ព័ត៍មានទាន់​ហេតុការណ៏
Search

ការចរចា​សន្តិភាព​យេ​មែន ​ត្រូវ​ពន្យារពេល​ ដោយសារ​អ្នកសម្របសម្រួល​របស់​UN រង់ចាំ​ក្រុម Huthi

កិច្ចចរចា​សន្តិភាព​យេ​មែន​ដែល​បាន​គ្រោងទុក​ត្រូវ​កកស្ទះ​នៅ​ថ្ងៃ​សុក្រ​ ដោយសារតែ​ក្រុម​ឧទ្ទាម rebel បាន​ទាមទារ​លក្ខខណ្ឌ​ជាមុន​សម្រាប់​ការមកដល់​ទីក្រុង​ហ្សឺ​ណែវ​ ខណៈ​រដ្ឋាភិបាល​បាន​ព្រមាន​ថា ​ខ្លួន​នឹង​សម្រេចចិត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ថា ​តើ​ត្រូវ​ហោះហើរ​ទៅផ្ទះ​វិញ​ឬ​អត់​។​

គណៈប្រតិភូ​ក្រុម​ឧទ្ទាម​ដែល​នៅតែ​ស្ថិតក្នុង​រដ្ឋធានី សា​ណា របស់​ប្រទេស​យេ​មែន​បាន​ទទូចថា អង្គការសហប្រជាជាតិ​ត្រូវបំពេញ​តាម​ការទាមទារ​ចំនួន​បី​មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស្វីស។

លោក Martin Griffiths ប្រេសិត​អង្គការសហប្រជាជាតិ​ដែល​មុននេះ​បាន​និយាយថា​កិច្ចប្រជុំ​ដែល​បានគ្រោង​ទុក​នេះ​បានផ្តល់​សញ្ញា​ក្តីសង្ឃឹម​មួយ​សម្រាប់​ការបញ្ចប់​ជម្លោះ​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ​គឺ​ត្រូវតែ​ពន្យារពេល​ចាប់ផ្តើម​កិច្ចពិភាក្សា​។​

ការិយាល័យ​របស់លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​នៅតែ​បន្ត​ប្រឹងប្រែង​ដើម្បី​យកឈ្នះ​ឧបសគ្គ​នានា​ដើម្បី​អនុញ្ញាត​ឲ្យ​ការពិគ្រោះ​យោបល់​នេះ​ឆ្ពោះទៅមុខ​”​។ ការិយាល័យ​បាន​បន្ថែមថា លោក Griffiths នៅតែមាន​ក្តី​សង្ឃឹមថា ពួក​ឧទ្ទាម​នឹង​មក​។​

ការចរចារ​ក្រុង​ហ្សឺ​ណែវ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​លើកទីមួយ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​នៅពេលដែល​ការចរចារ​រយៈពេល​១០៨​ថ្ងៃ​រវាង​រដ្ឋាភិបាលរ​បស់​លោក​ប្រធានាធិបតី Abedrabbo Mansour Hadi និង​ពួក​ឧទ្ទាម​បាន​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​។​

ក្រុម Huthi បាន​គ្រប់គ្រង​រដ្ឋធានី សា​ណា និង​ភាគច្រើន​នៃ​ភាគ​ខាងជើង​ប្រទេស​យេ​មែន​ខណៈ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់លោក Hadi បាន​គ្រប់គ្រង​ដែនអាកាស​របស់​ប្រទេស​នេះ​។​

ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Khaled al-Yamani, គណៈប្រតិភូ​របស់​រដ្ឋា​ភិ​បាល​យេ​មែន​បាន​ទៅដល់​ប្រទេស​ស្វី​សកាល​ពីថ្ងៃ​ពុធ​។​

ប៉ុន្តែ​នៅលើ​អ្វីដែល​ត្រូវបាន​គេ​និយាយថា​ជា​ថ្ងៃ​បើក​ការចរចា​នោះ ពួក​ឧទ្ទាម​បានចេញ​ឧសា​ន​វាទ​មួយ​ពី​ទីក្រុង​សា​ណា​ដោយ​និយាយថា ពួកគេ​នឹងមិន​ចូលរួម​ទេរ​ហូត​ទាល់តែ​អង្គការសហប្រជាជាតិ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​ចំនួន​បី​ដែល​ខ្លួន​បាន​ព្រមព្រៀង​រួចហើយ​។​

ពួកគេ​ចង់​ដឹកជញ្ជូន​ពួក​ឧទ្ទាម​ដែល​រងរបួស​ទៅ​ប្រទេស​អូ​ម៉​ង់​ដើម្បី​ព្យាបាល​ជំងឺ ធ្វើ​មាតុភូមិនិវត្តន៍​នៃ​ពួក​ឧទ្ទាម​ដែល​ទទួលបាន​ការព្យាបាល​នៅ​ទីនោះ​រួចទៅហើយ​និង​ការ​ធានាថា​គណៈប្រតិភូរ​បស់​ក្រុម Huthi នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​ទីក្រុង សា​ណា វិញ​បន្ទាប់ពី​កិច្ចចរចា​ទីក្រុង​ហ្សឺ​ណែវ​៕ AFP


TAG