ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ាន វណ្ណ​ហន ៖ ក្រសួង​នៅ​មិនទាន់ អនុញ្ញាត​ឲ្យ ក្រុមហ៊ុន​៥ នាំចេញ​នៅឡើយ​ទេ រង់ចាំ ចុះ​ពិនិត្យ​វាយតម្លៃ​ជាមុនសិន

ភ្នំពេញ ​៖ លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ថ្លែង​ថា បច្ចុប្បន្ន មាន ក្រុមហ៊ុន​៥ ដែ​លមាន បំណង​ដាំចេក ក្នុង​ការនាំ ចេញ បាន​ដាក់​ពាក្យ​ស្នើ  តែ​ពេលនេះ ក្រសួង​នៅ​មិនទាន់ អនុញ្ញាត​ឲ្យ នៅឡើយ​ទេ រង់ចាំ ចុះ​ពិនិត្យ​វាយតម្លៃ​ជាមុនសិន​។​

លោក ហ៊ាន វណ្ណ​ហន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ​រហូតមកដល់​ពេលនេះ​អគ្គនាយកដ្ឋាន​បានទទួល​សំណើ​ពី​ក្រុមហ៊ុន​៥​ក្នុងនោះ​មាន​៤​ជា​របស់​វៀតណាម និង​១​ជា​របស់​ខ្មែរ​សហការ​ជាមួយ​ចិន តែ​ទោះជា​យ៉ាងណា​អគ្គនាយកដ្ឋាន​មិនទាន់​សម្រេច​ឲ្យ​ក្រុមហ៊ុន​ណាមួយ​មាន​សិទ្ធិ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នោះ​ទេ ដោយ​រង់ចាំ​ការប្រជុំ​សម្រេច​ជាមុនសិន ដោយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ទាំងនោះ​មិន​គ្រប់​ស្តង់ដារ​នៃ​ការអនុញ្ញាត​របស់​ប្រទេស​ចិន​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​លោក ហ៊ាន វណ្ណ​ហន បន្ថែម​ថា «​បើសិនជា​សមត្ថភាព​រ​បស់​គាត់​មិន​គ្រប់គ្រាន់​ក៏​យើង​មិនអាច​អនុញ្ញាត​ឲ្យ​នាំចេញ​បាន​ដែរ ព្រោះ​អ្វី​ដែល​យើង​វាយតម្លៃ​ហើយ​ហ្នឹង​គឺ​ភាគី​ចិន​គេ​នឹង​ធ្វើ​ការវាយតម្លៃ​ឡើងវិញ​មក​ពិនិត្យមើល​ឡើងវិញ​ផង​ដែរ​។ អញ្ចឹង​បើសិនជា​រឿង​មួយ​ដែល​អន់​ពេក​វា​ជា​រឿង​មួយ​ដែល​យើង​មិន​ចង់​បង្ហាញ​ពី​ប្រព័ន្ធ​នៃ​ការវាយតម្លៃ​ធូររលុង​របស់​យើង​ដោយ​ភាគី​បរទេស​។ បន្ទាប់ពី​យើង​វាយតម្លៃ​ហើយ​ថា​ជាប់​ប្រាំ ហើយ​សម្រាប់​គេ​មក​វាយ​តម្លៃ​ថា ​ជាប់​ត្រឹម​តែមួយ​អាហ្នឹង​ក៏​ប៉ះពាល់​ដល់​កិត្តិយស​របស់​យើង​ដែរ »​។

លោក​បញ្ជាក់​ថា ទោះជា​យ៉ាងណា​លោក​ថា​ នៅ​ដើម​សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​នឹងមាន​ការប្រជុំ​មួយ​ដោយ​កោះ​អញ្ជើញ​ក្រុមហ៊ុន​ពាក់ព័ន្ធ និង​ម្ចាស់​កសិដ្ឋាន​ដាំចេក​ឲ្យ​ចូលរួម​ផងដែរ​។

បច្ចុប្បន្ន​នៅ​កម្ពុ​ជា​មាន​កសិដ្ឋាន​ធំៗ​ចំនួន​៣ ដែល​ជា​របស់​ក្រុមហ៊ុន​វៀតណាម​ដែល​មាន​ក្នុង​ខេត្តរតនគិរី ក្រចេះ និង​កំពត ដែល​មាន​ផ្ទៃដី​សរុប​ជិត​៥​ពាន់​ហិកតា​សម្រាប់​ដាំចេក​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​៕