ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​កំណត់​យក​គោលដៅ​យុទ្ធសាស្ត្រ ៤ និង​វិស័យ​អាទិភាព ៤

-​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧ ភាគរយ​
-សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ឲ្យ​ស្ថិតនៅក្នុង​អត្រា​ទាប​ជាង ១០ ភាគរយ
ភ្នំពេញ​ ៖​ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​នា​ព្រឹក​ថ្ងៃទី ៧ ខែ កញ្ញា នេះ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​ដោយ​សង្ខេប​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដែលជា​របៀបវារៈ​គោល​នយោបាយ​សង្គម សេដ្ឋកិច្ច​សម្រាប់​ជំរុញ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ។ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដែល​សម្តេច​បាន​អះអាង​ជា​កិច្ច​ការដែល​ត្រូវ​បន្ត​ពង្រឹង​និង​ពង្រីក​សមិទ្ធផល​នានា​ដែល​បាន​អនុវត្ត​ក្នុង​យុទ្ធសាស្ត្រ ៣​ដំណាក់កាល​កន្លងមក​។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​យក​វេទិកា​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទី ១ ដើម្បី​ប្រកាសជូន​ជនរួមជាតិ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បាន​ជ្រាប​អំពី​អាទិភាព​គោលនយោបាយ​សំខាន់ៗ និង​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​នេះ និង​ការអនុវត្ត​កំណែទម្រង់​សំខាន់ៗ ក្នុង​គោលដៅ​បម្រើ​ដល់​ប្រយោជន៍​ជាតិ​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​ប្រជាជាតិ ផ្អែកលើ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ក​សា​ង​និង​ការពារ​មាតុភូមិ​ឆ្នាំ ២០១៨-២០២៣ ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ផ្ដល់​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​កន្លងទៅ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ ។ រាជរដ្ឋាភិបាល​បានរៀបចំ​គោលនយោបាយ​របស់ខ្លួន​សំរាប់​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​លើ​មូលដ្ឋាន​នៃ​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​លើ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​នៅក្នុង​នីតិកាល​មុនៗ ក៏ដូចជា​បរិ​កា​ជាតិ និង​អន្តរជាតិ​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ព្រមទាំង​យកចិត្តទុកដាក់​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ។

កម្មវិធី​នយោបាយ​នេះ បាន​កំណត់​ដាក់ចេញ​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​គោលនយោបាយ​ធំៗ ជា​អាទិភាព គោលនយោបាយ​អភិវឌ្ឍ​តាម​វិស័យ និង វិធានការ​ជាក់ស្តែង ជា​អាទិភាព សម្រាប់​អនុវត្ត​ចាប់ពី​ឆ្នាំ ២០១៩ ទៅ ដែលជា​ក្របខណ្ឌ​សម្រាប់​តម្រង់​ទិស​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបន្ត​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន​នៅក្នុង​នីតិកាល​ទី​៦ នេះ។ លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ដែល​ជា​របៀបវារៈ​គោល​នយោបាយ​សង្គម​សេដ្ឋកិច្ច​សម្រាប់​ជំរុញ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព នូវ​កម្មវិធី​នយោបាយ​របស់ខ្លួន និង ជា​មគ្គទេសក៍​សម្រាប់​ត​ម្រ​ង់​សកម្មភាព​របស់​គ្រប់​តួអង្គ​ទាំងអស់​ក្នុង​គោលដៅ​បន្ត​និង​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន សម្រាប់​រយៈពេល​មធ្យម​និង​វែង​ទៅមុខ តាមរយៈ​ការកែទម្រង់​មុត​ស្រួច សំដៅ​បន្ត​លើកស្ទួយ​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​សាធារណៈ និង​សក្តិ​សិទ្ធ​ភាព​នៃ​ការគ្រប់គ្រង​ធនធាន​សរុប​របស់​ជាតិ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​សង្ខេប​អំពី​សាវតា​ នៃ​ការកកើតឡើង​នៃ​យុទ្ធ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ជារួម​យុទ្ធសាស្ត្រ​ចតុកោណ​ទាំងបី​ដំណាក់កាល​បាន​បំពេញ​នូវ​តួនាទី​យ៉ាង​ល្អប្រសើរ​ជា​របៀបវារៈ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ឆ្លងកាត់​ដំណាក់កាល​ទាំងបី​ជា​បន្តបន្ទាប់​បានផ្ដល់​ផល​ជាការ​ផ្លាស់ប្ដូរ​ស៊ីជម្រៅ​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​ទាំង​ខាង​សម្ភារៈ​និង​ស្មារតី តាមរយៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ការ​បង្កើត​ការងារ​ជូន​ប្រជាជន ការធានា​សមធម៌​សង្គម ការពង្រឹង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ និង​ការ​នាំ​កម្ពុជា​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​ចំណូល​ទាប ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ។ សម្រាប់​រយៈពេល​មធ្យម​ខាងមុខ ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​នឹង​ឈានដល់​ដំណាក់កាល​ប្រែប្រួល​ថ្មី​មួយទៀត​ដែល​ជា​អន្តរកាល​ទៅ​សម្រេច​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។

កិច្ចការ​នេះ ទាមទារ​នូវ​ការ​យកចិត្តទុកដាក់​ចំពោះ​ការពង្រឹង​ឡើង​នូវ​ស្ថាប័ន​សាធារណៈ​ដែលជា​រចនា​សម្ព័ន្ធ​ នៃ​យន្តការ​សំណុំ​វិធានការ​នៃ​ច្បាប់​និង​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ។

ធនធានមនុស្ស មធ្យោបាយ និង ធនធាន​ហិរញ្ញវត្ថុ ដែល​កំណត់​នូវ​ទស្សនៈ​គោលការណ៍​ធំៗ​និង​ឥរិយាបថ​ក្នុងការ​បំពេញ​មុខងារ ទាំង​ក្នុង​នយោបាយ សេដ្ឋកិច្ច និង សង្គម ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដែល​មាន​ធម្មនុញ្ញភាព​ពេញលេញ ដើម្បី​ដំណើរការ​អភិវឌ្ឍ​ទៅ​មុខ​ទៀត ដោយ​បន្ត​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជំរុញ​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម បង្កើត​ការងារ​ប្រកបដោយ​គុណភាព សម្រាប់​យុវជន ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព​ចំពោះ​ក្តី​រំពឹង​ទុក​របស់​ប្រជាជន។ ជាពិសេស​ដោះស្រាយ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ដែល​ចេះតែ​កើន​ឡើងជា​លំដាប់ រួមបញ្ចូល​នូវ​ការ​ទទួលបាន​សេវាសាធារណៈ​សំខាន់ៗ ប្រកបដោយ​គុណភាព ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សេវា​អប់រំ សេវា​សុខាភិបាល និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេងទៀត ធានា​នូវ​សន្តិសុខ​សង្គម និង​សុខមាលភាព​របស់​ប្រជាជន​ទូទៅ​ធានា​សុវត្ថិភាព​ចំណូល ពិសេស​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ ធានា​តុល្យភាព​និង​កាត់បន្ថយ​គម្លាត​នៃ​ការ​រីកចម្រើន​រវាង​ទីក្រុង និង ជនបទ រក្សា​ភាព​បត់បែន និង​តាម​ឲ្យ​ទាន់សភាពការណ៍​ប្រែប្រួល​ក្នុង​តំបន់​និង​ពិភពលោក ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​និង​ឌីជីថល​រូបនីយកម្ម ជាពិសេស​ក្នុង​បរិយាកាស​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​លើកកម្ពស់​ប្រសិទ្ធភាព​ការពារ និង អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ ប្រព័ន្ធ​អេ​កួ​ឡូ​ស៊ី តំបន់ជីវៈ​ចំរុះ ព្រៃឈើ និង ជម្រក​សត្វព្រៃ ព្រមទាំង​ការ​សម្រប​ខ្លួន​ទៅ​និង​ការប្រែប្រួល​អាកាសធាតុ។

សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​អំពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​បាន​អនុវត្ត​ន៍​បី​ដំណាក់កាល​មកហើយ​នោះ ។ សម្តេច​បាន​លើកឡើងថា យោងតាម​បទពិសោធន៍​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ បី​ដំណាក់កាល​កន្លងមក រាជរដ្ឋាភិបាល​អាចធ្វើ​ការវាយតម្លៃ​បាន​ត្រឹមត្រូវ​ពី​ភាពខ្លាំង​និង​ភាព​ខ្សោយ​ក៏ដូចជា​បញ្ហា​ប្រឈម​និង​កាលានុវត្តភាព​។​ចំណុចខ្លាំង​នៃ​យុទ្ធសាស្ត្រ​ចតុកោណ គឺ​ការផ្ដល់​ក្របខណ្ឌ​គោលនយោបាយ​ប្រទាក់ក្រឡា​គ្នា​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​សុគត​ភាព ព្រមទាំង​គ្របដណ្ដប់​លើ​វិស័យ​សំខាន់ៗ សម្រាប់​ការចូលរួម​គាំទ្រ អនុវត្ត​ពី​គ្រប់​ក្រសួង ស្ថាប័ន របស់​រាជរដ្ឋាភិបាល ដែលជា​មូលដ្ឋាន​យ៉ាងសំខាន់​សម្រាប់​ការវិភាជន៍​ធនធាន​ឆ្ពោះទៅ​អតិ​ភាព​គោលនយោបាយ និង ជា​ក្របខណ្ឌ​មួយ​ដ៏​ល្អ សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​ផង​។​ យ៉ាងណាមិញ ចំណុចខ្សោយ​នៅក្នុង​នេះ​គឺ​បញ្ហា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ដែល​ពាក់ព័ន្ធ​ជាសំខាន់​ទៅនឹង​សមត្ថភាព​ស្ថាប័ន និង​ប្រសិទ្ធភាព​នៃ​ការ​សម្របសម្រួល​របស់​ក្រសួង​ស្ថាប័ន​នៅក្នុង​ការ​ដាក់ចេញ​និង​អនុវត្ត​នូវ​វិធានការ​គោលនយោបាយ​ជាក់ស្តែង មួយវិញទៀត​សកម្មភាព​អនុវត្ត​ប្រចាំថ្ងៃ​ក៏​នៅ​មាន​គម្លាត​មិនទាន់​មាន​ការ​ផ្សារភ្ជាប់​ល្អ​ទៅ​នឹង​គោលបំណង និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​របស់​ក្រសួង​ស្ថាប័ន​។

ក្នុង​ន័យ​នេះ ភាព​ចាំ​បាច់​នៃ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ទៅមុខទៀត​ ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​ទិដ្ឋភាព​សំខាន់ៗ​ដូចខាងក្រោម​៖

ទី​១-​ភាព​ចំ​បាច់​ក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​នូវ​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​នីតិកាល​ទី​៥ កន្លងមក ក៏ដូចជា​ការបញ្ចប់​កិច្ច​ការដែល​សេសសល់​នៅក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ចតុកោណ​ទាំងបី​ដំណាក់កាល​មុន តាមរយៈ​ការបន្ត​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង សណ្តាប់​ធ្នាប់​សង្គម ការលើកស្ទួយ​នីតិរដ្ឋ សិទ្ធិ​សេរីភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអនុវត្ត​វិធានការ​ជាក់ស្តែង​នានា សំដៅ​លើកកម្ពស់​កំរិត​ជីវភាព និង​សុខមាលភាព​របស់​ប្រជាជន ជាពិសេស​កាស​ដោះស្រាយ​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​និង​យុ​ត្តិ​ធម៌​សង្គម ​ព្រមទាំង​ការពង្រឹង​សេវាសាធារណ គ្រប់​ប្រភេទ។

ទី​២-​ភាពចាំបាច់​ក្នុង​ការ​ស្វែងរក​ប្រភព​ថ្មី​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ប្រកបដោយ​ចីរភាព ដែល​ទាញ​យក​ប្រយោជន៍​ពី​កាលា​នុ​វត្ត​ភាព​ក្នុង​តំបន់ បង្កើន​តម្លៃបន្ថែម​ក្នុង​តំបន់​វិស័យ​ជន្ទល់​សេដ្ឋកិច្ច ដែល​មាន​ស្រាប់ និង អនុវិស័យ​ពាក់ព័ន្ធ ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម រៀបចំខ្លួន​សម្រាប់​ការ​ឈោង​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​យុគ្គសម័យ​ឌីជីថល សេដ្ឋកិច្ច digital នឹង​ឈោង​ចាប់យក​ឱកាស ក៏ដូចជា​ជំនះ​ផលវិបាក​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ព្រមទាំង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​គោលដៅ​ឆ្លើយតប​និង​ដោះស្រាយ​នូវ​កង្វល់ និង​សំណូមពរ​ថ្មី​របស់​ប្រជាជន​កម្ពុជា​នៅក្នុង​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ និង គោលដៅ​បំរើ​ឲ្យ​បេសកកម្ម​នៃ​ការដឹកនាំ​ឆ្ពោះទៅ​សម្រេច​បានជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​និង​វិស័យ​អាទិភាព​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​រាជរដ្ឋាភិបាល​បានកំណត់​យក​គោលដៅ​យុទ្ធសាស្ត្រ ៤ និង វិស័យ​អាទិភាព ៤ ជាការ​ប្ដេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​បន្ត​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ នេះ​។​

គោលដៅ​យុទ្ធសាស្ត្រ​ទាំង ៤ នោះ​រួមមាន ៖ ទី​១-​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧ ភាគរយ ប្រកបដោយ​ចីរភាព​និង​ធន់​នឹង​វិបត្តិ តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មីៗ​ដោយ​ទូលំទូលាយ​និង​ភាព​ប្រកួតប្រជែង​ជាមួយនឹង​ការ​ថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​ការគ្រប់គ្រង​អតិផរណា​ឲ្យ​នៅ​ទាប ការធានា​ស្ថេរភាព​អត្រា​ប្ដូរប្រាក់ និង​ការ​ខិតខំ​បង្កើន​ទុនបម្រុង​ជាប្រចាំ និង​ការគ្រប់គ្រង​បំណុល​សាធារណៈ​ដោយ​គត់​ម៉ត់​។

ទី​២-​ការបង្កើត​ការងារ​ឲ្យ​បាន​កាន់តែច្រើន​ទាំង​បរិមាណ​និង​គុណភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​សម្រាប់​ស្រទាប់​យុវជន តាមរយៈ​ការផ្ដល់​ជំនាញ​ព័ត៌មាន​ទីផ្សារការងារ ការ​កែលម្អ​លក្ខខណ្ឌ​ការងារ ការលើកកម្ពស់​សកម្ម​ភាព​ធុរកិច្ច និង​ការជំរុញ​ការវិនិយោគ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស។

ទី​៣-​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​ស្ថិតនៅក្នុង​អាត្រា​ទាប​ជាង​១០ ភាគរយ​។ ការពារ​មិន​ឲ្យ​ភាពក្រីក្រ​វិលត្រឡប់​មក​វិញ ដោយ​ផ្តោតលើ​ការលើកកម្ពស់ ការចូលរួម​ក្នុង​យន្តការ​ទីផ្សារ ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ការកាត់បន្ថយ​បន្ទុក​ជីវភាព​រស់នៅ និង ការផ្តល់​សេវាសាធារណ​ប្រកបដោយ​គុណភាព និង​ការកាត់បន្ថយ​គម្លាត​សង្គម។

ទី​៤-​ការបន្ត​ពង្រឹងសមត្ថភាព​និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​និង​សក្តិ​សិទ្ធ​ភាព​នៃ​សេវាសាធារណៈ​សំដៅ​បម្រើប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ក៏ដូចជា​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​និង​បរិស្ថាន​អំណោយផល​។​

​ចំណែក​វិស័យ​អាទិភាព​ទាំង​៤ សម្តេច​តេ​ជោ​បានធ្វើការ​បញ្ជាក់ថា ក្នុង​នីតិកាល​កន្លងមក​រដ្ឋា​ភិ​បាល​បានកំណត់​យក​អាទិភាព​ចំនួន ៤ គឺ ផ្លូវ ទឹក ភ្លើង និង មនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ដែល​លំដាប់​នោះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅតាម​ដំណាក់កាល​នីមួយៗ​នៃ​ការអភិវឌ្ឍ​ប្រទេស។

ក្នុងដំណាក់កាល​ពី​ខាងដើម​យុទ្ធសាស្ត្រ​ចតុកោណ​បាន​ផ្ដោត​អាទិភាព​ទី​១ ទៅលើ​ផ្លូវ ហើយ​ទឹក ភ្លើង​និង​មនុស្ស​ជា​អា​ទី​ភាព​បន្តបន្ទាប់ ។ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ មនុស្ស​បានក្លាយ​ជាអាទិ​ភាព​ទី​១ វិញ ហើយ ផ្លូវ ទឹក ភ្លើង បាន​ក្លាយជា​អទិភាព​បន្តបន្ទាប់ ។ សម្រាប់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នឹង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព ៤ នេះ​ដដែល ដោយ​តម្កល់​មនុស្ស​ជា​អតិ​ភាព​នៅលើ​ទេ​។

សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​ផងដែរ​ថា រចនាសម្ព័ន្ធ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៅតែ​រក្សា​ជារួម​នូវ​សមាសភាព​និង​រចនាសម្ព័ន្ធ​ដើម​របស់ខ្លួន​ដដែល​ពោលគឺ​៖
​ក​-​ស្នូល​នៃ​យុទ្ធសាស្ត្រ គឺ​ការ​បង្កើនល្បឿន​នៃ​ការកែទម្រង់​អភិបាលកិច្ច​។
​ខ​-​បរិស្ថាន​គ្របដណ្តប់​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំងមូល ។​
​គ​-​យុទ្ធសាស្ត្រ​ទាំង ៤ ដែល​រួមមាន ១-​ការអភិវឌ្ឍ​ធនធានមនុស្ស ,២-​ការធ្វើ​ពិពិត​កម្ម​សេដ្ឋកិច្ច ,៣-​ការអភិវឌ្ឍ​វិស័យ​ឯកជន​និង​ការងារ​,៤-​ការអភិវឌ្ឍ​ប្រកបដោយ​ចេរភាព​និង​បរិ​យា​ប័ន ។
​ឃ​-​មុំ​យុទ្ធសាស្ត្រ​ចតុកោណ​នីមួយៗ គ្រាន់តែ​ធ្វើការ​កែសម្រួល​ទៅតាម​ការដ្ឋាន​និង​មុំ​មួយចំនួន​នៃ​យុទ្ធសាស្ត្រ​នេះ និង​បាន​បញ្ចូល​នូវ​ចំណុច​អាទិភាព​ថ្មី​មួយចំនួន​ដែល​បាន​សំរិតសំរាំង និង​សម្រួច​សកម្មភាព​មួយចំនួន​បន្ថែមទៀត​ដើម្បី​ឲ្យ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នូវ បរិ​កា​ថ្មីៗ​របស់​កម្ពុជា។

ខ្លឹមសារ​សង្ខេបនៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ លើ​មូលដ្ឋាន​នៃ​រចនាសម្ព័ន្ធ​ខាងលើ គ្រប់ផ្នែក​គឺមាន​ភាព​ប្រហាក់ប្រហែលគ្នា​ទៅ​និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ផងដែរ៕