឲ្យ​លទ្ធផល​សរុប​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ណាហ្គា​វើ​ល ៣​ទល់​១​។ ក្រុម​ណាហ្គា​វើ​ល ទទួលបាន​កៅអី​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។

ងាក​ទៅ​មើល​ប្រ​វត្ត​សាស្ត្រ​វិញ​ក្រុម​ណាហ្គា​វើ​ល ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​២​លើក​ដែរ​គឺ​នៅ​ឆ្នាំ​២០០៧​និង​២០០៩​។ គិត​ត្រឹម​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា​ក្រុម​ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួលបាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣ ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​បើ​ក្រឡេក​មើល​លទ្ធផល​កាលពី​រដូវ​កាល​ចាស់​របស់​ក្រុម​ណាហ្គា​វើ​ល បានបញ្ចប់​ទៅ​ដោយ​ក្នុង​រដូវ​កាល​លី​គ​កំពូល​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ខណៈ​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ណាហ្គា​វើ​ល​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕