ព័ត៍មានទាន់​ហេតុការណ៏
Search

សម័យប្រជុំ​សភា​លើកដំបូង បាន​ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ

ភ្នំពេញ​ ៖ តាម​ការ​គ្រោង​ទុក នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​សម័យប្រជុំ​លើកដំបូង និង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ បានចាប់ផ្តើម ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ សម្តេច​ក្រឡាហោម ស ខេង តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃ​បណ្តា​ប្រទេស​នានា ប្រចាំ​កម្ពុជា ចូលរួម​ផងដែរ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​រដ្ឋសភា​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា​នីតិកាល​ទី​៦ បាន​បើក​សម័យប្រជុំ​ដំបូង ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៦​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦​ចំនួន​១២៥​រូប​។ ពិធី​បើក​សម័យប្រជុំ​រៀបចំឡើង​ជា​ឱឡារិក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឥស្ស​ជន​ជាន់ខ្ពស់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ជាច្រើន​ផងដែរ​។

បន្ទាប់ពី​ការគោរព​ភ្លេងជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេចយាង​ប្រទាន​ព្រះរាជ​សន្តរ​កថា ទៅកាន់​អង្គប្រជុំ​រដ្ឋសភា​នៅ​ដំបូង ដើម្បី​បើក​នីតិ​ការ​ទី​៦ នៃ​រដ្ឋសភា​ចាប់​ពី​ពេល​នេះ​តទៅ ហើយ​សកម្មភាព​សម័យ​ប្រជុំ​សភា​លើកដំបូង​នេះ បាន​ធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​ព័ត៌មាន​ជាច្រើន ជាពិសេស​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុជាតិ​កម្ពុជា​។ ក្រោយពី​យាង​បើក​កិច្ចប្រជុំ នីតិ​ការ​ទី​៦ នៃ​រដ្ឋសភា​រួចហើយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ថតរូប​អនុស្សាវរីយ ជាមួយ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិ​ការ​ទី​៦ មុននឹង​ព្រះអង្គ​យាង​និវត្តន៍​ទៅកាន់​ព្រះព្រហ្ម​ព្រះរាជវាំង​វិញ​។

មាន​ព្រះបន្ទូល​ទៅកាន់​អង្គប្រជុំ​សភា​លើកដំបូង ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ចាប់ពី​ពេល​ដែល​រដ្ឋសភា​បាន​ចាប់​ផ្ដើម​ជាថ្មី​នា​ឆ្នាំ​១៩៩៣ រហូតមកដល់​ពេលនេះ មាន​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​ហើយ កម្ពុជា​បាន​ប្រែក្លាយ​ពី​ការ​បែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី ទៅជា​ប្រទេស ដែល​មាន​សន្តិភាព​ស្ថេរភាព​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ប្រកបដោយ​ក្តី​សង្ឃឹម និង​សុខក្សេមក្សាន្ត​។ ព្រះអង្គ​បន្តថា រដ្ឋសភា​ដែល​ជា​អង្គការ​មានអំណាច​នីតិបញ្ញត្តិ នឹង​បន្ត​បំពេញភារកិច្ច​របស់​ខ្លួន​ដូច​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព​នយោបាយ សេដ្ឋកិច្ច​សង្គម និង​វប្បធម៌ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដែល​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិ​សេរីភាព គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ​។

ព្រះអង្គ​បាន​មាន​ព្រះ​រាជបន្ទូល​ទៀត​ថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ធ្វើ​យ៉ាង​ណា​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រស់​នៅ​បាន​ស្មើភាព​គ្នា ក្នុង​ជំនឿ​សាសនា ការសិក្សា​រៀនសូត្រ និង​ការ​មានការ​ងារ​ធ្វើ​សមរម្យ​ទៅតាម​កម្លាំង​សមត្ថភាព និង​កំរិត​វិជ្ជា​របស់​ខ្លួន​។ ច្បាប់​ទាំងឡាយ ដែល​រដ្ឋសភា​បាន​អនុម័ត គឺជា​ឧបករណ៍​គតិ​យុទ្ធ​សម្រាប់​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត និង​លើកកម្ពស់​នីតិរដ្ឋ សំដៅ​ឲ្យ​ប្រទេស​យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​គ្រប់គ្រាន់ និង​ល្អ ស្របតាម​ការវិវឌ្ឍន៍​រីកចម្រើន​របស់​សង្គម​ជាតិ​។

ព្រះអង្គ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋសភា និង​បំពេញភារកិច្ច តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​បន្ត​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែល​មាន​វិសាលភាព​គ្រប​ដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ការ​អភិរក្ស និង​អភិវឌ្ឍន៍ វប្បធម៌ ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ស្របគ្នា​នឹង​ការ​លើកកម្ពស់​សីលធម៌​សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​។

​តាម​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវ​មាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរលើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ​មេត្តាករុណា មុទិតា និង​ឧបេក្ខា​។ នៅក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ខ្ញុំ​សូម​ប្រសិទ្ធិ​ពរ​សូម​រដ្ឋសភា នីតិកាល​ទី​៦ មានដំណើរ​ការល្អ និង​អនុវត្ត​តួនាទី​របស់ខ្លួន​ប្រកបដោយ​មនសិការ​ទទួល​ខុសត្រូវ ដើម្បី​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ថែមទៀត ជា​ឧ​ត្ត​ម​ប្រយោជន៍​រួម​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំងមូល​។

សូមបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមាជិក សមាជិកា នៃ​រដ្ឋសភា នីតិកាល​ទី​៦ ដែល​ទើបត្រូវ​បាន​ប្រកាស​សុពល​ភាព​ចំនួន​១២៥​រូប បាន​ចូល​ធ្វើ​សច្ចាប្រណិធាន នៅក្នុង​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ នៃ​ព្រះបរមរាជវាំង​ផង​ដែរ មុននឹង​ចូលកាន់​តំណែង ដែល​ពិធី​សច្ចាប្រណិធាន​នេះ បាន​ធ្វើ​ឡើង​ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះសង្ឃរាជ​ទាំងពី​គណៈ​។

ចំណែក​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា​បន្ត​សម័យប្រជុំ ដោយ​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា និង​មាន​លេខាធិការ​៥​រូប ជួយ​ការងារ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។ ក្រោយមក​ចាប់ផ្តើម​របៀបវារៈ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន នៃ​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ហើយ​ក្រោយពី​ជ្រើសតាំង​រួច សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​អញ្ជើញ អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​មកកាន់​អាសនៈ ហើយ​ក្រោយមក​ប្រធានរដ្ឋសភា អញ្ជើញ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​មតិ​ក្នុង​ឱកាស​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​៕