ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ព្រះមហាក្សត្រ​ស្តេចយាង​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៦

ភ្នំពេញ ​៖​​​ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ព្រះអង្គ​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៦ នៅ វិមាន​រដ្ឋសភា នា​ម៉ោង ៨និង៣០​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨។

ព្រះរាជ​កម្មវិធី ចេញ​ដោយ​ព្រះបរមរាជវាំង​បង្ហាញថា​ នៅ​ម៉ោង​៧: ៣០​ព្រឹក​ថ្ងៃទី​៥ ខែ កញ្ញា​បេក្ខជន ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី ៦ អញ្ជើញ​ដល់។ បន្ទាប់មក​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ អញ្ជើញ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ,​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ដល់។ នៅ​ម៉ោង ៨:៣០ ទើប​ព្រះករុណា ព្រះមហាក្សត្រ​យាង​ដល់​វិមាន​រដ្ឋសភា។ បន្ទាប់មក​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច យាង​ថ្វាយ​គ្រឿង​សក្ការបូជា ព្រះ​បរម​រូប ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង ព្រះពុទ្ធ​រូប​នៅ​ខាងក្នុង​វិមាន​រដ្ឋសភា មុនពេល​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​លើ​ព្រះទីនាំង​កៅអី នៅ​ខាងក្នុង​សាលប្រជុំ​វិមាន​រដ្ឋសភា។

ព្រះរាជ​កម្មវិធី បង្ហាញថា ​នៅពេល​ចាប់ផ្តើម​កម្មវិធី​ដំបូង​គឺ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ទាប់​មក សម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា សូម​ព្រះ​បរម​រាជានុញ្ញាត​យាង​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះរាជ​សុន្ទរកថា ទៅកាន់​សម័យប្រជុំ​ដំបូង រដ្ឋសភា នីតិកាល​ទី​៦។ គោរព​ទង់ជាតិ​បិទ​កម្មវិធី។ បន្ទាប់មក ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​នៅក្នុង​បន្ទប់​រង់ចាំ ( ប្រមាណ ១៥​នាទី ) ។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ការថតរូប​អនុស្សាវរីយ៍​ជាមួយ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នៅខាងមុខ​ក្លោងទ្វារ​វិមាន​រដ្ឋសភា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ស្តេចយាង​និវត្ត។

ចំណែក​រដ្ឋសភា​ក៏បាន​ផ្សព្វផ្សាយ​នូវ​កម្មវិធី​សម័យប្រជុំ​ដំបូង​និង​សម័យ​រដ្ឋសភា​លើក​ទី​១ នីតិ​កា ល​ទី​៦ នៅ​វិមាន​រដ្ឋសភា​នា​ថ្ងៃ​ពុធ ទី ០៥-០៦ ខែកញ្ញា​ដោយ​ក្រោយ​ព្រះករុណា ព្រះមហាក្សត្រ ទ្រង់​យាង​និវត្តន៍​ទៅកាន់​ព្រះបរមរាជវាំង​វិញ​គឺ​រដ្ឋសភា ចាប់ផ្តើម​សម័យប្រជុំ លើក​ទី​១ ដោយ​ក្នុងនោះ​ចាប់​ផ្តើមដំបូង លោក ឡេង ប៉េងឡុង ប្រកា​សហេតុ។ បន្ទាប់មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ដោយមាន​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ចំនួន ៥ រូប ដែលមាន​អាយុ​តិចជាងគេ ជា​លេខាធិការ ដើម្បី​ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។​

តាម​កម្មវិធី​របស់រ​ដ្ឋ​សភា​មាន​របៀបវារៈ​ចំនួន ២ ដែល​រដ្ឋសភា​ប្រជុំ​លើក​ទី ១ ក្រោម​អធិបតីភាព​ព្រឹទ្ធសមាជិក​រដ្ឋសភា​រួមមាន​៖ ក​.​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ខ​.​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី​៦​។​ ​ ​ ​ ​ ​ ​

ដោយឡែក នៅពេល​រសៀល​ថ្ងៃទី​៥ ខែកញ្ញា​រដ្ឋសភា​បានប្រកាសថា នៅ​ម៉ោង ២:៣០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ អញ្ជើញ​មកជួប​ជុំគ្នា នៅ​វិមាន​រដ្ឋសភា ប្រើ​រថយន្ត​រួមគ្នា ដែល​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​រៀបចំ​ជូន​ធ្វើដំណើរ​ទៅ​ព្រះបរមរាជវាំង ធ្វើ​សច្ចាប្រណិធាន ( លើកលែង​សម្តេច ឯកឧត្តម លោកជំទាវ មួយចំនួន ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន )​។​

ចំណែក នៅ​ថ្ងៃទី​៦ ខែកញ្ញា រដ្ឋសភា បានប្រកាស​ពី​កម្មវិធី​នៃ​សម័យប្រជុំ លើក​ទី​១ បន្ត ដោយ​អង្គប្រជុំ​រដ្ឋសភា នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៨ ព្រឹក ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​និង​មាន​លេខាធិការ​៥​រូប ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា ។ ក្រោយមក​ចាប់ផ្តើម​របៀបវារៈ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​អនុប្រធាន​នៃ​រដ្ឋសភា​ប្រធាន​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់ នៃ​រដ្ឋសភា​និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។​ភារកិច្ច​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា​និង​លេខាធិការ​៥​រូប​ត្រូវ​បានបញ្ចប់ ។ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​អញ្ជើញ​អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​មកកាន់​អាសនៈ​។ សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ក្នុងឱកាស​ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា នីតិកាល​ទី​៦​។ ក្រោយមក​ប្រធានរដ្ឋសភា​អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានមតិ​ក្នុងឱកាស​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី៕

​ ​
​ ​