ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​អប្សរា​ បញ្ចប់​ការ​ជួសជុល​ច្រាំង​កសិណ​អង្គរវត្ត​ជ្រុង​ខាងលិច​ស្លាប​ខាងជើង​ប្រវែង​៤០​ម៉ែត្រ និង​បន្ត​ធ្វើ​២០​ម៉ែត្រ​ទៀត

​សៀមរាប​ ៖​ ច្រាំង​កសិណ​អង្គរវត្ត​ជ្រុង​ខាងលិច ស្លាប​ខាងជើង​ប្រវែង​៤០​ម៉ែត្រ ត្រូវ​បាន​ជួសជុល​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​រួចរាល់​ជា​ស្ថាពរ​កាលពី​ចុងឆ្នាំ​២០១៧ និង​កំពុង​បន្ត​ជួសជុល​ប្រវែង​២០​ម៉ែត្រ​បន្ថែម​ទៀត នៅក្នុង​ឆ្នាំ​២០១៨​។

លោកស្រី នង បូរ៉ា​វី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ច្រាំង​កសិណ​ប្រវែង​៤០​ម៉ែត្រ​ដែល​ជួសជុល​រួច គឺ​ចំណាយ​រយៈពេល​៤​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៣​ដល់​២០១៧​។ ក្នុងចំណោម​៤០​ម៉ែត្រ​នេះ​ដែរ គឺ​មាន​ប្រវែង​២០​ម៉ែត្រ​ដំបូង​ធ្លាប់​បាន​ជួសជុល​ម្តង​ហើយ ដោយ​បារាំង​នា​ទសវត្ស​ទី​៦០ ដែល​ដឹង​បាន​តាមរយៈ​ការ​មើលឃើញ​ដោយ​ផ្ទាល់ និង​កាន់តែច្បាស់​ពេល​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​មុន​ធ្វើការ​ជួសជុល​។ ក្រោយ​ការ​បញ្ចប់​គម្រោង​៤០​ម៉ែត្រ​ដោយ​ជោគជ័យ ក្រុមការងារ​ក៏បាន​បន្ត​គម្រោង​ជួសជុល​២០​ម៉ែត្រ​បន្ថែម​នៅ​ឆ្នាំ​២០១៨​។

​លោកស្រី​បន្ត​ទៀត​ថា ចំពោះ​បច្ចេកទេស​ជួសជុល បន្ទាប់ពី​កំណាយ​ស្រាវជ្រាវ​យើង​ដឹង​ថា ចាស់​បុរាណ​កសាង​ច្រាំង​កសិណ​ដោយ​ដី​បុក​បង្ហាប់​បាត​គ្រឹះ​ក្រោម ដូច្នេះ​ដើម្បី​រក្សា​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជ្រើស​យក​បច្ចេកទេស​បុរាណ​មក​អនុវត្ត ដោយ​កាយ​យក​ដី​ចាស់ ដី​ស្អុយ​ចេញ ហើយ​ជំនួស​ដោយ​ដី​ថ្មី ហើយ​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឲ្យ​មាំ​ជាមួយ​ថ្មភ្នំ ថ្ម​ក្រលៀន ដីខ្សាច់ និង​ល្បាយ​ដី​ដែល​បាន​ពី​កម្ទេច​ថ្មបាយក្រៀម ដីឥដ្ឋ កំបោរ​ស​។ ចំពោះ​គ្រឹះ យើង​ពង្រីក​ទំហំ​គ្រឹះ​ចាស់​៨០​សង់ទីម៉ែត្រ​ទៅ​១២០​សង់ទីម៉ែត្រ ហើយ​ជម្រៅ​គ្រឹះ​ទៅ​ក្រោម​៣០​សង់ទីម៉ែត្រ​ទៅ​៨០​សង់ទីម៉ែត្រ ធ្វើ​យ៉ាង​ណា​ឲ្យ​កាំ​កសិណ​រឹងមាំ​បានល្អ​។

​ក្រៅពី​ពង្រឹង​គ្រឹះ​ហើយ យើង​ក៏​ពង្រឹង​រចនា​សម្ព័ន្ធ​ច្រាំង​ក​សិន្ធុ​ដោយ​ប្រើ​ថ្មបាយក្រៀម​ចាស់​ដែលមាន​ស្រាប់​និង​ថ្មបាយក្រៀម​ថ្មី​ជំនួស​ថ្ម​ ដែល​ពុកផុយ​មក​រៀប​ជា​ជណ្តើរ​ចំនួន​៨​កាំ ដោយ​ដាក់​ឆ្លាស់គ្នា និង​ដាប់​ចុះក្រោម​១​សង់ទីម៉ែត្រ​សម្រាប់​ប្រទាក់​គ្នា​ពី​មួយ​ទៅមួយ​ក្នុង​ការរក្សា​លំនឹង​ឲ្យ​បានល្អ​មិន​ឲ្យ​ថ្ម​រអិល ហើយ​បិទ​ភ្ជាប់​ថ្ម​ពី​មួយ​ទៅ​មួយ​ដោយ​បាយ​អរ​រាវ ដើម្បី​ការពារ​ជម្រាប​ទឹក​ចូលក្នុង​ថ្ម ធ្វើ​ឲ្យ​ថ្ម​ឆាប់​ពុកផុយ​។ រីឯ​ថ្មភក់​ដែល​រៀប​នៅ​ផ្នែក​ខាងលើ​ថ្មបាយក្រៀម​ក៏​រៀប​ទៅតាម​លំនាំ​ដើម ដោយ​ប្រើ​ថ្ម​ដែលមាន​ស្រាប់​និង​ថ្មី​ជំនួស​ថ្មី​ដែល​មិនអាច​ទ្រ​ទម្ងន់​បាន​ទៀត ហើយ​បិទ​ភ្ជាប់​ថ្ម​ដោយ​បាយអរ​ម្សៅ ដើម្បី​ផ្ជិត​ស្នាម​មិនមាន​ទឹក​ចូលក្នុង​ថ្ម អាច​នាំ​ឲ្យ​ថ្ម​ឆាប់​ខូច​។

លោកស្រី បូរ៉ា​វី ក៏បាន​បញ្ជាក់​ដែរ​ពី​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​រចនា​សម្ពន្ធ​សំណង់​កសិណ​អង្គរវត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងជើង​រង​នូវ​ការខូចខាត​យ៉ាងខ្លាំង គឺ​ដោយសារ​អាយុកាល​នៃ​សំណង់ កង្វះ​ការថែទាំ​ជាប្រចាំ ការ​ឡើង​ចុះ​នៃ​កម្ពស់​ទឹក​មិន​ទៀងទាត់​បាន​បំផ្លាញ​គ្រឹះ​ក្រោម រួម​ទាំង​ការ​ពុក​ផុយ ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម ដើមឈើ​ធំៗ​ដុះ​ក្បែរ​ច្រាំង​បាន​ចាក់ឫស​ជ្រែក​ទៅក្នុង​ថ្ម ធ្វើ​ឲ្យ​ថ្ម​រំកិល​ពី​ទីតាំង​ដើម នាំ​ឲ្យ​ច្រាំង​កសិណ​រលំ​។ បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​អភិរក្ស​និង​ជួសជុល​ទាំង​ប្រាសាទ​និង​កសិណ ដើម្បី​អភិរក្ស​សំណង់​បុរាណ​ដែលជា​និមិត្តរូប​នៃ​ជាតិខ្មែរ​ឲ្យ​រឹងមាំ​យូរអង្វែង​និង​លើក​តម្លៃ​សោ​ភណ្ឌ​ភាព​សំណង់​បេតិកភណ្ឌ​ឲ្យ​មាន​ភាពស្រស់ស្អាត​ជាទី​ទាក់ទាញ​ទេសចរ​។ បន្ថែម​ពី​នោះ ការបណ្តុះ​ធនធានមនុស្ស ក៏​ជា​ផ្នែក​សំខាន់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​គិតគូរ​យ៉ាង​ខ្លាំង ដើម្បី​បង្កើន​ស្នាដៃ​ក្នុងនាម​ជា​របស់​ខ្លួន ដោយ​មិន​ពឹង​លើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ច្រើន​ដូច​មុន​ទៀតឡើយ​៕