ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកតំណាងរាស្ត្រ​ទាំងអស់​ ចូល​ធ្វើ​សច្ចាប្រណិធាន​ចំពោះមុខ​ព្រះមហាក្សត្រ ដោយ​សន្យា​ថា​នឹង​បម្រើ​ការងារ​ប្រកបដោយ​ភាពស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាជន

ភ្នំពេញ ​៖ ​តំណាងរាស្ត្រ​ទាំង​១២៥​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​ចូលធ្វើ​ពិធី​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មុននឹង​ចាប់ផ្តើម​បំពេញការងារ​បម្រើ​ជាតិ និង​ប្រជាជន ដោយ​សន្យា​ថា​នឹង​បម្រើ​ការងារ​ប្រកបដោយ​ភាពស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាជន មិន​ក្បត់​ចំពោះ​ប្រយោជន៍​ជាតិ និង​ប្រជាជន ដើម្បី​ប្រយោជន៍​របស់​ជនបរទេស​នោះឡើយ។

ខាងក្រោម​គឺជា​ពាក្យពេចន៍ សច្ចាប្រណិធាន​ទាំងស្រុង ដែល​អ្នកតំណាងរាស្ត្រ​ទាំងអស់​ សូត្រ​តាម​សម្តេច​ព្រះសង្ឃរាជ​៖ ទូលព្រះបង្គំ យើងខ្ញុំ​ប្រធាន អនុប្រធាន និង សមាជិក រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើ​សច្ចាប្រណិធាន នៅ ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា រក្សា​ស្វេតច្ឆត្រ​ដូចតទៅ​៖ ក្នុង​ពេល​ប្រតិបត្តិការ​តាម​មុខតំណែង​ខ្លួន និង​ក្នុង​ការ​បំពេញបេសកកម្ម ដែល ប្រជារាស្ត្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ យើងខ្ញុំ គ្រប់ៗ​រូប ទូលព្រះបង្គំ យើងខ្ញុំ​សូម​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។

ទូលព្រះបង្គំ​យើងខ្ញុំ សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ខពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ។ ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា ប្តូរផ្តាច់ ហ៊ាន​បូជាជីវិត​ដើម្បី​ការពារ​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​ឯករាជ្យភាព​ទាំងស្រុង នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ ពេញបរិបូរណ៍ បូរណភាព ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង ព្រំដែន​សមុទ្រ ដែល​កម្ពុជា​ធ្លាប់​មាន ក្នុង​ជំនាន់ ឆ្នាំ​១៩៦៣ ដល់ ឆ្នាំ​១៩៦៩ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន ការបែងចែក ឬ​ការ​ធ្វើ​អបគមន៍​ណាមួយ​ឡើយ។ ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា​រក្សា ទុកជា​និច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូលបក្ស​សម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាត​ឲ្យ​ជន​ណាក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​ផ្ទៃ​ក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បាន​ឡើយ​។ ទូលបង្គំ​យើងខ្ញុំ មិន​បម្រើ​ជាដាច់ខាត នូវ ផលប្រយោជន៍ បរទេស ហើយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិ​កម្ពុជា​ឡើយ​។ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើ​ហិង្សា​គ្រប់បែបយ៉ាង​។ ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំង នឹង ការរំលោភ ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារជាតិ​មាតុភូមិ​ខ្លួន​។ ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា គោរព​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មានការ​គោរព​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជាស​កល ស្តីអំពី​សិទ្ធិមនុស្ស​។ ទូលព្រះបង្គំ យើងខ្ញុំ សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌ សង្គម ហើយ​តស៊ូ ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព ជាតិ ដើម្បី​ភាពសម្បូរ​សប្បាយ នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​រក្សា​ភាពរុងរឿង ថ្កើងថ្កាន នៃ​មាតុភូមិ​កម្ពុជា ជា​ទីគោរព សក្ការៈ និង​ជាទី​ស្នេហា នៃ​ទូលបង្គំ យើងខ្ញុំ គ្រប់រូប៕