ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ការ​ធុញទ្រាន់​នឹង​ការប្រមាថ​របស់​បរទេស​មក​លើ​ជាតិ​សាសន៍​ខ្មែរ

ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គ​មា​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ការ​ធុញទ្រាន់​ចំពោះ​ពួក​បរទេស​ដែល​ប្រមាថមើលងាយ​ចំពោះ​ជាតិ​សាសន៍​កម្ពុជា ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​លើកឡើង​ថា «​អ្នកឯង​គ្រាន់តែ​មានសំណាង កើត​នៅលើ​ក្នុងប្រទេស​អ្នកមាន​តែប៉ុណ្ណោះ ប៉ុន្តែ​ខួរក្បាល​អ្នកឯង​មិន​ប្រាកដថា ពូកែ​ជាង​ខ្ញុំ​ទេ »។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​បែបនេះ ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អត្ត​ពលិ​ក​មេដាយមាស​ពី​កីឡា​អាស៊ី​ហ្គេម​លើក​ទី​២៨ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ខណៈ​ដែលមាន​បរទេស​មួយចំនួន​តែង​ប្រមាថ​មកលើ​ជាតិ​សាសន៍​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា គ្រាន់តែ​យើង​កើត​នៅក្នុង​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មាន​អ្នកខ្លះ​ប្រមាថមើលងាយ​ចំពោះ​ជាតិ​សាសន៍​យើង។ ក៏ប៉ុន្តែ​ខួរក្បាល​របស់គេ​មិន​ប្រាកដ​ថា ពូកែ​ជាង​យើង​ទេ​។ ខ្ញុំ​ហ៊ាន​និយាយ​យ៉ាង​ដូច្នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា « ខ្ញុំ​ធុញទ្រាន់​នឹង​ការប្រមាថ​ពី​ប្រទេស​អ្នកមាន​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​សូម​ផ្ញើ​សារ​ឲ្យ​អ្នកឯង​ត្រឡប់​ទៅវិញ​ថា អ្នកឯង​គ្រាន់តែ​មានសំណាង កើត​នៅលើ​ក្នុងប្រទេស​អ្នកមាន​តែប៉ុណ្ណោះ ប៉ុន្តែ​ខួរក្បាល​អ្នកឯង​មិន​ប្រាកដថា ​ពូកែ​ជាង​ខ្ញុំ​ទេ។ ដូនតា​របស់ខ្ញុំ​ធ្វើ​អង្គរវត្ត​បាន​តាំងពី​ជាង​១​ពាន់​ឆ្នាំមុន​ឯណោះ​?​អ្នកឯង​ត្រូវ​យល់​។​ តាំងពី​ជាតិ​សាសន៍​ខ្លះ​មិនទាន់​បាន​ចាប់កំណើត​ជា​ជាតិ​សាសន៍​ផង​។ យើង​មិន​មោទនភាព​ជ្រុល ប៉ុន្តែ​យើង​ក៏​មិន​អនុញ្ញាត​ឲ្យ​នរណា​មើលងាយ​យើង​ទេ។ ​យើង​ក៏​ហ៊ាន​ប្រដៅ​គេ​ដោយ​ត្រង់ៗ​ថា អ្នកឯង​គ្រាន់តែ​មានភ័ព្វ​សំណាង​បាន​កើត​ក្នុងប្រទេស​អ្នកមាន ប្រទេស​ធំ​តែ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ឲ្យ​ខួរក្បាល​អ្នកឯង​ឆ្លាត​ជាង​ខ្ញុំ​មិន​ប្រាកដ​ទេ។ មាន​ជនបរទេស​ខ្លះ​គេ​បាន​ប្រមាថមើលងាយ​លើ​យើង ប៉ុន្តែ​សួរ​គេ​សមត្ថភាព​ដល់​ណា ? ពេលខ្លះ​មក​ជួប​ខ្ញុំ ត្រូវមាត់​ខ្ញុំ​ប្រាវ … ខ្ញុំ​ចេះតែ​គិតថា ឯង​នេះ​គ្រាន់តែ​បាន​កើត​ក្នុង​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​ឲ្យ​ឯង​ពូកែ​ជាង​អញ​មិន​ប្រាកដ​ទេ ពូកែ​ជាង​មន្ត្រី​របស់​អញ​មិន​ប្រាកដ​ទេ​។ ខ្ញុំ​អត់​ដៀមដាម​ដាក់​ឲ្យ​អ្នកណា​ទេ …»។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​អង្គុយ​រង់ចាំ​បែបនេះ​អស់​រយៈពេល​៦៤ ឆ្នាំ រួច​មក​ហើយ។ មុន​នេះ ៦០ ឆ្នាំ យើង​រង់ចាំ​នូវ​មេដាយមាស​ទី​១ ដែល​នាំមក​ដោយ​វីរ​កីឡា​ការ​នី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤​។ ដល់​ឆ្នាំ ២០១៨ នេះ គ្រប់ ៦៤ ឆ្នាំ យើង​ទទួល​បាន​នូវ​មេដាយមាស​២ ទៀត បន្ថែម​ទៅដោយ​មេដាយ​សំរឹទ្ធិ​១​ផង​ដែរ​។ សរុបទៅ ៦៤ ឆ្នាំនេះ យើង​ទទួលបាន​មេដាយ​ត្រឹមតែ​៤ តែប៉ុណ្ណោះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា កម្ពុជា​បាន​ឆ្លងកាត់​រយៈកាល​ដ៏​យូរ ​បើ​និយាយ​ពី​ឆ្នាំ រហូត​ទៅដល់​ជាង​៦៤ ឆ្នាំ​។ បើ​និយាយ​ពី​ទសវត្សរ៍​រហូត​ទៅដល់​៦ ទសវត្សរ៍ ។ បើ​និយាយ​ពី​សតវត្សរ៍ គឺ​ជាង​កន្លះ​សតវត្សរ៍​ទើប​មាន​មេដាយមាស​។ អញ្ចឹង​មានន័យថា យើង​បាន​ខិតខំ​ប្រឹងប្រែង​ងើបឈរ​ឡើង​ពី​ការលំបាក​។

គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​អាស៊ី​លើក​ទី​២៨ នេះ​ប្រទេស​ចិន​ទទួល​បាន​មេដាយ​រហូត​ទៅដល់ ២២៤ គ្រឿង ក្នុង​នោះ មេដាយមាស​ចំនួន​១០៦ គ្រឿង ។ ជប៉ុន​ទទួល​បាន​មេដាយ​រហូត​ទៅដល់​១៦៤ គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន​៥៣​គ្រឿង​។​កូរ៉េខាងត្បូង​ទទួល​បាន​មេដាយ​រហូត​ទៅដល់​១៣៣ គ្រឿង ក្នុងនោះ​មេដាយមាស​ចំនួន ៣៧ គ្រឿង …។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ផ្ដើម​ពី​មេដាយមាស មួយ​ហ្នឹង ហើយ​ដែល​យើង​ត្រូវ​អរ។ ដូច​កាលពី​ពេលមុន​នោះ ស្ពាន​អាកាស​ទី​១ នៅ​ក្បាលថ្នល់ ។ ខ្ញុំ​អរ​ដើម្បី​នឹង​បាន​ទៅ​សម្ពោធ​បែរជា​មាន​គេ​ឌឺ​ឲ្យ​ខ្ញុំ​ថា ប្រទេស​គេ​មាន​រាប់​រយ​គេ​មិន​ទាំង​អួត​ផង​? … ដោយសារ​តែមាន​តែមួយ​ហ្នឹងហើយ​បាន​ខំ​អួត​នោះ បើ​មាន​ច្រើន​ចាំ​អួត​ធ្វើ​អី​? … ដូចជា​នៅ​សហរដ្ឋអាមេរិក ឬក៏​នៅ​បារាំង​ស្ពាន​អាកាស​គេ​រាប់រយ​រាប់ពាន់​គេ​ចាំបាច់​អួត​ធ្វើ​អី​? ព្រោះ​អា​អ្នក​មុន​វា​ធ្វើ​មក អា​អ្នក​ក្រោយ​វា​ចាំ​ទទួល វា​ចាំបាច់​អួត​អី​ទៀត​? ឯ​ចំពោះ​យើង​យើង​ធ្វើ​ដោយ​ផ្ទាល់ដៃ​របស់​យើង ទើប​យើង​ដឹង​ថា​តម្លៃ​របស់​វា​ប៉ុនណា។ ដល់​ទៅ​ពេល​ក្រោយ​ទៅ ស្ពាន​អាកាស​ឡើង​ដល់ ១០, ២០, ៣០ ឡើង​ដល់​រយ​ទៅ គេ​លែង​អួត​ហើយ ព្រោះ​វា​មាន​ច្រើន​ហើយ​ចាំបាច់​អួត​ធ្វើ​អី​ទៀត​? កាល​ពេល ស៊ន សៀវ​ម៉ី នាំមក​មួយ​យើង​ប្រឹង​អួត។ ឥឡូវ​នាំមក ២ ទៀត​ប្រឹង​អួត​ទៀត … លទ្ធភាព​របស់​យើង​វា​ប៉ុណ្ណឹង​។ វា​ពូកែ​ណាស់​ទៅហើយ ៦៤​ឆ្នាំ ទើប​មាន​មេដាយ​បែបនេះ៕