ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ ​៖ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី នឹង​បំពេញភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ពលរដ្ឋ ដើម្បី​ធានា​ភាពរឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ

ភ្នំពេញ​ ៖ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​បែបនេះ នៅក្នុង​ឱកាស​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​។

ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ថា ចាប់ពី​ពេលដែល​រដ្ឋសភា​បានចាប់ផ្ដើម​ជាថ្មី​នា​ឆ្នាំ​១៩៩៣ រហូតមកដល់​ពេលនេះ មាន​រយៈពេល​២៥​ឆ្នាំ​កន្លងមកហើយ កម្ពុជា​បានប្រែក្លាយ​ពី​ការបែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី ទៅជា​ប្រទេស ដែលមាន​សន្តិភាព​ស្ថិរភាព​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានរស់នៅ​ប្រកបដោយ​ក្តីសង្ឃឹម និង​សុខក្សេមក្សាន្ត។ ព្រះអង្គ​បន្តថា រដ្ឋសភា​ដែលជា​អង្គការ​មានអំណាច​នីតិបញ្ញត្តិ នឹង​បន្ត​បំពេញភារកិច្ច​របស់ខ្លួន​ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព​នយោបាយ សេដ្ឋកិច្ចសង្គម និង​វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដែល​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើ​​ភាព សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិ​សេរីភាព គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​។​

ព្រះអង្គ​បាន​មាន​ព្រះរាជបន្ទូល​ទៀតថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់​នៅបាន​ស្មើភាព​គ្នា ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង​ការ​មានការ​ងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង​សមត្ថភាព និង​កម្រិត​វិជ្ជា​របស់ខ្លួន​។ ច្បាប់​ទាំងឡាយ ដែល​រដ្ឋសភា​បានអនុម័ត គឺជា​ឧបករណ៍​គតិ​យុទ្ធ​សម្រាប់​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត និង​លើកកម្ពស់​នីតិរដ្ឋ សំដៅ​ឲ្យ​ប្រទេស​យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ ស្របតាម​ការវិវឌ្ឍ​​​រីកចម្រើន​របស់​សង្គម​ជាតិ​។

ព្រះអង្គ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋសភា និង​បំពេញភារកិច្ច តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែល​មាន​វិសាលភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ការអភិរក្ស និង​អភិវឌ្ឍន៍ វប្បធម៌ ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌​សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​។​
​តាម​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរលើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ​មេត្តាករុណា មុទិតា និង​ឧបេក្ខា​។ នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​ប្រសិទ្ធិ​ពរ​សូម​រដ្ឋសភា នីតិកាល​ទី​៦ មានដំណើរ​ការល្អ និង​អនុវត្ត​តួនាទី​របស់ខ្លួន​ប្រកបដោយ​មនសិការ​ទទួល​ខុសត្រូវ ដើម្បី​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជា​ឧ​ត្ត​ម​ប្រយោជន៍​រួម​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំងមូល៕