ព័ត៍មានទាន់​ហេតុការណ៏
Search

អាចារ្យ ធំ បញ្ចេញ​កំណាព្យ​រៀបរាប់​ពី​សិល្បៈ​ល្ខោនខោល​មាន​អត្ថន័យ​ចាក់ដោត​បេះដូង​កូន​ខ្មែរ​គ្រប់គ្នា

ភ្នំពេញ ​៖​ ជា​ការ​ពិត​ណាស់​អំឡុង​មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា​មាន​តារា​សិល្បៈ​ប្រុស​-​ស្រី​រួម​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ​បាន​នាំគ្នា​ងាក​មក​ចាប់អារម្មណ៍​អំពី​បញ្ហា​ល្ខោនខោល​របស់​ខ្មែរ​ ដែល​ត្រូវ​បាន​ភាគី​ប្រទេស​ថៃ​មាន​ចេតនា​ចង់​យក​ធ្វើជា​សម្បត្តិ​វប្បធម៌​របស់ខ្លួន​ ដោយ​គ្មាន​ភាព​អៀនខ្មាស។ ទន្ទឹមគ្នានេះ ​ក៏មាន​ការប្រកាស​ដោយ​​ទទូច​ស្នើ​​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ចូលរួម​គាំទ្រ​ និង​អភិរក្ស​សិល្បៈ​ល្ខោនខោល​របស់​ខ្មែរ​ទៀត​ផង។

មិន​ខុសគ្នា​ពី​អ្នកសិល្បៈ​និង​ប្រជាជន​ខ្មែរ​ឯទៀត​នោះទេ​ងាក​មក​មើល​តារាចម្រៀង​រ៉េ​ប​ឌី​ជេ​អាចារ្យ ធំ ឯ​ណោះ​វិញ​ជារឿយៗ​លោក​តែងតែ​ចេញមុខ​ឈឺឆ្អាល ​និង​ប្រតិកម្ម​ភ្លាមៗ​លើ​ករណី​ដែល​ប្រទេស​ថៃ​បង្ហាញ​ពី​ចេតនា​ចង់​ក្រសោប​យក​សិល្បៈ​ល្ខោនខោល​របស់​ខ្មែរ​ធ្វើជា​របស់ខ្លួន​។​ មិនតែប៉ុណ្ណោះ​កន្លងមក​អាចារ្យ ធំ តែងតែ​ចេញមុខ​បំផុស​និង​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​គ្រប់​ត្រូវតែ​ចូលរួម​គាំទ្រ​អភិរក្ស​ល្ខោនខោល​ព្រោះ​ជា​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ។

ជាក់ស្តែង​ភ្លាមៗ​នេះ​ដែរ​ តារាចម្រៀង​រ៉េ​ប​អាចារ្យ ធំ បាន​បញ្ចេញ​សំណេរ​សរសេរ​បង្កើត​ជា​កំណាព្យ​លើក​និយាយ​ពី​ល្ខោនខោល​ខ្មែរ​ ដែល​មាន​អត្ថន័យ​បែបនេះ​ថា ​ស្ដេច​ស្វា​អួត​អង្គ ប្រែ​បង់​អំណាច ទោះ​មុខ​ធ្លាប់​កាច ខ្លាច​ត្រូវ​មរណា ផ្អាក​ឈប់​ជម្លោះ ព្រោះ​ថ្ងៃអន្សា ពួតដៃ​សិន​ណា រួមការ​ពារ​ថែ​។​ជង្គង់​លង់​លុត ធ្លាក់​ស្រុត​តេជះ លើក​ហត្ថ​សំពះ យំ​ដាស់​កូន​ខ្មែរ កុំ​ចោល​ខោល​ជាតិ ត្រូវ​ឃ្មាតកុំល្ហែ កុំ​ប្រែ​ត្រូវ​ព្រួយ ជួយ​ខោល​ឲ្យ​បាន​។​

មិន​ថោក​នឹង​សុំ ឲ្យ​តែ​ខ្ញុំ​រស់ ព្រោះ​ខ្លាច​ព្រាត់​កាយ ឃ្លាតឆ្ងាយ​ចោល​ឋាន ស៊ូ​យំ​ក្នុង​ខ្មុក អួល​ចុក​ក្នុង​ប្រាណ ខ្លាច​ខាន​បានឃើញ​! ចោល​អង្គរ ដី​។​ បើ​ខ្ញុំ​នាំ​គ្រោះ ព្រោះ​គិតថា​ថោក សូម​ពេល​ខ្ញុំ​ក្រោក គ្រប់​ខ្មែរ​ប្រុស​ស្រី តាំងចិត្ត​កុំ​ខឹង ប្រឹង​មក​ពួតដៃ ទប់​ថៃ​ឲ្យ​ក្លា! ណា​ខ្មែរ​ទាំងឡាយ​។ កុំ​ចាំ​ខោល​បាត់ បានមក​ឈឺចាប់ កុំ​ចាំ​ខោល​ស្លាប់ បាន​ទួញ​យំ​ស្ដាយ កុំ​ចាំ​គេ​យក បានមក​ខ្វល់ខ្វាយ កុំ​ចាំ​អន្តរាយ ពោល​ស្ដាយ​តែ​មាត់​។​

បន្ថែម​ពីលើ​កំណាព្យ​ខាងលើនេះ​តារាចម្រៀង​ដែល​ក្នុង​ខ្លួន​ពោរពេញ​ដោយ​សាក់​និង​រូប​យ័ន្ត​អាចារ្យ ធំ បាន​លើកឡើងថា សូម​ថែរក្សា​ពួកយើង​ផង ពួកយើង​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​អ្នក​ទេ​។​ល្ខោនខោល​គឺជា​របស់​កម្ពុជា​។​តាមរយៈ​ការបញ្ចេញ​សំណេរ​សរសេរ​កំណាព្យរ​បស់​ឌី​ជេ​អាចារ្យ​ធំ​រៀបរាប់​បំផុសស្មារតី​កូន​ខ្មែរ​ឲ្យ​នាំគ្នា​ចូលរួម​គាំទ្រ​និង​ថែរក្សា​ល្ខោនខោល​នេះ​ដែរ​គឺមាន​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​ការគាំទ្រ​និង​ចែករំលែក​បន្ត​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម៕