ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ចម្រៀង​ខ្មែរ សុវណ្ណ ម៉ូ​នី​កា នៅតែ​រក្សា​បាន​ប្រជាប្រិយ​ និង​ការ​គាំទ្រ​ខ្ពស់​លើទឹក​ដី​ប្រទេស​អូស្ត្រាលី

ភ្នំពេញ​ ៖​ អតីត​តារាចម្រៀង​ស្រី​របស់​ខ្មែរ​អ្នកនាង សុវណ្ណ ម៉ូ​នី​កា​ ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​អាណិកជន​ខ្មែរ​ ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​កាលពី​អំឡុង​ឆ្នាំ​២០០៨​មក​នោះ​ នាង​ក៏បាន​សម្រេច​បោះបង់​អាជីព​សិល្បៈ​ក្នុងស្រុក​រួច​ចាក​ចេញទៅ​រស់នៅ​សាង​សុភមង្គល​ស្នេហា​ជាមួយ​ស្វាមី​របស់​ខ្លួន​នៅ​ឯ​ក្រៅប្រទេស​យ៉ាង​មាន​សេចក្តី​សុខ។

ចំពោះ​ការចាកចេញ​ពី​ទឹកដី​ប្រទេស​កំណើត​ឆ្ពោះទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សាង​សុភមង្គល​ស្នេហា​ជាមួយ​ស្វាមី​ពី​សំណាក់​តារា​ស្រី​មាន​មន្ត​ស្នេហ៍​អ្នកនាង សុវណ្ណ ម៉ូ​នី​កា ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​ សម្រាប់​ជីវភាព​គ្រួសារ​របស់​នាង​បច្ចុប្បន្ន​គឺ​មាន​សេចក្តីសុខ​ និង​សាង​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង។ ខណៈ​អាជីព​សិល្បៈ​របស់​នាង​នៅតែ​បន្តដំណើរ​ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី។

បើ​តាម​ប្រភព​ពី​អ្នក​សិល្បៈ ​ដែល​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​ជាមួយ​តារាចម្រៀង​ស្រី​របស់​ខ្មែរ​អ្នកនាង សុវណ្ណ ម៉ូ​នី​កា បាន​បង្ហើប​ប្រាប់​កម្ពុ​ជាថ្មី​ពី​ទឹកដី​ប្រទេស​អូស្ត្រាលី​មក​ថា អតីត​តារា​ស្រី​អ្នកនាង សុវណ្ណ ម៉ូ​នី​កា ថ្វីត្បិតតែ​ក្រោយពេល​រៀបការ​ហើយ​នាង​បាន​បោះបង់​អាជីព​សិល្បៈ (​ច្រៀង​) នៅ​ស្រុក​ខ្មែរ​ក៏ពិតមែន​ ប៉ុន្តែ​អំឡុង​ពេលដែល​នាង​មក​រួមរស់​សាង​គ្រួសារ​ជាមួយ​ស្វាមី​នៅ​អូស្ត្រាលី​ជាច្រើន​ឆ្នាំ​មក​នោះ​គឺ​តារា​ស្រី​រូបនេះ​នៅតែ​បន្ត​ចាប់ផ្តើម​សាង​កេរ្តិ៍ឈ្មោះ​ល្បី​លើ​អាជីព​សិល្បៈ​របស់ខ្លួន​។​

ប្រភព​បាន​បន្តថា ​អ្នកចម្រៀង​ស្រី​រក្សាបាន​សំឡេង​ពីរោះ​និង​រូប​សម្ផស្ស​ស្រស់ស្អាត​មិន​ចាញ់​តារា​ខ្មែរ​ជំនាន់​ក្រោយ​អ្នកនាង សុវណ្ណ ម៉ូ​នី​កា បើ​និយាយ​ពី​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​គឺ​នៅតែ​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​នា​ទឹកដី​ប្រទេស​អូស្ត្រាលី​ពោលគឺ​មិន​ចាញ់​កាលពី​អំឡុង​រស់នៅ​ស្រុក​ខ្មែរ​នោះទេ​មិនតែប៉ុណ្ណោះ​ សព្វថ្ងៃ​នាង​ក៏បាន​ជ្រើស​និពន្ធ​ចេញ​បទ​Original Song ជាច្រើន​បទ​មកហើយ​ផងដែរ។

ជាមួយ​គ្នា​នេះ​បើតាម​ប្រភព​ពី​តារា​ខ្មែរ​ដែល​កំពុង​មាន​វត្ត​មាន​សម្តែង​និង​ច្រៀង​នៅ​ទី​នោះ​ បាន​បន្ថែម​ទៀត​ថា ​អ្នកនាង សុវណ្ណ ម៉ូ​នី​កា សព្វថ្ងៃ​ត្រូវ​បាន​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​ជាច្រើន​ចាត់ទុកថា​ជា​តារាចម្រៀង ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ និង​មានការ​តុបតែង​ខ្លួន​បែប​សិច​ស៊ី​គួរ​ឲ្យ​ទាក់ទាញ​បំផុត។ តាមរយៈ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​បែបនេះ​មាន​ទស្សនិកជន​មួយចំនួន​ស្ទើរតែ​មិន​ដឹង​ថា សុវណ្ណ ម៉ូ​នី​កា មាន​អាយុ​កាន់តែ​ជ្រេ​និង​មានកូន​ធំៗ​ទៀតផង៕